អ្នកស្រាវជ្រាវការអភិវឌ្ឍន៍ផ្នត់គំនិត លើកឡើងថា ត្រឹមតែតួលេខដែលបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ ស្របពេលដែលទំហំសេដ្ឋកិច្ចនៅតែមានកម្រិតទាបនោះ គឺបង្ហាញពីសញ្ញាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជានៅថ្ងៃអនាគត។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ មេសា នេះថា ផ្អែកតាមស្ថានភាពជាក់ស្តែងលើវិស័យមួយចំនួនដែលជាវិស័យលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ដូចជា វិស័យកាត់ដេរ វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់ ជាដើម កំពុងរងនូវហានិភ័យជាបន្តបន្ទាប់នោះ ដូច្នេះកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងកម្រិត ៦,១% នៅពេលនេះ គឺមិនស្របគ្នានឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជាឡើយ។
លោក សេក សុជាតិ លើកឡើងថា របាយការណ៍កំណើនសេដ្ឋកិច្ចដែលអាចយកជាការបាន មិនអាចខ្វះនូវការវាយតម្លៃពីផលិតភាពរបស់កម្ពុជាឡើយ ដូចជា កម្លាំងពលកម្ម ជាដើម។ ជាក់ស្តែង កម្លាំងផលិតរបស់កម្ពុជា គឺកម្មករនិយោជិតកំពុងខ្វះការងារធ្វើជាហូរហែ បន្ទាប់ពីរោងចក្រសហគ្រាសមួយចំនួន បានបិទទ្វារនៅពេលនេះ ខណៈការវិនិយោគមូលធនក៏មិនមានភាពធំធាត់សម្រាប់ជំរុញសេដ្ឋកិច្ចជាតិឱ្យល្អប្រសើរដែរ ដូច្នេះរបាយការណ៍ស្ដីពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ នេះ នៅតែត្រូវគេជឿជាក់ថាខុសពីការពិត។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាកើនឡើងដល់កម្រិតណាក៏ដោយ ប៉ុន្តែបើប្រាក់ឈ្នួលរបស់កម្លាំងផលិត គឺកម្មករនិយោជិតនៅតែស្ថិតក្នុងកម្រិតទាបដូចសព្វថ្ងៃនេះ នោះមិនមានអ្វីគួរឱ្យត្រេកអរឡើយ ដូច្នេះប្រសិនបើកំណើនសេដ្ឋកិច្ចនេះ គឺជាវាយតម្លៃបានត្រឹមត្រូវមែននោះ រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើប្រាក់ចំណូលរបស់កម្មករមួយជំហានទៀត ដើម្បីជំរុញទំហំសេដ្ឋកិច្ចរបស់កម្ពុជាឱ្យមានភាពប្រហាក់ប្រហែលនឹងកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅពេលនេះ នោះទើបបញ្ចៀសនូវហានិភ័យនៅថ្ងៃខាងមុខបាន។
លោក សេក សុជាតិ គូសបញ្ជាក់ថា ការជំរុញឱ្យទំហំសេដ្ឋកិច្ចរបស់កម្ពុជាធំធាត់ គឺជារឿងចាំបាច់ ជាងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនទៅទៀត ព្រោះថានៅថ្ងៃអនាគត ប្រសិនបើប្រទេសជិតខាងឈានទៅរកការប្រើបញ្ញាសិប្បនិមិត្តជំនួសកម្លាំងពលកម្ម ច្បាស់ជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋខ្មែរដែលធ្វើការនៅបរទេសដោយចៀសមិនរួចឡើយ ដូច្នេះរដ្ឋាភិបាលត្រូវតែបណ្តុះបណ្តាលជំនាញបច្ចេកទេសទៅពលករ និងកម្មករគ្រប់វិស័យរបស់ខ្លួន ព្រមទាំងទាក់ទាញការវិនិយោគឱ្យបានច្រើនថែមទៀត នោះទើបធានានូវទំហំ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជារឹងមាំទៅថ្ងៃមុខ។
ស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats បានចេញផ្សាយរបាយការណ៍មួយកាលពីពេលថ្មីៗនេះ បានដាក់ឱ្យប្រទេសកម្ពុជាឈរលើកំពូលតារាងលេខ១ ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ គឺ ៦,១% ក្នុងតំបន់អាស៊ាន ខណៈប្រទេសហ្វីលីពីន បានត្រឹម ៥,៩% និងប្រទេសវៀតណាម បានត្រឹម ៥,៨% ចំណែកប្រទេសថៃ បានត្រឹម ៣,២% ប៉ុណ្ណោះ។ ដោយឡែកក្នុងតំបន់អាស៊ីវិញ កម្ពុជាជាប់ចំណាត់ថ្នាក់៣ នៅក្រោមដែនដីកោះម៉ាកាវ ដែលមានកំណើនសេដ្ឋកិច្ច ២៧,២% និងប្រទេសឥណ្ឌា មានកំណើន ៦,៣% នោះ។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៩ ខែមេសា នេះថា ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងខ្ពស់ បើធៀបនឹងប្រទេសផ្សេងៗក្នុងតំបន់ក៏ដោយ ប៉ុន្តែមិនមានន័យថា ទំហំកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា កើនឡើងធំជាងប្រទេសផ្សេងដែលមានកំណើនសេដ្ឋកិច្ចទាបនោះទេ។
លោក អ៊ុំ សំអាន លើកជាឧទាហរណ៍ដើម្បីបែងចែកកំណើនសេដ្ឋកិច្ច និងទំហំសេដ្ឋកិច្ចមកបញ្ជាក់ថា បើកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកើនឡើង ៦,១% ប៉ុន្តែទំហំសេដ្ឋកិច្ច គឺផលិតផលក្នុងស្រុកសរុប ឬ GDP មានត្រឹមតែ ៣២,១៧ពាន់លានដុល្លារអាមេរិក ខណៈសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលមានកំណើនត្រឹមតែ ៣,២% តែទំហំសេដ្ឋកិច្ចបែរជាមានរហូតដល់ប្រមាណជាង ៤០០ពាន់លានដុល្លារអាមេរិកនោះ មានន័យថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅតែល្អប្រសើរជាងស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាដដែល។
ក្រុមអ្នកឃ្លាំមើលលើកឡើងថា បើគេប្រៀបធៀបកំណើនសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសជិតខាង ដូចជា វៀតណាម និងថៃ ជាដើម គឺកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងប្រទេសទាំងពីរនេះមែន ប៉ុន្តែបើនិយាយអំពីទំហំសេដ្ឋកិច្ច ឬហៅថាទំហំផលិតផលក្នុងស្រុកសរុប (GDP) វិញ កម្ពុជាមានត្រឹមតែ ៣២,១៧ពាន់លានដុល្លារប៉ុណ្ណោះនៅឆ្នាំ២០២៣ កន្លងទៅ។
ចំណែកប្រទេសថៃ មានកំណើនសេដ្ឋកិច្ចត្រឹមតែ ២,៧% ប៉ុណ្ណោះនៅឆ្នាំ២០២៣ តែមានទំហំសេដ្ឋកិច្ចសរុប ឬផលិតផលក្នុងស្រុកសរុបរហូតដល់ទៅប្រមាណជា ៤៩៥ពាន់លានដុល្លារអាមេរិកឯណោះ ស្របពេលដែលវៀតណាម ក៏មានទំហំសេដ្ឋកិច្ចសរុប ឬផលិតផលក្នុងស្រុកសរុបជាង ៣៥៥ពាន់លានដុល្លារអាមេរិកលើសកម្ពុជាដែរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២៤ ពលរដ្ឋខ្មែរម្នាក់អាចរកចំណូលជាមធ្យមបានប្រមាណជាង ២ពាន់ដុល្លារអាមេរិក (២០៧១ដុល្លារ) ក្នុងមួយឆ្នាំ ឬជាង ១៦៨ដុល្លារក្នុងមួយខែ ដែលតួលេខនេះបង្ហាញថា ប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរ គឺទាបជាងគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន លើកលែងតែប្រទេសភូមា មួយប៉ុណ្ណោះ ដូច្នេះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ៦,១% សម្រាប់ឆ្នាំ២០២៤ នេះ ក៏គ្មានអ្វីល្អប្រសើរជាងប្រទេសថៃ និងវៀតណាម ដែលមានកំណើនសេដ្ឋកិច្ចទាបជាងខ្លួននោះដែរ៕