32 C
Phnom Penh

គណបក្ស​នយោបាយ​៦ ត្រៀម​បង្កើត​បក្ស​ប្រឆាំង​តែ​មួយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​នយោបាយ​ចំនួន​៦ ដែល​ទើប​បង្កើត​កន្លងមក​នេះ បាន​ចាប់ផ្ដើម​ចង​សម្ពន្ធភាព​នឹង​គ្នា ដើម្បី​ត្រៀម​បង្កើត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

គណបក្ស​ទាំង​៦ ដែល​បាន​ចង​សម្ពន្ធភាព​នឹង​គ្នា​រួចរាល់​នោះ​រួម​មាន៖

  • គណបក្ស​កែទម្រង់​កម្ពុជា
  • គណបក្ស​ភ្លើង​ទៀន
  • គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន
  • គណបក្ស​កម្ពុជា​និយម
  • គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ
  • និង​គណបក្ស​បំណង​ពលរដ្ឋ។

គណបក្ស​ទាំងនោះ ភាគច្រើន​គឺជា​គណបក្ស​ដែល​កើត​ចេញពី​អតីត​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

គណបក្ស​នយោបាយ​ទាំង​៦ ដែល​គ្រោង​បង្កើត​ទៅជា​គណបក្ស​ប្រឆាំង​តែ​មួយ​នា​ពេល​ខាងមុខ។

លោក អ៊ិត សារម្យ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ បាន​សរសេរ​នៅ​លើ Facebook របស់​លោក​ថា ការ​ចាប់​ដៃ​គ្នា​នេះ ដោយសារតែ​គណបក្ស​ទាំង​៦ មាន​គោលនយោបាយ​ស្ទើរតែ​ដូចគ្នា និង​មាន​ទិសដៅ​ដើម្បី​ជាតិ​មាតុភូមិ​តែ​មួយ។

លោក​ថា ការ​បង្កើត​គណបក្ស​ធំ​មួយ​នា​ពេល​អនាគត គឺ​ត្រូវ​រង់ចាំ​មើល​អំពើ​របៀប​ធ្វើការ​ជាមួយ​គ្នា​សិន ដោយសារ​បច្ចុប្បន្ន គណបក្ស​ទាំង​៦ នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ដែល​មិនទាន់​យល់​ចិត្ត​គ្នា​មួយ​ចំនួន ដូចជា​ការ​លុបបំបាត់​ជម្លោះ​ផ្ទៃក្នុង​របស់​បក្ស និង​ការ​បែងចែក​តួនាទី អំណាច ដែល​បណ្តា​គណបក្ស​មួយ​ចំនួន​ធ្លាប់​កើតមាន​ឡើង។

លោក​បន្ថែម​ថា ការ​ចាប់​ដៃ​គ្នា​នា​ពេលនេះ នៅ​មិនទាន់​អាច​បង្ហាញ​បាន​ថា គណបក្ស​ទាំង​៦ អាច​ជ្រក​ក្រោម​ស្លាក​បក្ស​តែ​មួយ និង​ដើរ​លើ​ស្ពាន​តែ​មួយ​បាន​នៅឡើយ​ទេ ពោល​គឺ​ត្រូវ​រង់ចាំ​មើល​របៀប​ធ្វើការ​សិន។

លោក អ៊ូ ច័ន្ទរ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បក្ស​នយោបាយ​ទាំង​៦ បាន​ជួប​ពិភាក្សា​គ្នា​រួចរាល់​ហើយ ដើម្បី​ចង​សម្ពន្ធភាព​ជាមួយ​គ្នា ក៏ប៉ុន្តែ​ការ​បង្រួបបង្រួម​ទៅ​ជា​គណបក្ស​ធំ​មួយ​នា​ពេល​ខាងមុខ កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា​បន្ថែម​ទៀត។

លោក​ថា គណបក្ស​ទាំង​៦ មាន​ឆន្ទៈ​រួម​ក្នុង​ការ​ចង​សម្ពន្ធភាព​នឹង​គ្នា ដោយ​បាន​ឯកភាព​គ្នា​ថា នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ទៅលើ​បញ្ហា​ដែល​បក្ស​គិត​ថា​ជា​បញ្ហា​រួម។ លោក​ថា គម្រោង​បង្កើត​គណបក្ស​ធំ​មួយ ដើម្បី​ប្រមូល​កម្លាំង​គ្នា​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច គឺ​មិន​អាច​កើត​ទាន់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ នេះ​បាន​ទេ។ បក្ស​នឹង​មាន​ជំនួប​ជាបន្តបន្ទាប់​ទៀត ដើម្បី​ជជែក​អំពី​ការ​រៀបចំ​គោលជំហរ និង​ការ​ជ្រក​ក្រោម​ស្លាក​បក្ស​តែ​មួយ​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣។

បណ្ឌិត មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ទទួលស្គាល់​ថា ការ​បង្កើត​គណបក្ស​នយោបាយ គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ក៏ប៉ុន្តែ​ការ​បង្កើត​គណបក្ស​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​មាន​ឧត្តមគតិ​ជួយ​អភិវឌ្ឍ​ជាតិ វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ថ្លែង​ថា ទោះបីជា​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ផ្សេងៗ​ទៀត​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ក្ដី ប៉ុន្តែ​អាច​នឹង​មិន​ទៅ​រួច​ដែរ ខណៈ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​មិន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើយ ដោយសារ​ថ្មីៗ​នេះ​មេដឹកនាំ​គណបក្ស​កាន់​អំណាច​បាន​ប្រកាស​ទប់ស្កាត់​ទុក​ជា​មុន​រួចហើយ។ លោក​ថា គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ផ្សេងៗ​ទៀត​អាច​មាន​វាសនា​មិន​ខុស​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ​២០១៧ ឡើយ។

គិត​ត្រឹម​ដំណាច់​ខែ​មករា ឆ្នាំ​២០២២ នេះ កម្ពុជា​មាន​គណបក្ស​នយោបាយ​ចំនួន ៤៥ ហើយ​ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ សម្រេច​ចុះបញ្ជី​ផ្លូវការ​ទៅ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។

កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ នេះ និង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស