នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬហៅថា CDC នៃក្រសួងសុខាភិបាល បានអះអាងថាមកទល់ថ្ងៃពុធនេះ កម្ពុជា បានរកឃើញករណីជំងឺ COVID-19 ឬកូរ៉ូណា សរុបចំនួន៣ករណី។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តថា ករណីទី១ កើតឡើងទៅលើបុរសជនជាតិចិន អាយុ៦០ឆ្នាំនៅខេត្តព្រះសីហនុ ហើយក្រុមគ្រូពេទ្យក៏បានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យលោក ព្រមទាំងគ្រួសារត្រឡប់ទៅប្រទេសកំណើតហើយដែរ។
ករណីទី២ គឺកើតឡើងលើបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំនៅខេត្តសៀមរាប ក្រោយពេលបុរសនេះបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិជប៉ុនម្នាក់ ដែលរកឃើញថាមានផ្ទុកជំងឺកូរ៉ូណានៅប្រទេសជប៉ុន បន្ទាប់ពីលោកបានធ្វើដំណើរមកប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន និងបានចាកចេញពីកម្ពុជាកាលពីថ្ងៃទី ៣មីនា។ បុរសជនជាតិខ្មែរ ត្រូវបានក្រុមគ្រូពេទ្យជំនាញ ដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយគាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែគាត់បន្តវិជ្ជមាន COVID-19 ដដែល។
ប្រភពដដែលបញ្ជាក់ថា អ្នកប៉ះពាល់ទាំងអស់ដោយផ្ទាល់ឬប្រយោលលើបុរសរូបនេះ មិនទាន់រកឃើញវិជ្ជមានជំងឺ COVID-19 នៅឡើយទេ។
ករណីទី៣ ដែលក្រសួងសុខាភិបាលទើបនឹងប្រកាសកាលពីយប់ថ្ងៃម្សិលមិញ គឺកើតឡើងទៅលើស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ដែលបានធ្វើដំណើរលើនាវាទេសចរណ៍វៀតណាម មកចុះចតនៅទីរួមខេត្តកំពង់ចាម។ ស្រ្តីរូបនោះ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម ដោយគាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាល់នោះទេ។ ក្រសួងនេះអះអាងថាករណីជំងឺកូរ៉ូណាកើតឡើងលើស្ត្រីជនជាតិអង់គ្លេសនេះ ជាការនាំចូលឬ ឆ្លងពីក្រៅប្រទេសមក។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដដែល អះអាងថា អ្នកប៉ះពាល់ស្ត្រីជនជាតិអង់គ្លេសរូបនេះ រួមមាន ស្ត្រីអ្នកបកប្រែ អ្នកបើកម៉ូតូកង់៣ និងកូនគាត់ បានយកមកពិនិត្យ ដោយរកឃើញសុទ្ធតែអវិជ្ជមាន ឬ គ្មានជំងឺ COVID-19 ទេ។
ដោយឡែក អ្នកដំណើរនិងបុគ្គលិកក្នុងកប៉ាល់ទាំងអស់បានយកវត្ថុវិភាគ និងដាក់ឲ្យពួកគេនៅដោយឡែក ព្រមទាំងបន្តតាមដានសុខភាពចំនួន១៤ថ្ងៃផងដែរ ។
លោក ហ៊ុន សែន បានប្រកាសកំណត់ទិសដៅជាអាទិភាពក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា ហើយរដ្ឋាភិបាលក៏បានបម្រុងថវិកា៣០លានដុល្លារជួយដល់ក្រសួងសុខាភិបាលដើម្បីធ្វើការងារនេះ។ បន្ថែមពីនេះកាលពីម្សិលមិញ លោក ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលរបស់លោកបានត្រៀមប្រមាណថវិការពី ៨រយ ទៅ ២ពាន់ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ នៅកម្ពុជា។
ទន្ទឹមនឹងនោះដែរ លោក ហ៊ុន សែន បានស្នើឲ្យពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯង ដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។ លោកថា ពលរដ្ឋត្រូវមានសេចក្តីក្លាហាន និងមានការពិចារណាអោយបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីឌ-១៩ នេះផងដែរ។
នាយករដ្ឋមន្រ្តី បានណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើបងប្អូនមាន អាការៈសុខភាពខុសពីប្រក្រតីដូចជាអាការៈក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។
ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវតែសហការអោយបានល្អជាមួយមន្ទីរពេទ្យដែលកំពុងរង់ចាំបម្រើបងប្អូន។
ជាងនេះទៀត ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗរួមទាំងជំងឺកូរីឌ-១៩ បងប្អូនត្រូវតែមានអនាម័យរស់នៅល្អទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ។
ប្រទេសកម្ពុជាបានធ្វើតេស្តសរកមេរោគកូរ៉ូណាលើពលរដ្ឋ សរុបទាំងអស់ចំនួន ៤៩៣ករណី ហើយក្នុងករណីសង្ស័យឬ ចង់ពិគ្រោះយោបល់ពាក់ព័ន្ធជំងឺកូរ៉ូណានេះ លោកអ្នកនាងអាចទំនាក់ទំនងបន្ថែមទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ៕