លោក ស ខេង ត្រូវបានគេមើលឃើញថាជាអ្នកនយោបាយចាស់ទុំមួយរូបក្នុងចំណោមឥស្សរជននយោបាយមួយចំនួនទៀតក្នុងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនៅកម្ពុជា។
ថ្វីបើប្រធានគណបក្សនេះ គឺលោក ហ៊ុន សែន ត្រូវបានមហាជនចាត់ទុកថាកំពុងអនុវត្តអំណាចផ្ដាច់ការ ឃោរឃៅ និងហិង្សាទៅលើមន្ត្រីរបស់បក្សខ្លួន និងពលរដ្ឋខ្មែរស្លូតត្រង់ក៏ដោយ ប៉ុន្តែទស្សនៈភាគច្រើនតែងមើលឃើញថា លោក ស ខេង គឺជាបុគ្គលដែលមានលក្ខណៈសម្បត្តិប្រជាធិបតេយ្យនៅក្នុងបក្សកាន់អំណាច ដែលជាអតីតបក្សកុម្មុយនីស្តមួយនេះ។
តើរបៀបដឹកនាំរបស់លោក ស ខេង ដូចលោក ហ៊ុន សែន ដែរឬទេ? តើគាត់មានប្រវត្តិ និងចរិតនយោបាយយ៉ាងដូចម្តេច?
លោក ស ខេង កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥១ ក្នុងភូមអណ្តូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ គេពុំឃើញមានឯកសារណាបញ្ជាក់អំពីប្រវត្តិនៃការសិក្សារបស់គាត់ច្បាស់លាស់នោះទេ ប៉ុន្តែឯកសារខ្លះបានផ្តល់ព័ត៌មានដោយខ្លីថា លោក ស ខេង រៀនបានសញ្ញាបត្រមធ្យមសិក្សាកម្រិត១ នៅអនុវិទ្យាល័យថ្នល់កែង ក្នុងខេត្តព្រៃវែង ហើយក្រោយមក លោកទទួលបានសញ្ញាបត្រថ្នាក់ឧត្ដមសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ។
ឯកសារពាក់ព័ន្ធទាំងនោះពុំបានបញ្ជាក់អំពីប្រវត្តិ និងព័ត៌មានពិស្ដារអំពីការសិក្សារបស់គាត់ឡើយ ជាពិសេសថាតើគាត់រៀននៅថ្នាក់ឧត្ដមសិក្សាផ្អែកវិទ្យាសាស្ត្រនយោបាយនោះនៅពេលណា និងនៅទីណាជាដើម។ ជាទូទៅ មេដឹកនាំដែលមានវ័យចំណាស់របស់គណបក្សប្រជាជនកម្ពុជា ឬ CPP ពុំសូវបានទទួលការរៀនសូត្រច្បាស់លាស់អ្វីជាដុំកំភួននោះទេ។ នេះប្រហែលជាស្ថានភាពសង្គម ឬផ្នត់គំនិតរបស់ពលរដ្ឋខ្មែរនាសម័យនោះ។
បច្ចុប្បន្ននេះ លោក ស ខេង មានមុខងារជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហើយក៏មានតួនាទីជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដែរ។
ភរិយារបស់លោក គឺអ្នកស្រី ញ៉ែម សាខន មានកូនបីនាក់ ប្រុសពីរនាក់ ស្រីម្នាក់។ កូនប្រុសរបស់លោក ស ខេង គឺលោក ស សុខា និងលោក ស រដ្ឋា ចំណែកកូនស្រី គឺលោកស្រី ស ស៊ីណា។ កូនប្រុសទាំងពីររបស់លោក ស ខេង កំពុងកាន់តួនាទីនៅតាមក្រសួង និងស្ថាប័នរបស់រដ្ឋ។
លោក ស សុខា ជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ហើយបច្ចុប្បន្នលោកមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានក្របខ័ណ្ឌដើមជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ។ លោកទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៩៣ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
