លោកឧបនាយករដ្ឋមន្ត្រីស ខេង នៅថ្ងៃសុក្រនេះបានព្រមានថា ប្រសិនបើកម្ពុជាលម្អៀងទៅភាគីណាមួយ ដោយប្រាសចាកពីនយោបាយអព្យាក្រឹត្យ កម្ពុជានឹងផុងខ្លួនទៅក្នុងវិបត្តិធ្ងន់ធ្ងរនិងនាំឱ្យកើតមានសង្គ្រាមទៀតផង។
ការថ្លែងរបស់លោកស ខេងធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨លើកទិសដៅការងារឆ្នាំ២០១៩របស់រដ្ឋបាលខេត្តព្រៃវែងកាលពីថ្ងៃម្សិលមិញ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ថា កម្ពុជានៅតែរក្សាភាពអព្យាក្រឹត្យជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសរវាងប្ររទេសមហាអំណាច ពីព្រោះបទពិសោធន៍ប្រវត្តិសាស្រ្តបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើកម្ពុជាលម្អៀងទៅភាគីណាមួយដោយប្រាសចាកនយោបាយអព្យាក្រឹត្យ កម្ពុជានឹងផុងខ្លួនទៅក្នុងវិបត្តិនយោបាយហើយកាន់តែធ្វើឲ្យប្រទេសនេះជួបសង្គ្រាមរាំងជល់ទៀតផង។
លោកបន្ថែមថា គ្រប់ពេលដែលលោកបានជួបពិភាក្សាការងារជាមួយតំណាងប្រទេសជាមិត្តនានា លោកតែងតែសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតនឹងមិនដើរចេញពីគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនោះឡើយ ពីព្រោះកម្ពុជាមានបទពិសោធន៍ឆ្អែតឆ្អន់ហើយកាលពីអតីតកាលដោយសារកម្ពុជាធ្លាប់ដើរផ្ទុយពីគោលការណ៍នេះ។
ជាមួយគ្នានេះ លោកស ខេងក៏បានណែនាំឱ្យអាជ្ញាធរខេត្តទាំងអស់ត្រូវពង្រឹងសន្តិភាពស្ថិរភាពនយោបាយ ដោយត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរក្សាឲ្យបាននូវបូរណភាពទឹកដី។ លើសពីនេះទៅទៀត លោកអំពាវនាវឲ្យមានការរួបរួមគ្នាប្រឆាំងដាច់ខាតនូវការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅតាមគ្រប់រូបភាព ដោយលោកទុកការងារនេះជាភារកិច្ចស្នូលទូទាំងប្រទេស។
ការលើកឡើងនេះ ធ្វើឡើងក្រោយពេលអ្នកឃ្លាំមើលគោលនយោបាយជាតិនិងអន្តរជាតិមើលឃើញថា កម្ពុជាកំពុងបោះពួយយ៉ាងលឿងទៅរកប្រទេសចិន ហើយកំពុងទាល់ចោលបណ្តាប្រទេសលោកសេរីថែមទៀត។ ជាក់ស្តែងសហភាពអឺរ៉ុប និងអាមេរិកបានព្រមានម្តងហើយម្តងទៀតថា ប្រសិនបើកម្ពុជាមិនព្រមស្តារប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សឡើងវិញទេ នោះសហគមន៍អន្តរជាតិនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចតាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
ប៉ុន្តែលោកហ៊ុន សែនតែងតែប្រតិកម្មថា ប្រសិនបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយមកលើកម្ពុជាជាថ្នូរនឹងការគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យមែននោះ លោកនឹងកម្ចេចក្រុមបក្សប្រឆាំងឱ្យរលាយសាបសូន្យបន្ថែមទៀត។
ក្រុមអ្នកឃ្លាំមើលបារម្ភថា ទំនាក់ទំនងកម្ពុជា-ចិនក្នុងពេលបច្ចុប្បន្នមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថា ទំនាក់ទំនងនេះនឹងបង្កអសន្តិសុខ ព្រមទាំងគំរាមកំហែងដល់ស្ថិរភាពនយោបាយក្នុងតំបន់ផងដែរ៕