40 C
Phnom Penh

បក្ស​​សង្គ្រោះ​ជាតិ​​នៅ​តែ​​ប្រឈម​​​​​​​​នឹង​គ្រោះ​ថ្នាក់​ ក្រោយពី​​លោក សម រង្ស៊ី លាលែង​​ពី​តំណែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ឥស្សរជនយូរមកហើយនៃចលនាប្រជាធិបតេយ្យដែលជួបបញ្ហាយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា បានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសៅរ៍ ស្របពេលរដ្ឋាភិបាលគំរាមកំហែងថា នឹងរម្លាយគណបក្សនេះទាំងមូលដោយសារលោកមានទោសព្រហ្មទណ្ឌ។

បណ្ដាអ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយបានលើកឡើងថា ការលាលែងពីតំណែងនេះប្រហែលជាមិនប៉ះពាល់ដល់ការគាំទ្ររបស់គណបក្សសង្គ្រោះជាតិខ្លាំងឡើយនៅក្នុងការបោះឆ្នោត ប្រសិនបើគណបក្សនេះធ្វើបែបនេះរយៈពេលវែង។ អ្នកទាំងនោះបានព្រមានថា ការគាបសង្កត់ដែលរដ្ឋាភិបាលដាក់ទៅលើលោក សម រង្ស៊ី អាចនឹងងាយធ្លាក់ទៅលើអ្នកដែលជំនួសតំណែងរបស់លោក។ នៅពេលនេះ អ្នកដែលទំនងជាជំនួសតំណែងរបស់លោក គឺលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលប្រឈមបញ្ហាផ្លូវច្បាប់ផ្ទាល់ខ្លួនដែរ។

នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក កឹម សុខា ត្រូវបានប្រកាសថាជាប្រធានស្ដីទីគណបក្ស ក្រោយលោក សម រង្ស៊ី លាលែងពីតំណែងកាលពីថ្ងៃសៅរ៍។ រូបថតៈ Emil Kastrup/ Cambodia Daily
នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក កឹម សុខា ត្រូវបានប្រកាសថាជាប្រធានស្ដីទីគណបក្ស ក្រោយលោក សម រង្ស៊ី លាលែងពីតំណែងកាលពីថ្ងៃសៅរ៍។ រូបថតៈ Emil Kastrup/ Cambodia Daily

លោក សម រង្ស៊ី ដែលបានស្នាក់នៅបរទេសចាប់តាំងពីទោសបទបរិហារកេរ្តិ៍ប្រឆាំងរូបលោកត្រូវបានយកមកអនុវត្តឡើងវិញនៅឆ្នាំ២០១៥នោះ បានប្រកាសពីការលាលែងរបស់លោកតាមរយៈលិខិតលាលែងមួយច្បាប់បង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក ដែលមានប្រសិទ្ធភាពភ្លាមៗ។

លិខិតខ្លីនោះគ្រាន់តែបញ្ជាក់ថា លោកលាលែងពីតំណែងដោយសារ ”មូលហេតុផ្ទាល់ខ្លួន” និង “ដើម្បីគណបក្ស”។

ការលាលែងនេះកើតមានឡើងក្រោយការគំរាមកំហែងមិនធ្លាប់មានពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូប្រជែងយូរមកហើយរបស់លោកថានឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដើម្បីរម្លាយគណបក្សណាដែលដឹកនាំដោយទណ្ឌិតមានពិរុទ្ធ។

លោកនាយករដ្ឋមន្ត្រីបានបង្ហាញយ៉ាងច្បាស់ថា លោកមានបំណងបាញ់ឆ្ពោះទៅរកគណបក្សសង្គ្រោះជាតិ។ ជាមួយនឹងសំឡេងភាគច្រើនធម្មតារបស់ខ្លួននៅក្នុងរដ្ឋសភា គណបក្សប្រជាជនកម្ពុជានឹងគ្មានបញ្ហាឡើយនៅក្នុងការធ្វើតាមការគំរាមកំហែងនោះ ហើយបានប្ដេជ្ញាធ្វើបែបនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅក្នុងវីដេអូថ្មីមួយដែលលោក សម រង្ស៊ី បានបង្ហោះតាមបណ្ដាញអុីនធឺណិតកាលពីម្សិលមិញ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការគំរាមរម្លាយគណបក្សសង្គ្រោះជាតិ ជាហេតុធ្វើឱ្យលោកសម្រេចចិត្តលាលែងពីតំណែង។

