39 C
Phnom Penh

លោក ថាច់ សេដ្ឋា ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចេញ​សែក​ស្អុយ ប៉ុន្តែ​មន្ត្រី​បក្ស​នេះ​ថា​ជា​ការ​គំរាមកំហែង​មុន​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ល្ងាច​ថ្ងៃទី​១៦ មករា ក្រោម​ហេតុផល​ថា​ចេញ​សែក​ស្អុយ។

ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ចុះ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទិត ដាលីន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ទៅ​កាន់​តុលាការ​ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ឬ​សែក​ស្អុយ កាលពី​អំឡុង​ឆ្នាំ​២០១៩។ បន្ទាប់ពី​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក ថាច់ សេដ្ឋា ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ដដែល​នោះ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន ជុំវិញ​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក ថាច់ សេដ្ឋា ដែល​មាន​ដើមកំណើត​ខ្មែរក្រោម​បាន​នៅឡើយ​ទេ។

ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី គណបក្ស​ភ្លើង​ទៀន​នៅ​ថ្ងៃ​ចន្ទ ទី​១៦ មករា នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ឈប់​ការ​គំរាមកំហែង​គ្រប់​រូបភាព​លើ​គណបក្ស​ភ្លើង​ទៀន និង​សង្គម​ស៊ីវិល ដើម្បី​បង្ក​បរិយាកាស​ល្អ​ប្រសើរ ធានា​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ជាមួយ​គ្នា​នេះ គណបក្ស​ភ្លើង​ទៀន​ស្នើសុំ​ឲ្យ​មាន​ការ​ជជែក​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ការ​ប្រកួតប្រជែង​ទៅ​លើ​គោលនយោបាយ​នៃ​គណបក្ស​នយោបាយ​នីមួយៗ​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ទំនើប ប្រសើរ​ជាង​ការ​គំរាមកំហែង​តាម​រូបភាព​ផ្សេងៗ។

ការ​អំពាវនាវ​នេះ ដោយ​គណបក្ស​ភ្លើង​ទៀន​សង្កេត​ឃើញ​ថា ក្រោយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កន្លងមក មាន​ចលនា​នៃ​ការ​បំភិតបំភ័យ និង​ការ​គំរាមកំហែង​ពី​សំណាក់​អ្នក​មាន​អំណាច​មក​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ភ្លើង​ទៀន​ជា​បន្តបន្ទាប់។

ការ​បំភិតបំភ័យ គំរាមកំហែង និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បង្ខិតបង្ខំ ឬ​រឹបអូស​យក​ទ្រព្យសម្បត្តិ ការ​ប្ដឹង​ទាមទារ​សំណង​ឲ្យ​សង​ខុស​ប្រក្រតី​មក​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ជា​ការ​គាប​សង្កត់​ផ្នែក​នយោបាយ និង​ការ​បំបាក់​ស្មារតី បង្ក​ឲ្យ​បរិយាកាស​ភ័យខ្លាច​ដល់​ថ្នាក់​ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​បក្ស​ភ្លើង​ទៀន។

សេចក្ដី​ថ្លែងការណ៍​ដដែល​ចាត់ទុក​សកម្មភាព​បែប​នេះ​ថា​បាន​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​គណបក្ស​ភ្លើង​ទៀន​មិន​អាច​ទទួល​យក​បាន​ឡើយ។

ករណី​នេះ គណបក្ស​ភ្លើង​ទៀន​ព្រមាន​ថា នឹង​ពិចារណា​ឡើងវិញ​អំពី​លទ្ធភាព​នៃ​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ ប្រសិន​សកម្មភាព​គំរាមកំហែង​នៅតែ​បន្ត​កើតមាន​ធ្ងន់ធ្ងរ​មក​លើ​គណបក្ស​ភ្លើង​ទៀន។

ការ​អំពាវនាវ​នេះ បន្ទាប់ពី​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៩ ខែ​មករា បាន​ព្រមាន​វាយ​ខ្នោះ និង​រឹបអូស​យក​ទ្រព្យ ដី និង​ផ្ទះ​របស់​លោក គង់ គាំ ខណៈ​លោក សុន ឆ័យ ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ដែល​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

វិធានការ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៣ កន្លង​ទៅ​បាន​ប្រកាស​កម្ចាត់​អ្នក​នយោបាយ​ទាំងឡាយ​ណា​ដែល​លោក​ចាត់ទុក​ថា​ជា​អ្នក​នយោបាយ​ជ្រុល​និយម ឲ្យ​អស់​ពី​ទឹកដី​កម្ពុជា ដើម្បី​ធានា​ថា​កម្ពុជា​គ្មាន​សង្គ្រាម និង​ការ​បែកបាក់​ជាតិ​តទៅទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស