ក្រុមមេដឹកនាំនៃសមាគមអាស៊ាន និងនាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី នៅថ្ងៃពុធ ទី៦ មីនា នេះ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយស្នើសុំដល់ប្រទេសក្នុងសមាគមអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវរួមគ្នាប្រឆាំងសកម្មភាពឯកតោភាគីដែលធ្វើសកម្មភាពគ្របដណ្ដប់វាតទីកាន់កាប់ដែនទឹកនៅសមុទ្រចិនខាងត្បូង។
សេចក្ដីថ្លែងការណ៍បន្តថា ក្រុមប្រទេសអាស៊ាន និងអូស្ត្រាលី បន្តតាមដានជានិច្ចនូវស្ថានការណ៍យោធាកំពុងតានតឹងនៅសមុទ្រចិនខាងត្បូង។ ក្នុងន័យនេះ ត្រូវលើកទឹកចិត្តដល់ប្រទេសពាក់ព័ន្ធត្រូវបញ្ចៀសការធ្វើសកម្មភាពបំពានដែលជាការបង្កអសន្តិសុខក្នុងតំបន់។
សេចក្ដីថ្លែងការណ៍រួមធ្វើឡើងនៅឯជំនួបកំពូលពិសេសនៃមេដឹកនាំអាស៊ាន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី នៅទីក្រុង Melbourne នៃប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៦ ខែមីនា។
សេចក្ដីថ្លែងការណ៍ដែលគេហៅថាសេចក្ដីថ្លែងការណ៍ក្រុង Melbourne ក៏មានការចូលរួមថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានបានទាមទារឱ្យមានភាពអត់ធ្មត់ និងខិតខំជំរុញឱ្យមានស្ថិរភាពនៅសមុទ្រចិនខាងត្បូង ដែលត្រូវចាត់ទុកថាមានអត្ថប្រយោជន៍ដើម្បីសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនរួមគ្នា។ ក្រុង Melbourne ដែលសម្រេចធ្វើជាអ្នករៀបចំទទួលឲ្យមានជំនួបកំពូលអាស៊ាន-អូស្ត្រាលី គឺដើម្បីរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងជាផ្លូវការទ្វេភាគី។
ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍រួមក៏បានបន្តគាំទ្រឱ្យមានការអនុវត្តសេចក្ដីប្រកាសភាគីពាក់ព័ន្ធឆ្នាំ២០០២ អំពីការដោះស្រាយជម្លោះនៃសមុទ្រចិនខាងត្បូង។ សេចក្ដីប្រកាសនេះ បានសង្កត់ធ្ងន់ពីភាពចាំបាច់ត្រូវបង្កើតឱ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដោយចាំបាច់ត្រូវបញ្ចូលមាត្រាពាក់ព័ន្ធនឹងច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២ នៃអនុសញ្ញាអង្គការសហប្រជាជាតិ។
សេចក្ដីថ្លែងការណ៍ក្រុង Melbourne ក៏បានអំពាវនាវសុំឱ្យសមុទ្រចិនខាងត្បូង នៅតែជាផ្លូវនាវាចរណ៍អន្តរជាតិ ដោយគ្រប់ប្រទេសទាំងអស់មានសិទ្ធិក្នុងការធ្វើនាវាចរណ៍ឆ្លងកាត់សមុទ្រចិនខាងត្បូងដោយសេរី ស្របតាមច្បាប់អន្តរជាតិ។ សេចក្ដីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាវាល្បាតរបស់ចិន បានចូលទៅដែនទឹកក្នុងតំបន់មួយនៃសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីន អះអាងថាជាតំបន់សេដ្ឋកិច្ចពិសេសក្នុងដែនអធិបតេយ្យរបស់ខ្លួន។
ក្រុងប៉េកាំង ប្រកាសអំពីការបង្កើតផែនទី ៩ឆ្នូត ដែលផែនទីនេះគ្របដណ្ដប់ផ្ទៃទឹកប្រមាណ ៩០ភាគរយនៃទំហំ ៣លាន ៥សែនគីឡូម៉ែត្រក្រឡា ដោយប៉ះទៅលើតំបន់កោះ និងដែនទឹកជាមួយប្រទេសក្នុងសមាគមអាស៊ាន។
ចំពោះក្រុងម៉ានីល ចាត់ទុកជាការបំពានធ្ងន់ធ្ងរលើសេចក្ដីសម្រេចនៃតុលាការមជ្ឈត្តការអន្តរជាតិនៅក្រុងឡាអេ ឆ្នាំ២០១៦ ដោយកាត់ក្ដីឱ្យក្រុងម៉ានីល មានសិទ្ធិចូលទៅកាន់កាប់កោះមួយចំនួននៃប្រជុំកោះស្ព្រាលី នៃសមុទ្រចិនខាងត្បូង។
សេចក្ដីសម្រេចនៃតុលាការមជ្ឈត្តការអន្តរជាតិ ធ្វើឡើងដោយផ្អែកលើភស្តុតាង និងកំណត់ត្រាប្រវត្តិសាស្ត្រអនុលោមតាមច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។
ផ្ទុយទៅវិញ ក្រុងប៉េកាំង បានទាត់ចោលសេចក្ដីសម្រេចពីតុលាការមជ្ឈត្តការអន្តរជាតិ ដោយបានហៅស្ថាប័ននេះថាគ្មានយុត្តាធិការលើសំណុំរឿងវិវាទដែនទឹករបស់ប្រទេសចិន ខណៈក្រុងប៉េកាំង នៅតែវាយប្រហារលើសហរដ្ឋអាមេរិកថាជាប្រទេសក្រៅតំបន់ បានចូលខ្លួនមកពាក់ព័ន្ធជម្លោះផ្ទៃក្នុងនៃតំបន់មួយមានអធិបតេយ្យ។
នៅពេលដំណាលគ្នានៃសេចក្ដីថ្លែងការណ៍ក្រុង Melbourne ចិននៅតែបន្តចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថាកំពុងប្រើប្រាស់ប្រទេសហ្វីលីពីន ធ្វើជាកូនអុករបស់ខ្លួននៅសមុទ្រចិនខាងត្បូង ស្របពេលដែលភាពតានតឹងនៅតែបន្តកើនឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ជុំវិញបញ្ហាជម្លោះទឹកដីនៅដែនសមុទ្រនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចិនសូមទទូចឱ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ហ្វីលីពីន ធ្វើជាកូនអុករបស់ខ្លួនតទៅទៀត ដើម្បីបង្កបញ្ហានៅសមុទ្រចិនខាងត្បូង។ ឯហ្វីលីពីន ផ្ទាល់វិញ មិនគួរបណ្តោយឱ្យខ្លួនស្ថិតនៅក្នុងកណ្ដាប់ដៃសហរដ្ឋអាមេរិកបែបនេះឡើយ។
ក្នុងថ្ងៃដដែលនេះខាងហ្វីលីពីន ក៏បានចេញមុខចោទប្រកាន់លើចិន ផងដែរថា កំពុងតែធ្វើសកម្មភាពបង្កបញ្ហាកាន់តែតានតឹងនៅសមុទ្រចិនខាងត្បូង។
ជាច្រើនខែមកនេះ ចិន និងហ្វីលីពីន ត្រូវបានគេមើលឃើញពីឧប្បត្តិហេតុប្រឈមមុខដាក់គ្នាយ៉ាងញឹកញាប់នៅសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ឆ្មាំល្បាតសមុទ្រហ្វីលីពីន បានអះអាងថា នាវារបស់ខ្លួនមួយគ្រឿងបានរងការខូចខាត ក្រោយពីការបុកទង្គិចជាមួយនាវាឆ្មាំល្បាតសមុទ្រចិនមួយគ្រឿង អំឡុងធ្វើបេសកកម្មផ្គត់ផ្គង់ស្បៀងក្នុងតំបន់សមុទ្រចិនខាងត្បូង។ ការប៉ះទង្គិចគ្នារវាងឆ្មាំសមុទ្រចិន និងហ្វីលីពីន ក៏ធ្លាប់កើតមានផងដែរកាលពីខែធ្នូ ឆ្នាំ២០២៣។
ចិន មិនត្រឹមតែមានជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូងជាមួយនឹងហ្វីលីពីន នោះទេ គឺមានប្រទេស ៤ ទៀតនៃសមាគមអាស៊ានផងដែរ ដូចជាវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ ក៏តែងតែលើកឡើងអំពីការបំពានដែនទឹករបស់ពួកគេដោយប្រទេសចិន។
សម្រាប់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានប្រាប់នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese នៅខាងក្រៅវេទិកាជំនួបកំពូលអាស៊ាន-អូស្ត្រាលី ថា ហ្វីលីពីនកំពុងក្លាយជាខ្សែបន្ទាត់ជួរមុខដែលអាចនាំទៅរកសង្គ្រាមលោកជាថ្មីម្ដងទៀត បើពុំមានការទប់ស្កាត់កម្លាំងអនុត្តរភាពនិយមពីប្រទេសចិន៕