ថ្លែងមកកាន់សហការីរបស់លោកនៅរាជធានីភ្នំពេញតាមរយៈប្រព័ន្ធ Skype លោកបានមានប្រសាសន៍ថា “គេមានបំណងរម្លាយគណបក្សយើង ហើយបើគណបក្សយើងរលាយ យើងអត់បានចូលរួមក្នុងការបោះឆ្នោត ហើយអាការបោះឆ្នោតហ្នឹងវាអត់មានន័យតែម្ដង ប៉ុន្តែយើងក៏បាត់បង់ឱកាសជាប្រវត្តិសាស្ត្រដើម្បីនាំមកនូវការផ្លាស់ប្ដូរ ដែលប្រជារាស្ត្រខ្មែរចង់បាន”។

នៅក្នុងនោះលោកក៏បានលើកឡើងដែរថា “យើងត្រូវតែហា៊នលះបង់ទាំងអស់ដើម្បីឆ្ពោះទៅគោលដៅរបស់យើង។ យើងចង់បានអី? យើងចង់បានការបោះឆ្នោត ដោយសារយើងចង់បានការផ្លាស់ប្ដូរ ផ្លាស់ប្ដូរតាមរយៈការបោះឆ្នោត”។

បន្ទាប់ពីការជួបប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្ដាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ គណបក្សបានបញ្ជាក់ថា លោក កឹម សុខា ដែលទើបតែត្រឡប់មកពីតាមខេត្តដើម្បីចូលរួមការប្រជុំនេះ នឹងនៅតែជាប្រធានស្ដីទីដើម្បីដឹកនាំគណបក្សរហូតដល់មានការជ្រើសរើសប្រធានគណបក្សថ្មីនៅក្នុងសមាជបក្សលើកក្រោយ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះបានលើកឡើងថា សមាជនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ គឺទាន់ពេលសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា។

Fresh News ជាគេហទំព័រព័ត៌មានដ៏ពេញនិយមដែលជាញឹកញាប់ធ្វើជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចុះផ្សាយលិខិតមួយច្បាប់ដែលគេអះអាងថា ជាលិខិតរបស់លោក សម រង្ស៊ី ដែលស្នើឱ្យតែងតាំងលោកស្រី ជូឡុង សូមួរ៉ា តំណាងរាស្ត្រគណបក្សប្រឆាំងជាយូរមកហើយ និងត្រូវជាភរិយារបស់លោក ដើម្បីជំនួសតំណែងលោក។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា នោះជាលិខិតក្លែងក្លាយ។

លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតបានមានប្រសាសន៍ថា មួយចំនួនធំនៃការគាំទ្ររបស់គណបក្សប្រឆាំងមានទំនាក់ទំនងផ្ទាល់ទៅនឹងលោក សម រង្ស៊ី។ ប៉ុន្តែលោកថ្លែងថា ការគំាទ្រនោះនឹងនៅតែស្ថិតនៅជាមួយគណបក្សសង្គ្រោះជាតិលុះត្រាតែលោក សម រង្ស៊ី មិនងាកមកប្រឆាំងគណបក្សនេះ ដែលទំនងជាមិនអាចកើតឡើង។

លោកបានបញ្ចេញទស្សនៈដូច្នេះថា “លោក សម រង្ស៊ី ពិតជាមានអ្នកគាំទ្រប្ដូរផ្ដាច់យ៉ាងច្រើន។ ក្នុងឋានៈជាឥស្សរជនគណបក្សប្រឆាំងពិតប្រាកដទី១នៅក្នុងប្រទេសចាប់តំាងពីសម័យអ៊ុនតាក់ [បេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលបាននាំមកនូវការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជាក្នុងឆ្នាំ១៩៩៣] មក ខ្ញុំយល់ថា គាត់គឺជាគូប្រជែងសំខាន់តែម្នាក់គត់សម្រាប់លោក ហ៊ុន សែន ហើយគាត់នឹងនៅតែជាគូប្រជែងដ៏សំខាន់។ អ្វីដែលគួរឱ្យព្រួយបារម្ភគឺការផ្ដួលលោក ហ៊ុន សែន ខាងនយោបាយដែលគាត់និងភាគច្រើននៃអ្នកគាំទ្រសំខាន់ៗរបស់គាត់ចង់បាន។ ខ្ញុំយល់ថា គាត់នៅតែមានឥទ្ធិពលខ្លាំង។ ខ្ញុំយល់ថា ការលាលែងនេះនឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើលទ្ធផលបោះឆ្នោត ព្រោះគាត់នៅតែជាឥស្សរជនដ៏សំខាន់របស់គណបក្សសង្គ្រោះជាតិ ថ្វីបើជាផ្លូវការលោកលែងជាផ្នែកមួយនៃគណបក្សនេះក្ដី”។

មជ្ឈដ្ឋានជាច្រើនបានចាត់ទុកសំណើធ្វើវិសោធនកម្មនេះថា ជាការប៉ុងប៉ងចុងក្រោយរបស់លោក ហ៊ុន សែន ដើម្បីសាកល្បងសាមគ្គីភាពរបស់គណបក្សសង្គ្រោះជាតិដែលបានកើតចេញពីការច្របាច់បញ្ចូលគ្នាក្នុងឆ្នាំ២០១២ រវាងគណបក្សប្រឆាំងដាច់ដោយឡែកពីរ គឺគណបក្សរបស់លោក សម រង្ស៊ី និងគណបក្សរបស់លោក កឹម សុខា។

រូបលោក សម រង្ស៊ី ចាំងលើកញ្ចក់ទ្វារនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ជាទីដែលលោក កឹម សុខា ត្រូវបានប្រកាសថាជាប្រធានស្ដីទីគណបក្ស ក្រោយលោក សម រង្ស៊ី លាលែងពីតំណែងកាលពីថ្ងៃសៅរ៍។ រូបថតៈ  Omar Havana / Cambodia Daily
រូបលោក សម រង្ស៊ី ចាំងលើកញ្ចក់ទ្វារនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ជាទីដែលលោក កឹម សុខា ត្រូវបានប្រកាសថាជាប្រធានស្ដីទីគណបក្ស ក្រោយលោក សម រង្ស៊ី លាលែងពីតំណែងកាលពីថ្ងៃសៅរ៍។ រូបថតៈ Omar Havana / Cambodia Daily

លោក អ៊ូ វីរៈ មានប្រសាសន៍ថា គណបក្សនេះទំនងជារួបរួមគ្នាយ៉ាងរឹងមាំក្រោយការលាលែងរបស់លោក សម រង្ស៊ី ដោយលោក កឹម សុខា ទទួលតំណែងជាប្រធានបក្ស ហើយចុងក្រោយអ្នកដែលស្មោះត្រង់នឹងលោក សម រង្ស៊ី នឹងជំនួសតំណែងរបស់លោកជាអនុប្រធានបក្ស។ លោកបានបន្តថា ខណៈលោក សម រង្ស៊ី មិនបានដឹកនាំគណបក្សសង្គ្រោះជាតិដោយពិតប្រាកដរយៈពេលវែង គណបក្សនេះនឹងនៅតែសុំការសម្រេចពីលោកសម្រាប់ការធ្វើសេចក្ដីសម្រេចសំខាន់ៗ។ ទោះបីជាបែបនេះក្ដី ក៏លោក អ៊ូ វីរៈ បានលើកឡើងថា ការលាលែងនេះនៅតែជាជ័យជម្នះដ៏ល្អសម្រាប់លោក ហ៊ុន សែន ពីព្រោះគណបក្សសង្គ្រោះជាតិនឹងពិបាកពន្យល់ពីការផ្លាស់ប្ដូរនេះទៅដល់អ្នកគាំទ្ររបស់ខ្លួន ដែលធ្វើយ៉ាងណាកុំឱ្យរារាំងអ្នកគាំទ្រមួយចំនួនមិនឱ្យទៅបោះឆ្នោត។

លោកបានមានប្រសាសន៍ថា “បញ្ហាគឺការពន្យល់ទៅដល់អ្នកគាំទ្រ ហើយបង្កើតថាមពលចាំបាច់ដែលនឹងបង្កើតនូវកម្លាំងចលករដែលពួកគេត្រូវការ។ ពួកគេត្រូវការបុគ្គលិកលក្ខណៈទាំងនេះ ដើម្បីជំរុញឱ្យយុវជន និងពលករចំណាកស្រុកទៅបោះឆ្នោត។ ចំនួនអ្នកទៅបោះឆ្នោតតិចនឹងចំណេញទៅដល់គណបក្សប្រជាជនកម្ពុជា ពីព្រោះគេមានការរៀបចំរួចជាស្រេចដើម្បីធានាថា អ្នកគាំទ្ររបស់ខ្លួននឹងទៅបោះឆ្នោត”។

លោក លី ម័រហ្គេនបេស័រ (Lee Morgenbesser) អ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Griffith ក្នុងប្រទេសអូស្ត្រាលី ដែលមានជំនាញខាងនយោបាយបោះឆ្នោតនៅតំបន់អាស៊ីអាគ្នេយ៍បានលើកឡើងថា គេិនទាន់អាចនិយាយបាននៅឡើយទេថា តើគណបក្សសង្គ្រោះជាតិ នឹងទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតដោយរបៀបណា បើគ្មានលោក សម រង្ស៊ី កាន់តួទាទីផ្លូវការនោះ។ លោកបានគូសបញ្ជាក់ថា គណបក្សប្រឆាំងមិនដែលធ្វើបានល្អទេនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ហើយថា ការសាកល្បងពិតប្រាកដនេះ នឹងកើតមានទៀតអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជាស្ទើរតែចាញ់គណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៣។

លោក លី ម័រហ្គេនបេស័រ បានលើកឡើងទៀតថា លោកជឿថា អ្នកគាំទ្រ គាំទ្រគណបក្សប្រឆាំងដោយសារចិត្តចង់បានលទ្ធិប្រជាធិបតេយ្យច្រើនជាងការការស្មោះស្ម័គ្រចំពោះលោក សម រង្ស៊ី ដែលពេលមួយ ទាក់ទាញបានស្មារតីនេះនោះ។ លោកបានមានប្រសាសន៍ថា ឥឡូវនេះ “គណបក្សសង្គ្រោះជាតិ និងជាពិសេសលោក កឹម សុខា ត្រូវតែប្រើប្រាស់សារនៃប្រជាធិបតេយ្យូបនីយកម្មនេះដើម្បីធ្វើយ៉ាងណាកុំឲ្យមានការបាត់បង់ការគាំទ្រដែលអាចកើតមានឡើងចំពោះគណបក្សប្រឆាំង”។

លោក និងលោក អ៊ូ វីរៈ បានឯកភាពគ្នាថា ការលាលែងពីតំណែងនេះអាចថា ជាអត្ថប្រយោជន៍សម្រាប់គណបក្សសង្គ្រោះជាតិក៏ថាបាន បើលោក សម រង្ស៊ី ផ្អាកការងារជាប្រចាំបណ្តោះអាសន្ន ហើយទុកពេលឲ្យមានការកំណត់ឋានានុក្រមឲ្យកាន់តែច្បាស់លាស់នៅក្នុងគណបក្ស។

លោក ឆាំ ប៊ុនថេត ជាទីប្រឹក្សា និងជាអ្នកវិភាគនយោបាយមានទុទិដ្ឋិនិយមអំពីអនាគតរបស់គណបក្សសង្គ្រោះជាតិ។ លោកបានលើកឡើងថា អ្នកគាំទ្រតាមមូលដ្ឋានយ៉ាងច្រើនរបស់លោក សម រង្ស៊ី មិនគាំទ្រលោក កឹម សុខា ទេ ហើយថា គណបក្សសង្គ្រោះជាតិនឹងមានការលំបាកក្នុងការបញ្ចុះបញ្ចូលអ្នកគាំទ្រទាំងអស់នេះឲ្យនៅតែគាំទ្រខ្លួន អំឡុងពេលបោះឆ្នោត។

លោកបានមានប្រសាសន៍ថា “ទោះបីជាមានពេលគ្រប់គ្រាន់ក៏ដោយ តែជំនួសឲ្យការអប់រំអ្នកបោះឆ្នោត ពួកគេនឹងចំណាយពេលវេលាច្រើនក្នុងការទប់ទល់នឹងការវាយប្រហារពីគណបក្សប្រជាជនកម្ពុជាវិញ”។លោកបានបន្ថែមថា ការរួបរួមសាមគ្គីដែលគណបក្សនេះអះអាងថាខ្លួនមាននោះ បានប្រេះស្រាំភ្លាមៗតាមបណ្តាខេត្ត ដែលការប្រកួតប្រជែងដើម្បីតំណែងក្រុមប្រឹក្សាឃុំសង្កាត់នៅតែមានភាពខ្លាំងក្លា។

អ្វីដែលអ្នកវិភាគសុទ្ធតែឯកភាពគ្នានោះគឺថា ការលាលែងពីតំណែងរបស់លោក សម រង្ស៊ី ប្រហែលគ្រាន់តែជាការគេចពីស្ថានភាពអាក្រក់មួយរយៈពេលខ្លីសម្រាប់គណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។

លោក លី ម័រហ្គេនបេស័រ  បានថ្លែងថា “ខ្ញុំគិតថា ការលាលែងរបស់លោក សម រង្ស៊ី បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាភ្ញាក់ផ្អើល មានន័យថា ឥឡូវនេះ ពួកគេត្រូវតែប្តូរយុទ្ធសាស្ត្រទប់ទល់ទៅតាមហ្នឹងដែរ។ នេះជាដំណឹងអាក្រក់សម្រាប់លោក កឹម សុខា”។

នៅក្នុងអ្វីដែលមជ្ឈដ្ឋានជាច្រើនមើលឃើញថា ដូចករណីមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយមួយផ្សេងទៀតនោះ អង្គភាពប្រឆាំងអំពើពុករលួយកំពុងតែបើកការសើុបអង្កេតលើលោក កឹម សុខា ពាក់ព័ន្ធអំពើពុករលួយទាក់ទិននឹងខ្សែអាត់សំឡេងបែកធ្លាយដែលតាមការអះអាងគេបានឮលោកបានសន្យាទិញផ្ទះឲ្យស្រីកំណាន់ម្នាក់។

លោក កឹម សុខា មិនបានបញ្ជាក់ ឬបដិសេធថា បុរសនៅក្នុងខ្សែអាត់សំឡេងនោះគឺជារូបលោកមែន ឬមិនមែននោះឡើយ ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ ពន្ធនាគាររយៈពេល៥ខែកាលពីឆ្នាំមុនដោយសារមិនបានបង្ហាញខ្លួនក្នុងនាមជាសាក្សីនៅក្នុងសំណុំ រឿងសញ្ចរកម្មរបស់ស្រីកំណាន់រូបនេះ។ ទោះបីទីបំផុតលោក ហ៊ុន សែន បានរៀបចំឲ្យមានការព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា ក៏ដោយ ក៏ការសើុបអង្កេតពាក់ព័ន្ធអំពើពុករលួយនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ។

លោក ឆាំ ប៊ុនថេត បានលើកឡើងទៀតថា អ្វីដែលលោកនាយករដ្ឋមន្ត្រីធ្វើដាក់លោក សម រង្ស៊ី “លោកអាចធ្វើដាក់មនុស្សគ្រប់គ្នា”។ លោកបានបន្ថែមថា “លោក កឹម សុខា ស្ថិតនៅក្រោមការសើុបអង្កេតនៅឡើយ។ លោក [ លោក ហ៊ុន សែន] អាចបញ្ជាឲ្យបើកការសើុបអង្កេតឡើងវិញដោយងាយ ហេតុដូច្នេះការរត់គេចទៅឆ្ងាយមិនអាចដោះស្រាយបញ្ហាបានទេ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សកាន់អំណាចនៅតែបន្តគម្រោងធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ មិនថា លោក សម រង្ស៊ី លាលែងពីតំណែងនោះឡើយ ហើយ សង្ឃឹមថា នឹងដាក់ឲ្យមានការអនុម័តនៅដំណាច់ខែនេះ។

នៅក្នុងអីុម៉េលមួយកាលពីម្សិលមិញ លោក សម រង្ស៊ី បានទទួលស្គាល់ថា គ្រាន់តែលាឈប់ពីតំណែង លោកមិនអាចធានាថា គណបក្សរបស់លោកមិនត្រូវបានគេរម្លាយនោះឡើយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំពិតជា មិនហា៊ននិយាយថា គណបក្សសង្គ្រោះជាតិត្រូវបានសង្គ្រោះដោយគ្រាន់តែខ្ញុំលាឈប់ហើយដើរចេញពីគណបក្សនោះទេ”។ លោកបានបន្ថែមថា “ជាការពិតមានគ្រោះថ្នាក់គ្រប់ជំហានគឺថា នឹងមានការប្រើប្រាស់បរិបទផ្លូវច្បាប់បន្ថែមដើម្បីវាយប្រហារ។ នៅមានអ្នកទោសនយោបាយជាច្រើននៅឡើយនៅ កម្ពុជា”។

លោក សម រង្ស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះឡើយថា តើលោកនៅមានឥទ្ធិពលអ្វីលើគណបក្សរបស់លោក។

ទោះបីជាត្រូវបានរារាំងជាផ្លូវការមិនឲ្យត្រឡប់មកប្រទេសកម្ពុជាវិញក៏ដោយ ក៏លោកសម រង្ស៊ី ប្តេជ្ញានឹងវិលត្រឡប់មកវិញនៅមុនការបោះឆ្នោតឆ្នាំ២០១៨ដែរហើយទោះបីជាលាឈប់ពីតំណែងក៏ដោយលោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា គណបក្សលោកស្រីនឹងនៅតែលើកលោក សម រង្ស៊ី ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីដដែលនៅពេលអនាគតបើគណបក្សលោកស្រីឈ្មះឆ្នោត។

លោកស្រីបានមានប្រសាសន៍ថា “យើងនឹងធ្វើអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យគាត់វិលត្រឡប់មកដឹកនាំប្រទេស។ គាត់មិនទៅឆ្ងាយទេ”៕ សុខុម និងស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឃួន ណារីម អូន ភាព អ៊ូច សូនី និង Colin Meyn)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស