សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្ដើមស៊ើបអង្កេតលើសំណុំរឿងបណ្តឹងបរិហារកេរ្តិ៍ដែលគណបក្សប្រជាជនកម្ពុជាប្ដឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក (Adhoc) ដោយកោះហៅភាគីទាំងសងខាងចូលបំភ្លឺកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានបញ្ជាក់នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នេះថា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្ដើមដំណើរការនីតិវិធីនៃការស៊ើបអង្កេត និងបានកោះហៅភាគីទាំងអស់ ដើម្បីស្តាប់ចម្លើយ និងប្រមូលព័ស្តុតាងក្នុងសំណុំរឿងគណបក្សប្រជាជនកម្ពុជាប្ដឹងលោក ស៊ឹង សែនករុណា។
យោងតាមដីកាកោះរបស់លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញលោក ស៊ឹង សែនករុណា ឲ្យចូលបំភ្លឺនៅតុលាការនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៩ព្រឹក ដើម្បីសាកសួរពីដំណើររឿងដែលលោក សាំង វណ្ណៈ លោក ផូ សុធាផល និងលោក ម៉ម ចាន់ណែត មេធាវីតំណាងឲ្យគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្ដឹងប្ដឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក បន្ទាប់ពីបានផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មាន The Cambodia Daily ថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងធ្វើឲ្យមានការរើសអើងដល់គណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្តឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសុំឱ្យធ្វើការពិនិត្យសម្រេចចោទប្រកាន់ និងផ្ដន្ទាទោសតាមនីតិវិធីជាធរមាន និងទាមទារឱ្យសងជំងឺចិត្តជូនគណបក្ស ២ពាន់លានរៀល (២០០០០០០០០០រៀល)។
ក្រោយពីគណបក្សប្រជាជនកម្ពុជាប្ដឹង លោក ស៊ឹង សែនករុណា បានចេញមកបញ្ជាក់ថា រូបលោកធ្វើកិច្ចការងារសព្វថ្ងៃ គឺដើម្បីការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ។ សម្រាប់រូបលោកផ្ទាល់ មិនគាំទ្រ ឬលម្អៀងទៅគណបក្សណា ឬអ្នកនយោបាយណាមួយឡើយ។
ក្រោយពីគណបក្សប្រជាជនកម្ពុជាប្ដឹងលោក ស៊ឹង សែនករុណា នេះ មានក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន ដូចជាអង្គការអន្តរជាតិវេទិកាអាស៊ីសម្រាប់ការអភិវឌ្ឍសិទ្ធិមនុស្ស (FORUM-ASIA) និងសម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ (CIVICUS) ស្នើឱ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលលុបបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលប្តឹងដោយក្រុមមេធាវីរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រោះជាបណ្តឹងដែលជាប់ពាក់ព័ន្ធនយោបាយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា កន្លងមកមានសមាគម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានជាង ៥០ និងអង្គការអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍រួម ដោយធ្វើសំណូមពរ និងអំពាវនាវសុំឱ្យតុលាការពិនិត្យពិចារណាដើម្បីកុំចោទប្រកាន់ទៅលើលោក ស៊ឹង សែនករុណា ជាសកម្មជន និងអ្នកការពារសិទ្ធិមនុស្សយ៉ាងសកម្មនៃសមាគមអាដហុក ប៉ុន្តែវាជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោក អំ សំអាត បានបន្ថែមទៀតថា ករណីលោក ស៊ឹង សែនករុណា គួរតែទទួលបានការយោគយល់ និងការអនុគ្រោះ ហើយករណីរបស់លោក គឺជាបទពិសោធន៍មួយដែលធ្វើឱ្យសកម្មជន និងអ្នកការពារសិទ្ធិមនុស្សមានការប្រុងប្រយ័ត្ន និងពិនិត្យមើលឡើងវិញក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន។
សេរីភាពក្នុងការបញ្ចេញមតិដើម្បីកែលម្អ និងស្ថាបនាក្នុងការចូលរួមអភិវឌ្ឍប្រទេស ត្រូវបានលើកទឹកចិត្ត។ រដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា ក៏មានចែងអំពីសិទ្ធិសេរីភាពបញ្ចេញមតិដែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

