អ្នកឃ្លាំមើលលើកឡើងថា ពាក្យសន្តិភាព គ្រាន់តែពាក្យគំរាមដើម្បីការពារអំណាចបន្តពូជត្រកូលហ៊ុនពីការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋ ដែលចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដប៉ុណ្ណោះ ព្រោះថាសព្វថ្ងៃនេះ លោក ហ៊ុន សែន ប្រើអំណាចចាប់ពលរដ្ឋស្លូតត្រង់ដាក់គុក គឺសុទ្ធតែក្រោមលេសការពារសន្តិភាព។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily ថា ពាក្យ «សន្តិភាព» ដែលចេញពីមាត់បុគ្គលក្រាញអំណាចបន្តវង្សត្រកូលដូចលោក ហ៊ុន សែន គឺជាពាក្យបោកប្រាស់ពលរដ្ឋខ្មែរសុទ្ធសាធ ព្រោះថាសន្តិភាពរបស់ប្រទេសមួយ ឬប្រជាជាតិមួយ គឺសំដៅដល់ប្រទេសដែលមានការអនុវត្តច្បាប់ពេញលេញរាប់ចាប់តាំងពីមេដឹកនាំកំពូលរបស់ប្រទេស រហូតដល់មន្ត្រីរាជការ និងពលរដ្ឋគ្រប់រូប ប៉ុន្តែមិនមែនជាច្បាប់ដែលស្ថិតនៅក្រោមបាតជើងមេដឹកនាំដូចគ្រួសារត្រកូលហ៊ុនអនុវត្តសព្វថ្ងៃនេះទេ។
លោក ម៉ែន ណាត លើកឡើងថា កម្ពុជាជាប្រទេសមួយដែលជាប់ពិន្ទុអាក្រក់ស្ទើរតែគ្រប់យ៉ាង ដូចជា ពិន្ទុអាក្រក់ខាងអំពើពុករលួយ ពិន្ទុអាក្រក់ខាងគាបសង្កត់សេរីភាពពលរដ្ឋ និងជាប់ពិន្ទុអាក្រក់ខាងនីតិរដ្ឋ ជាដើម។ ជាងនេះទៀត ក៏ជាប់ឈ្មោះអាក្រក់ជាប្រទេសដែលប្រព្រឹត្តអំពើឧក្រិដ្ឋនានាផងដែរ ដូចជា ជាប់ឈ្មោះជាប្រទេសជួញដូរគ្រឿងញៀន ជាប់ឈ្មោះជាប្រទេសជួញដូរមនុស្ស ជាប់ឈ្មោះជាប្រទេសលាងលុយកខ្វក់ និងជាប់ឈ្មោះជាប្រទេសលក់ទ្រព្យសម្បត្តិធនធានធម្មជាតិរបស់ខ្លួន ខណៈនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត ក៏ជាប់ឈ្មោះជាមេដឹកនាំកខ្វក់ថែមទៀត តែបែរជាមកអួតថាជាប្រទេសមានសន្តិភាពទៅវិញ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ប្រទេសកម្ពុជាមិនអាចរាប់ចូលជាប្រទេសដែលមានសន្តិភាពបានទេ នៅពេលដែលលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងសេរីភាពនយោបាយ ព្រមទាំងសិទ្ធិជាមូលដ្ឋាននានារបស់ពលរដ្ឋ នៅតែរងនូវការគាបសង្កត់ដូចសព្វថ្ងៃនេះ។ ជាងនេះទៀត កម្ពុជាក៏កំពុងស្ថិតក្នុងការគ្រប់គ្រងដោយឯកបក្សក្នុងនាមជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យទៀតនោះ គឺរឹតតែបង្ហាញកាន់តែច្បាស់ថែមទៀតថា កម្ពុជាកាន់តែនៅឆ្ងាយពីសន្តិភាព និងកំពុងរមៀលទៅរកជ្រោះមរណៈក្នុងរបបផ្ដាច់ការសម្រាប់ពលរដ្ឋខ្មែរគ្រប់រូបទៅវិញ។
កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា បើគិតចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះ គឺមានរយៈពេល ៤៩ឆ្នាំហើយដែលលោកបានរងគ្រោះពិការភ្នែកខាងឆ្វេង។
លោក ហ៊ុន សែន បញ្ជាក់ថា ដោយសារតែមូលហេតុនេះហើយ ទើបលោកខិតខំបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដី បង្កើតនូវការសប្បាយរីករាយជូនប្រជាពលរដ្ឋខ្មែរ ដូច្នេះពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាការពារសន្តិភាពឱ្យខាងតែបាន។
ប៉ុន្តែអ្នកសង្កេតការណ៍លើកឡើងថា ដើម្បីឱ្យកម្ពុជាមានសន្តិភាព និងមានស្ថិរភាពនយោបាយពិតប្រាកដ ទាល់តែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាត្រូវបានរដ្ឋាភិបាលយកទៅអនុវត្តឱ្យបានពេញលេញ ប៉ុន្តែការដឹកនាំតាមរបៀបរំលោភបំពានច្បាប់របស់រដ្ឋាភិបាលឯកបក្សបច្ចុប្បន្ននេះ គ្រាន់តែជាសន្តិភាពសម្រាប់អ្នកមានអំណាចតែប៉ុណ្ណោះ ខណៈពលរដ្ឋខ្មែររស់ក្នុងភាពភ័យខ្លាចដូចក្នុងសម័យសង្គ្រាមដដែល។
ប្រភពដដែលលើកឡើងថា ការគ្រប់គ្រង និងការគាបសង្កត់របស់លោក ហ៊ុន សែន ដែលដឹកនាំដោយការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា យ៉ាងព្រៃផ្សៃសព្វថ្ងៃនេះ គឺជាភស្តុតាងយ៉ាងជាក់ច្បាស់ពីការបំផ្លាញសន្តិភាព និងបង្កអសន្តិសុខធ្ងន់ធ្ងរដល់ប្រទេសកម្ពុជាទាំងមូល។
យ៉ាងណាក៏ដោយ ការអនុវត្តច្បាប់របស់រដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំមកនេះ ត្រូវគេមើលឃើញថា បានរំលោភបំពានច្បាប់ រំលោភសិទ្ធិពលរដ្ឋ និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុធ្វើឱ្យពលរដ្ឋខ្មែរគ្រប់រូបមិនទទួលស្គាល់ថាកម្ពុជាជាប្រទេសដែលមានសន្តិភាពនៅឡើយ៕