នាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋខ្មែរដែលមានលទ្ធភាពខាងសេដ្ឋកិច្ច បន្តយកកូនឱ្យបានច្រើន ដើម្បីចៀសវាងនូវហានិភ័យកង្វះកម្លាំងពលកម្ម និងធនធានមនុស្សសម្រាប់ប្រទេសកម្ពុជានាពេលអនាគត ដោយសារតែពលរដ្ឋខ្មែរដែលមានវ័យចាស់ត្រូវគេព្យាករថា មានចំនួនកើនឡើងជាងមនុស្សវ័យកណ្តាលនៅឆ្នាំ២០៥០ ខាងមុខនេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នៃក្រសួងផែនការ នៅថ្ងៃទី៩ ខែមេសា នេះថា គូស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីចំនួនកំណត់ ដើម្បីជៀសវាងនូវហានិភ័យកង្វះកម្លាំងពលកម្ម ព្រោះនៅឆ្នាំ២០៥០ ចំនួនប្រជាជនដែលមានវ័យចាស់មានកំណើនកាន់តែច្រើន ដូច្នេះប្រសិនបើអត្រាកំណើតកាន់តែតិចជាងចំនួនមនុស្សចាស់ នោះមិនយូរមិនឆាប់ កម្ពុជាអាចនឹងខ្វះកម្លាំងពលកម្ម។
លោក ហ៊ុន ម៉ាណែត លើកឡើងថា បើទោះបីជាទិន្នន័យជំរឿនបង្ហាញថា កម្ពុជាមិនទាន់មានបញ្ហាចោទនៅឆ្នាំ២០៥០ ចំពោះការខ្វះកម្លាំងពលកម្មក្តី ប៉ុន្តែកម្ពុជាមានសញ្ញានៃការថយចុះរវាងគម្លាតអ្នកដែលមានអាយុចាស់ និងអ្នកដែលពេញកម្លាំង ហើយប្រសិនបើអត្រាកំណើតកាន់តែថយចុះ នោះកម្ពុជាអាចមានបញ្ហាប្រឈមដោយចៀសមិនរួចឡើយក្នុងរយៈពេលជាង ២០ឆ្នាំខាងមុខទៀត។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជាមានគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦ ដល់ឆ្នាំ២០៣០ គឺឈរលើគោលការណ៍ទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយការទទួលខុសត្រូវលើចំនួនកូន ការពន្យារកំណើត និងលទ្ធភាពនៃការទទួលបានព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តក្នុងការយកកូននេះដែរ។
រដ្ឋាភិបាលកម្ពុជាបានបញ្ចេញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា យោងតាមលទ្ធផលជំរឿនឆ្នាំ២០១៩ បង្ហាញថា គិតត្រឹមដើមឆ្នាំ២០១៩ ប្រជាជនកម្ពុជាមានចំនួនសរុបជាង ១៥លាននាក់ (១៥ ២៨៨ ៤៨៩នាក់) ប៉ុន្តែចំនួនប្រជាជនកម្ពុជានៅឆ្នាំ២០២៣ បានកើនឡើងដល់ ១៧លាននាក់ហើយ ខណៈឆ្នាំ២០២២ កម្ពុជាមានចំនួនប្រជាជនសរុបជាង ១៦លាននាក់ប៉ុណ្ណោះ (១៦,៨លាននាក់) ហើយរដ្ឋាភិបាលកម្ពុជារំពឹងថា ចំនួនប្រជាពលរដ្ឋខ្មែរអាចនឹងកើនឡើងដល់ ២០លាននាក់នៅឆ្នាំ២០៣០ ខាងមុខ។
របាយការណ៍ដដែលបង្ហាញថា រាជធានី-ខេត្តដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺរាជធានីភ្នំពេញដែលមានប្រជាជនជាង ២លាននាក់ (២ ១២៩ ៣៧១នាក់) ខណៈខេត្តកែប មានប្រជាជនតិចជាងគេបំផុត គឺមានចំនួនជាង ៤ម៉ឺននាក់ (៤១ ៧៩៨នាក់) ប៉ុណ្ណោះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មេសា នេះថា លោកគាំទ្រឱ្យប្រទេសកម្ពុជាបង្កើននូវចំនួនពលរដ្ឋនៅថ្ងៃមុខ ប៉ុន្តែលោកមិនទាន់ឃើញរដ្ឋាភិបាលមានគោលនយោបាយជាក់លាក់ក្នុងការគាំពារពលរដ្ឋដែលមានកូនច្រើននៅឡើយទេ ស្របពេលដែលពលរដ្ឋកំពុងខ្លាចរអាពីការមានកូនច្រើននៅពេលដែលគាត់កំពុងជួបបញ្ហាជីវភាពខ្សត់ខ្សោយបច្ចុប្បន្ននេះ។
លោក សេក សុជាតិ លើកឡើងថា ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចង់ឱ្យកម្ពុជាមានធនធានមនុស្សកាន់តែច្រើនដែលជាមូលដ្ឋានគ្រឹះមួយសម្រាប់អភិវឌ្ឍប្រទេសជាតិ រដ្ឋាភិបាលត្រូវតែដាក់ចេញនូវគោលនយោបាយដែលអាចជួយឱ្យពលរដ្ឋមានជីវភាពធូរធារជាមុនសិន នៅពេលនោះទោះរដ្ឋាភិបាលមិនប្រកាសឱ្យពួកគាត់យកកូនច្រើន ក៏ពួកគាត់នឹងយកកូនឱ្យបានច្រើនដោយខ្លួនឯងដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ប្រសិនបើលោក ហ៊ុន ម៉ាណែត គ្រាន់តែប្រកាសពីការបាត់បង់កម្លាំងពលកម្ម និងបាត់បង់ធនធានមនុស្សសម្រាប់ប្រទេសនៅថ្ងៃអនាគត ប៉ុន្តែគ្មានផែនការជួយធានាភាពរីកចម្រើននៃជីវភាពរបស់ពលរដ្ឋទេ នោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែជាការប្រកាសបែបប្រជាភិថុតិតែប៉ុណ្ណោះ ព្រោះថារាល់ការប្រកាសផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល សំខាន់បំផុតគឺត្រូវមានគោលនយោបាយ និងយន្តការសម្រាប់អនុវត្តផែនការនោះ ដើម្បីឱ្យដល់គោលដៅដែលខ្លួនបានកំណត់។
ទាក់ទិននឹងបញ្ហានេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ការជំរុញឱ្យពលរដ្ឋយកកូនច្រើន អាចធ្វើទៅបានត្រឹមតែក្នុងលក្ខខណ្ឌដែលពលរដ្ឋមានសេដ្ឋកិច្ចគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់កូនៗរបស់ពួកគេប៉ុណ្ណោះ។
លោក លោក វន់ ពៅ អះអាងថា ការជំរុញឱ្យពលរដ្ឋយកកូនច្រើនជារឿងត្រឹមត្រូវ ប្រសិនបើពលរដ្ឋទាំងអស់មានលទ្ធភាពចិញ្ចឹមកូនគ្រប់គ្រាន់លើការសិក្សារៀនសូត្រ ការផ្គត់ផ្គង់អាហារូបត្ថម្ភបរិបូរណ៍ដូចប្រទេសជិតខាង ដូចជា សិង្ហបុរី ម៉ាឡេស៊ី និងថៃ ជាដើម។
លោកលើកជាសំណួរថា ក្នុងស្ថានភាពដែលគេមើលឃើញថា ពលរដ្ឋខ្មែរដែលមានកូនច្រើនគឺគ្មានជីវភាពធូរធារសម្រាប់ចិញ្ចឹមកូន ដូច្នេះនៅពេលដែលពួកគាត់មានកូនច្រើន តែត្រូវរងទុក្ខលំបាកក្នុងការចិញ្ចឹមកូនដោយគ្មានការគាំពារពីរដ្ឋាភិបាល តើឱ្យពួកគាត់មានកូនច្រើនម្តេចនឹងកើត?៕