ការដំឡើងឋានន្តរស័ក្តិដល់លោក ស សុខា ធ្វើឡើងក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាភ្លាមៗ។ ចំណែកកូនប្រុសពៅរបស់លោក ស ខេង គឺលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អត្តលេខ៥៤៨៥៧ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។ រីឯលោកស្រី ស ស៊ីណា មិនមានប្រភពបញ្ជាក់ថា លោកស្រីមានតួនាទីនៅក្រសួង ឬស្ថាប័នជាតិណាមួយនៅឡើយទេ។
លោក ស ខេង ក្រៅពីតួនាទីជាថ្នាក់ដឹកនាំនៅក្រសួងមហាផ្ទៃ និងជាឥស្សរជនជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោកក៏ជាសមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង។
ក្រោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ លោក ស ខេង បានក្លាយជាសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរហូតដល់ឆ្នាំ២០០៦ ទើបគាត់បានកាន់តួនាទីនេះតែម្នាក់ឯង។ ក្រៅពីនេះ លោក ស ខេង ក៏ជាតំណាងរាស្ត្រក្នុងខេត្តបាត់ដំបង ចាប់ពីឆ្នាំ១៩៩៣ មក និងធ្លាប់ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរដ្ឋកម្ពុជា។
គេពុំឃើញមានកំណត់ត្រាណានិយាយច្រើនអំពីប្រវត្តិតស៊ូនយោបាយរបស់លោក ស ខេង ឡើយ ក្រៅតែពីការពិពណ៌នាខ្លីថា ដូចគ្នានឹងមេដឹកនាំ CPP ដទៃទៀតដែរ គាត់ក៏ជាកម្មាភិបាលមួយរូបនៃរបបខ្មែរក្រហម និងជាប្អូនថ្លៃរបស់លោក ជា ស៊ីម ដែលជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចសព្វថ្ងៃ។ លោក ជា ស៊ីម បានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ដោយជរាពាធក្នុងជន្មាយុ ៨៣វស្សា។ លោកក៏ជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូបដែរដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ហើយក្រោយមក លោកបានត្រឡប់ចូលប្រទេសកម្ពុជាវិញ បន្ទាប់ពីកងទ័ពរណសិរ្សរំដោះជាតិកម្ពុជា គាំទ្រដោយកងទ័ពវៀតណាម បានទទួលជ័យជម្នះលើកងទ័ពខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយមក លោក ជា ស៊ីម បានក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១ រហូតមកទល់ថ្ងៃចុងក្រោយនៃជីវិតរបស់លោក។
ចំណែកលោក ស ខេង ដែលជាប្អូនថ្លៃរបស់លោក ជា ស៊ីម រូបនេះ ត្រូវបានគេមើលឃើញថាជាអ្នកនយោបាយកណ្តាល ដែលតែងស្វែងរកកែទម្រង់ និងសម្របសម្រួលផ្ទៃក្នុងបក្សប្រជាជនកម្ពុជា។
នៅក្នុងអំឡុងចុងទសវត្សឆ្នាំ១៩៩០ ពួកអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសលោកខាងលិចគិតថា លោក ស ខេង អាចជាអ្នកនយោបាយកែទម្រង់មួយរូប។ ជាមួយគ្នានេះ គេក៏កត់សម្គាល់ដែរថា ការថ្លែងសារនយោបាយរបស់លោក ស ខេង ក្នុងពេលបច្ចុប្បន្ននេះហាក់មានភាពចាស់ទុំ និងមានការទទួលខុសត្រូវជាងចៅហ្វាយរបស់លោក គឺលោក ហ៊ុន សែន។
ក្នុងខណៈដែលលោក ហ៊ុន សែន តែងតែថ្លែងសារនយោបាយដោយហិង្សា គេពុំដែលឮលោក ស ខេង ថ្លែងសារបែបនោះឡើយ។
នៅពេលដែលលោក ហ៊ុន សែន តែងតែគំរាមចាប់ និងសម្លាប់ក្រុមបក្សប្រឆាំង និងក្រុមសិទ្ធិមនុស្ស គេពុំដែលឮលោក ស ខេង ធ្វើបែបនោះឡើយ។
លើសពីនេះទៅទៀត នៅពេលដែលលោក ហ៊ុន សែន គំរាមក្រុមប្រឆាំង និងសកម្មជនសិទ្ធិមនុស្សថាមានបំណងធ្វើបដិវត្តន៍ពណ៌ លោក ស ខេង ថ្លែងថា អំពើអយុត្តិធម៌សង្គម គឺជាដើមចមនៃការបង្កើតបដិវត្តន៍ពណ៌។ ក្រៅតែពីចំណុចទាំងនេះ គេតែងតែសង្កេតឃើញលោក ស ខេង រមែងបង្ហាញនូវជំហរ និងទស្សនៈផ្ទុយពីលោក ហ៊ុន សែន។
កាលពីខែធ្នូ ឆ្នាំ២០២១ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកជាន់ខ្ពស់ចំនួន ៣៦រូប បានសម្ដែងការគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចរបស់លោក ហ៊ុន សែន ចំពោះការតែងតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី ដោយចាត់ទុកថាលោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីកាន់តំណែងកំពូលនាពេលអនាគត។
ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង កាលពីខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សែន បានឲ្យដឹងថា ទោះបីលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបក៏ដោយ ក៏មិនទាន់អាចដល់ពេលដែលត្រូវធ្វើជានាយករដ្ឋមន្ត្រីនោះដែរ។ លោកពន្យល់ថា លោក ហ៊ុន ម៉ាណែត មិនទាន់អាចដល់ពេលមកធ្វើនាយករដ្ឋមន្ត្រីភ្លាមៗ ខណៈមេដឹកនាំចាស់ៗដូចជាលោក ហេង សំរិន លោក សាយ ឈុំ លោក ស ខេង លោក ទៀ បាញ់ ដែលជាអ្នកតស៊ូពីមុនមកកំពុងឈរជើងនៅក្នុងជួរបក្សនោះទេ។
លោកនិយាយថា ទោះបីកូនមេដឹកនាំកំពូលៗដូចជាកូនរបស់លោក ស ខេង កូនរបស់លោក ទៀ បាញ់ ឬកូនៗរបស់ឧបនាយករដ្ឋមន្ត្រីផ្សេងទៀតក៏ដោយ ហើយកូនរបស់លោក ជាម យៀប ក្តី សូមដាក់បេក្ខជនឲ្យច្រើន រួចហើយនាំគ្នាបោះឆ្នោតនៅក្នុងបក្សទៅ។ កូនប្រុសរបស់លោក ស ខេង គឺលោក ស សុខា ចំណែកកូនរបស់លោក ទៀ បាញ់ គឺលោក ទៀ សីហា រីឯកូនរបស់លោក ជាម យៀប គឺលោក ជាម ច័ន្ទសោភ័ណ្ឌ ជាដើម។
លោក ជាម យៀប បច្ចុប្បន្នជាអនុប្រធានទី១ នៃរដ្ឋសភា ដោយមានកូនប្រុសរបស់លោក គឺលោក ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាលខេត្តត្បូងឃ្មុំ។ លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប ខណៈលោក ស សុខា ជារដ្ឋលេខាធិការក្រសួងអប់រំ។
ប្រាំថ្ងៃក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រីក្នុងការគាំទ្រកូនប្រុសច្បងរបស់លោកឲ្យធ្វើជានាយករដ្ឋមន្ត្រីក្នុងពេលអនាគត លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានមើលឃើញថាជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបដែរនោះ បានសរសេរនៅក្នុងសារផ្ញើជូនជនរួមជាតិថា លោកនឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដែលអ្នកវិភាគចាត់ទុកសារនោះថាជា «សារបែបកណ្តាល» ដែលមិនគាំទ្របុគ្គលនោះទេ។
លោក ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រភពដ៏ជឿទុកចិត្តខ្លះពីបក្សកាន់អំណាចធ្លាប់ទម្លាយឲ្យដឹងថា លោកតែងទទួលបានការគាំទ្រធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោក ហ៊ុន សែន នៅពេលណាលោក ហ៊ុន សែន អស់សមត្ថភាពក្នុងការធ្វើជានាយករដ្ឋមន្ត្រី។
យ៉ាងណាមិញ លោក ហ៊ុន សែន បានថ្លែងថា លោក ស ខេង មិនអាចធ្វើជានាយករដ្ឋមន្ត្រីទេ ដោយសារនៅពេលលោក ហ៊ុន សែន ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងរយៈពេលយ៉ាងតិច ៨ ទៅ ១០ឆ្នាំទៀត លោក ស ខេង មានវ័យចំណាស់រួចទៅហើយ។
ភាពខុសគ្នានៃចរិត និងសារនយោបាយរវាងលោក ស ខេង និងលោក ហ៊ុន សែន ប្រហែលអាចក្លាយជាហេតុផលមិនល្អខ្លះសម្រាប់លោក ស ខេង។ គេសង្កេតឃើញការមិនផ្តល់តម្លៃ ឬសេចក្តីទុកចិត្តពីសំណាក់លោក ហ៊ុន សែន ចំពោះលោក ស ខេង បានកើនឡើងជាបន្តបន្ទាប់ ជាពិសេសគឺនៅក្រោយមរណភាពរបស់ប្រធានគណបក្សនេះ គឺលោក ជា ស៊ីម ក្នុងខែមិថុនា ឆ្នាំ២០១៥។
ជាធម្មតា នាយករដ្ឋមន្ត្រីតែងតែផ្តល់សិទ្ធិដល់ឧបនាយករដ្ឋមន្ត្រីមួយរូបជានាយករដ្ឋមន្ត្រីស្តីទីក្នុងគ្រាដែលខ្លួនមានបេសកកម្មក្រៅប្រទេស។ លោក ហ៊ុន សែន តែងតែធ្វើបែបនេះចំពោះលោក ស ខេង ប៉ុន្តែលោក ហ៊ុន សែន លែងធ្វើបែបនោះទៀតហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រៅតែពីសញ្ញាមិនផ្តល់តម្លៃ និងការទុកចិត្តនោះ លោក ហ៊ុន សែន ថែមទាំងបង្ហាញអាកប្បកិរិយាគំរាមកំហែងលោក ស ខេង ទៀតផង។
ក្នុងយុទ្ធនាការតែងតាំងកូនរបស់ខ្លួនជាបេក្ខជនស្នងតំណែងរបស់ខ្លួននោះ លោក ហ៊ុន សែន បាននិយាយចំឈ្មោះលោក ស ខេង តែម្តងថា “ខ្ញុំមិនគាំទ្រ ខេង ឯងជាបេក្ខជននាយករដ្ឋមន្ត្រីទេ” ក្រោយមកគេឃើញលោក ស ខេង បានបង្ហាញជំហរគាំទ្រលោក ហ៊ុន សែន ក្នុងការតែងតាំងកូនច្បងរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខជនស្នងតំណែងនាយករដ្ឋមន្ត្រី។
ក្រៅពីនេះ គេក៏សង្កេតឃើញព្រឹត្តិការណ៍ដែលគួរឱ្យចាប់អារម្មណ៍បានកើតឡើងក្នុងឆ្នាំ២០១៩។ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ នាឆ្នាំនោះ អតីតព្រះចៅអធិការវត្តច្បារអំពៅ គឺព្រះតេជព្រះគុណ ហោ សុខុន ត្រូវបានគេចាប់ផ្សឹកភ្លាមៗទាំងយប់បន្ទាប់ពីព្រះអង្គបានមានដីកាលើកតម្កើងលោក ស ខេង។
សង្ឃដីកានោះបានចាត់ទុកលោក ស ខេង ជាផ្កាយសំណាងកម្ពុជា ជាមេដឹកនាំឈាមត្រជាក់ គ្មានបាតដៃប្រឡាក់ឈាម និងគាំទ្រឲ្យលើកលោក ស ខេង ធ្វើជានាយករដ្ឋមន្ត្រីដើម្បីបញ្ចៀសបញ្ហាផ្ទៃក្នុងជាតិ និងរួចផុតពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ។
ក្រៅពីប្រវត្តិការងារ និងការស្ថិតក្នុងតួនាទីដ៏យូរអង្វែងដូចបានលើកឡើងទាំងនេះ គេពុំឃើញមានតឹកតាង ឬឯកសារណាដែលបញ្ជាក់អំពីគុណសម្បត្តិ ឬសមិទ្ធផលអ្វីជាក់លាក់ ដូចជាការបង្រួបបង្រួមជាតិ ឬការកែទម្រង់អ្វីមួយដែលជាស្នាដៃរបស់លោក ស ខេង នោះឡើយ៕