អាជ្ញាធរជាតិអប្សរា ហាមឃាត់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អង្គរ មិនឱ្យជួសជុលលំនៅឋាន ទោះបីជាផ្ទះរបស់ពួកគេត្រូវកណ្ដៀរស៊ីជើងសរសេរដួលរលំក៏ដោយ ក្រោមហេតុផលថាជាករណីខុសច្បាប់។
អាជ្ញាធរជាតិអប្សរា បានចេញលិខិតបដិសេធមួយទៅកាន់ប្រធានភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ មីនា នេះថា ក្រោយការស្នើសុំតាមរយៈប្រធានភូមិគោកស្នួល លោក អ៊ុំ ឈិន អាជ្ញាធរជាតិអប្សរាពិនិត្យឃើញថាលោក ចាន់ ចិកហាយ ពិតជាមានទីកន្លែងកំណើតនៅក្នុងភូមិឃុំហ្នឹងប្រាកដមែន ពីព្រោះមានឈ្មោះជំរឿនក្នុងឆ្នាំ២០០៤ និងឆ្នាំ២០០៥ ដែរ តែរស់នៅក្នុងបន្ទុកឪពុកម្ដាយនៅពេលនោះ។
ប្រភពអាជ្ញាធរអប្សរាដដែលលើកឡើងថា តាមការផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យនៃអង្គការ JICA ឆ្នាំ១៩៩៨ និងរូបភាពពីលើអាកាស Google Earth ឆ្នាំ២០០៤ បង្ហាញថា ទីតាំងដែលលោក ចាន់ ចិកហាយ បានស្នើសុំជួសជុលផ្ទះ គឺជាដីទំនេរ ពុំមានស្លាកស្នាមជាសំណង់ និងការប្រើប្រាស់ដីនោះធ្វើជាលំនៅឋាននៅឡើយទេ ហើយការដែលគ្រួសារនោះបានទៅសាងសង់ផ្ទះ និងរស់នៅលើដីនោះក្នុងពេលបច្ចុប្បន្ននេះ គឺខុសពីគោលការណ៍ច្បាប់ទាំងស្រុង ដូច្នេះការជួសជុលផ្ទះនេះក៏ជាទង្វើខុសច្បាប់ដែរ។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា យោងតាមលក្ខខណ្ឌ និងហេតុផលខាងលើនេះ លោក ចាន់ ចិកហាយ មិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីជួសជុលលំនៅឋានដែលបាក់រលំនេះទេ បើទោះបីជាលោកធ្លាប់រស់នៅជាមួយឪពុកម្ដាយក្នុងតំបន់នោះតាំងពីយូរហើយក៏ដោយ ក៏ប៉ុន្តែលោកបានបែកគ្រួសារចេញពីឪពុកម្ដាយហើយ។
អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ខ្លួនមានមុខនាទីទប់ស្កាត់នូវការរីកភូមិដ្ឋាន ឬទីប្រជុំជន និងការប្រើប្រាស់ដីធ្លី និងសំណង់ផ្សេងៗ ដើម្បីលើកតម្លៃដល់រមណីយដ្ឋានអង្គរ។
ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋមួយគ្រួសារដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានស្នើសុំជួសជុលផ្ទះរបស់ខ្លួនក្រោយពីបាក់រលំជើងសសរ និងធ្លុះធ្លាយដំបូលកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ចាន់ ចិកហាយ បានរៀបរាប់លើគណនីហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះ ចិក ហាយសៀមរាប ថាផ្ទះរបស់លោកត្រូវបានសាងសង់តាំងពីមិនទាន់មានអាជ្ញាធរអប្សរាមកគ្រប់គ្រងម៉្លេះ ប៉ុន្តែនៅពេលដែលលោកបានដាក់ពាក្យស្នើសុំជួសជុលដូរដំបូល និងជើងសសរ អាជ្ញាធរអប្សរាមិនអនុញ្ញាតឡើយ។

លោក ចាន់ ចិកហាយ ត្អូញត្អែរថា កូនៗរបស់ពួកគេមិនដឹងថាត្រូវទៅដេកពួននៅកន្លែងណាសម្រាប់រដូវវស្សាខាងមុខនេះទេ ព្រោះថាដំបូលផ្ទះរបស់លោកនៅពេលនេះបានធ្លុះធ្លាយគ្រប់កន្លែង មិនអាចការពារទឹកភ្លៀងមិនឱ្យស្រក់ចូលបានទេ។
ក្រុមគ្រួសារនេះបន្ថែមថា បើជាការស្នើសុំសាងសង់ផ្ទះថ្មី ហើយអាជ្ញាធរមិនអនុញ្ញាត នោះលោកក៏មិនតវ៉ាដែរ ប៉ុន្តែនេះគឺជាការស្នើសុំជួសជុលផ្ទះចាស់ប៉ុណ្ណោះ ហើយផ្ទះនេះក៏នៅឆ្ងាយពីតំបន់អង្គរប្រមាណ ១៦គីឡូម៉ែត្រថែមទៀត។
កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ចាន់ ចិកហាយ បានដាក់ពាក្យស្នើសុំជួសជុលផ្ទះចាស់របស់ខ្លួនទៅប្រធានភូមិគោកស្នួល ដូចជាសសរផ្ទះដែលបាក់រលំដោយសារសត្វកណ្ដៀរឡើងពូន និងដំបូលផ្ទះដែលលេចធ្លុះធ្លាយជាដើម ប៉ុន្តែការស្នើសុំជួសជុលនេះ ត្រូវអាជ្ញាធរជាតិអប្សរាចាត់ទុកជាទង្វើខុសច្បាប់។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ អង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិ (Amnesty International) លើកឡើងក្នុងសេចក្តីរាយការណ៍ថា ប្រទេសកម្ពុជាកំពុងខ្វះប្រព័ន្ធច្បាប់គ្រប់គ្រងសិទ្ធិដីធ្លីច្បាស់លាស់ធ្ងន់ធ្ងរសព្វថ្ងៃនេះ ទោះបីជាប្រទេសនេះបានទទួលយករបបប្រជាធិបតេយ្យកាលពីជាង ៣០ឆ្នាំមុនហើយក៏ដោយ ដែលរឿងនេះគឺស្រដៀងគ្នាទៅនឹងរបបខ្មែរក្រហមដែលបានលុបចោលកម្មសិទ្ធិឯកជនក្រោយពីពួកគេកាន់កាប់ប្រទេសកម្ពុជាអំឡុងទសវត្សរ៍១៩៧០ ដូច្នោះដែរ។
ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅប្រទេសកម្ពុជា លោក នី សុខា លើកឡើងកាលពីពេលថ្មីៗនេះថា រយៈពេលជាង ៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាលមិនដែលបានផ្សព្វផ្សាយពីសិទ្ធិលំនៅឋានទៅដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យមានការយល់ដឹងនោះទេ។ នេះគឺជាបញ្ហាមួយក្នុងការធានានូវសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋដោយសមរម្យ ខណៈការបណ្ដេញពីលំនៅឋាន និងការហាមឃាត់សិទ្ធិកាន់កាប់ទីលំនៅ ក្រោមវិធានការរបស់អាជ្ញាធរ តែងតែកើតមានលើប្រជាពលរដ្ឋជាបន្តបន្ទាប់។
លោក នី សុខា អំពាវនាវឲ្យរដ្ឋាភិបាលអាណត្តិថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយអំពីសិទ្ធិលំនៅឋានសមរម្យ និងលក្ខខណ្ឌអប្បបរមាស្តីអំពីសិទ្ធិលំនៅឋាន ដែលកំណត់ដោយអង្គការសហប្រជាជាតិឱ្យបានទូលំទូលាយទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីធានាការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

