40 C
Phnom Penh

ជនជាតិកុងហ្គោ​បីនាក់​ចោទ​​ប្រកាន់​ពីបទ​ក្លែង​បន្លំ​​ឯកសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមមន្ត្រីតុលាការនិងនគរបាលឲ្យដឹងថា បុរសជនជាតិកុងហ្គោបីនាក់ត្រូវចោទប្រកាន់ពីបទក្លែងបន្លំឯកសារក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ បន្ទាប់ពីធ្វើលិខិតឆ្លងដែនក្លែងក្លាយ ហើយប៉ុនប៉ងប្រើលិខិតទាំងនោះ ដើម្បីបើកគណនីធនាគារក្នុងគោលបំណងលាងលុយ។

លោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោក អែមមានូអែល ង៉ូមា ង៉ូមា កូកូ (Emmanuel Ngoma Ngoma Coco) ត្រូវចាប់ខ្លួនកាលពីរសៀលថ្ងៃពុធបន្ទាប់ពីប៉ុនប៉ងបើកគណនីធនាគារនៅឯសាខាធនាគារស្ថាបនាក្នុងក្រុងដោយមិនបានសម្រេច។

ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មរូបនេះបាននិយាយថា “យើងបានចាប់ខ្លួនលោក កូកូ ពីព្រោះគាត់ទៅម្នាក់ឯង ដោយមានលិខិតឆ្លងដែនបីមានសញ្ជាតិផ្សេងៗគ្នា…បារាំង ស៊ីលី និងព័រទុយហ្គាល់។ នេះជាហេតុដែលធនាគារបានគិតថា មានភាពមិនប្រក្រតី”។

ឧត្តមសនីយ៍ឯក សុខឃី បាននិយាយថា សាកសួរនៅឯនាយកដ្ឋានប្រឆាំងភេរវកម្មក្រោយមក លោក កូកូ បានប្រាប់អ្នកស៊ើបអង្កេតថា មិត្តរបស់គាត់គឺឈ្មោះ ជូនៀ ប៊ិន មុងហ្គូមបា  (Junior Bin Mungomba ) និងមេសិយាតេឌីកេ ជូនៀ (Mesiya Tedike Junior) បានធ្វើលិខិតឆ្លងដែនក្លែងក្លាយនៅភ្នំពេញ។លោកបាននិយាយបន្ថែមថា នគរបាលបានចាប់ខ្លួនអ្នកទាំងពីរកាលពីថ្ងៃព្រហស្បតិ៍។

លោកបាននិយាយថា បុរសទាំងបីនាក់មានវ័យពី៣០ឆ្នាំ ទៅ៤០ឆ្នាំ ហើយកាលពីខែកន្លងមកបានព្យាយាមបើកគណនីធនាគារជាច្រើន ដោយមានលិខិតឆ្លងដែនមានឈ្មោះក្លែងបន្លំនិងរូបថតដូចៗគ្នា ដែលទំនងជាមានបំណងបញ្ចូនលុយកខ្វក់មកក្នុងប្រទេសនេះ។

លោក សុខឃី បានមានប្រសាសន៍ថា “ពួកគេបានព្យាយាមធ្វើបែបនេះជាមួយធនាគារជាច្រើន ប៉ុន្តែមានតែស្ថាបនាប៉ុណ្ណោះបានរាយការណ៍ នៅពេលដែលគេបានដឹងតាមរយៈប្រព័ន្ធរបស់គថា ឯកសារគឺក្លែងក្លាយ”។

បុគ្គលិកធនាគារមួយរូបនៅឯការិយាល័យកណ្តាលរបស់ស្ថាបនា ដែលបដិសេធមិនប្រាប់ឈ្មោះបាននិយាយថា លោក កូកូ បានព្យាយាមប្រើលិខិតឆ្លងដែនក្លែងក្លាយនៅតាមសាខាបីបួនកន្លែងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

បុគ្គលិកធនាគាររូបនេះបាននិយាយថា “យើងសង្ស័យគាត់ ព្រោះប្រព័ន្ធរបស់យើងដែលពិនិត្យឈ្មោះនិងលេខលិខិតឆ្លងដែននិយាយថា វាមិនពិត អ៊ីចឹងយើងក៏រាយការណ៍ទៅក្រសួងមហាផ្ទៃភ្លាមដែរ។ លិខិតឆ្លងដែនទាំងបីមានមុខដូចគ្នា ប៉ុន្តែព័ត៌មានទាំងអស់ខុសគ្នា។ តើឲ្យយើងបើកគណនីធនាគារឲ្យគាត់ម៉េចកើត?”

យោងតាមលោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារនៅឯតុលាការក្រុងភ្នំពេញកាលពីល្ងាចថ្ងៃសុក្រ ហើយបន្ទាប់មកបញ្ជូនទៅពន្ធនាគារព្រៃសដោយរង់ចាំសវនាការ។ លោកបានបដិសេធមិនអត្ថាធិប្បាយបន្តទេ៕រើន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស