មេដឹកនាំរបបក្រុងភ្នំពេញ លោកហ៊ុន សែន នៅថ្ងៃនេះគំរាមថា លោកនឹងមិនអត់ឱនចំពោះអ្នកដែលប្រមាថអាយុជីវិតរបស់លោកឡើយដោយលោកនឹងត្រៀមប្តឹងទៅជននោះបន្ថែមទៀតដើម្បីរឹបអូសទ្រព្យសម្បត្តិជាថ្នូរនឹងសំណងដែលលោកទាមទារចំនួន២លានដុល្លារសហរដ្ឋអាមេរិក។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅខេត្តកោះកុង នាថ្ងៃនេះ លោកហ៊ុន សែនព្រមានថា លោកបានប្រាប់មេធាវីរបស់លោករួចហើយឲ្យរៀបចំភ័ស្តុងតាងដែលប្រមូលបានលើបណ្តាញសង្គមដើម្បីប្តឹងទៅតុលាការទាក់ទិននឹងការជេរប្រមាថរូបលោកពីសំណាក់អ្នកនយោបាយមួយរូប ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះនោះឡើយ។
ទោះបីជាមិនបានបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែគេដឹងថា លោកហ៊ុន សែនសំដៅទៅដៃគូប្រជែងអំណាចចាស់វស្សារបស់ខ្លួនគឺប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ីតែម្តង។
លោកហ៊ុន សែនអះអាងថា មកដល់ពេលសំណុំរឿងប្តឹងដៃគូប្រជែងផ្នែកនយោបាយរបស់លោកគឺមានចំនួន៣២បណ្តឹងហើយ ហើយមេដឹកនាំរបបនេះ ក៏ត្រៀមខ្លួនដើម្បីប្រមូលភ័ស្តុតាងប្រឆាំងលោកសម រង្ស៊ីដែលបង្ហោះនៅលើបណ្តាញសង្គមបន្ថែមទៀត។
ចំណែកការិយាល័យនាំពាក្យរបស់រដ្ឋាភិបាលបានណែនាំឱ្យត្រៀមកម្លាំងនិងចាត់វិធានការច្បាប់ចំពោះការប្រមាថជីវិតលោកហ៊ុន សែន។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា របបនេះមិនអនុញ្ញាតជាដាច់ខាតនូវអំពើឬ សកម្មភាពញុះញង់ និងប្រមាថអាយុជីវិតលោកហ៊ុន សែនហើយវាជាសកម្មភាពបង្កផលប៉ះពាល់ដល់សន្តិសុខជាតិនិងប្រ ឆាំងជម្រើសរបស់ពលរដ្ឋខ្មែរ ហើយថា អំពើទាំងនោះមិនត្រូវបានទទួលស្គាល់ជាសិទ្ធិនយោបាយឬសេរីភាពក្នុងការបញ្ចេញមតិនោះឡើយ។
សេចក្តីថ្លែងការណ៍ក៏បានណែនាំកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់មានកាតព្វកិច្ចការពារដាច់ខាតតាមផ្លូវកម្លាំង ក៏ដូចជាផ្លូវច្បាប់ជាធរមាន។
ទោះជាយ៉ាងណាក៏ដោយ លោកសម រង្ស៊ីបានប្រាប់សារព័ត៌មាន The Cambodia Dailyថា លោកគ្មានអ្វីភ្ញាក់ផ្អើលទេចំពោះការគំរាមប្តឹងរបស់លោកហ៊ុន សែនដែលចង់រឹបអូសផ្ទះរបស់លោកក្នុងទីក្រុងភ្នំពេញ។
លោកសមរង្ស៊ីអះអាងថា លោកហ៊ុន សែនអាចធ្វើបានទាំងអស់តាមចិត្តដែលលោកចង់ធ្វើ ហើយលោកអាចចាប់មនុស្សណាដាក់គុកក៏បានដែរ។ មេដឹកនាំបក្សប្រឆាំង និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូបនេះ អះអាងថា លោកហ៊ុន សែនគួរចោទប្រកាន់នរណាម្នាក់ឲ្យបានត្រឹមត្រូវពាក់ព័ន្ធនឹងការចោទប្រកាន់អំពីប្រមាថអាយុជីវិតរបស់លោកនេះ។ លោកបន្តថា មានតែលោកហ៊ុន សែនទេ ដែលតែងគំរាមសម្លាប់ក្រុមអ្នកគាំទ្រ និងមេដឹកនាំបក្សប្រឆាំងកន្លងមក ប៉ុន្តែគ្មានច្បាប់ណាហ៊ាននាំខ្លួនលោកហ៊ុន សែន យកទៅកាត់ទោសនោះឡើយ។
កន្លងមក សង្គមស៊ីវិលមើលឃើញថា ការអនុវត្តច្បាប់ចំពោះការជេរប្រមាថ និងគំរាមកំហែងនេះគឺមានស្តង់ដារពីរ ដោយថា ប្រសិនបើរឿងហេតុនោះកើតឡើងទៅមន្ត្រីសង្គមស៊ីវិលអ្នកនយោបាយបក្សប្រឆាំងគឺមិនឃើញសមត្ថកិច្ចចាត់វិធានការឡើយ ប៉ុន្តែបើរឿងហេតុនោះកើតឡើងទៅលោកហ៊ុន សែន ឬ មន្ត្រីបក្សកាន់អំណាច សមត្ថកិច្ចចាត់វិធានការគ្មានបង្អែរបង្អង់ឡើយ ទោះបីជារឿងខ្លះគ្មានភ័ស្តុតាងក៏សមត្ថកិច្ចចាប់ជនសង្ស័យនោះមកឃុំសិនដែរ៕