30.3 C
Phnom Penh

មន្ត្រី​បក្ស​ជំទាស់​រំឭក​ថា​លោក ហ៊ុន សែន ជា​មេដឹកនាំ​ខ្មែរ​តែ​មួយ​គត់​ដែល​ចែក​ទឹកដី​ឱ្យ​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គ្មាន​មេដឹកនាំ​ខ្មែរ​មួយ​ណា​ចាត់ទុក​វៀតណាម ជា​អ្នក​មាន​គុណ​ទេ គឺ​មាន​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ដែល​ចាត់ទុក​សត្រូវ​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា​ជា​អ្នក​មាន​គុណ​ខ្មែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ សីហា នេះ​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ធ្វើ​កិច្ចសន្យា​ខុស​ច្បាប់​ឱ្យ​វៀតណាម រំលោភ​យក​ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ។

ប្រភព​ខាងលើ​អះអាង​ថា ចំណែក​លោក ហ៊ុន ម៉ាណែត ដែល​កូន​ត្រូវ​ដឹកនាំ​ប្រទេស​អនុវត្ត​កិច្ចសន្យា​ខុស​ច្បាប់​របស់​ឪពុក​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ដើម្បី​សងគុណ​វៀតណាម ដែល​ជួយ​ឱ្យ​វង្ស​ត្រកូល​របស់​គាត់​គ្រប់គ្រង​ប្រទេស​កម្ពុជា​ត​ពូជ​ទៅ​ថ្ងៃ​មុខ។

លោក អ៊ុំ សំអាន លើកឡើង​ថា កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង​តាម​សន្ធិសញ្ញា​ខុស​ច្បាប់​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ អំឡុង​ពេល​ដែល​វៀតណាម ឈ្លានពាន និង​ត្រួតត្រា​ប្រទេស​កម្ពុជា​នៅ​អំឡុង​ទសវត្សរ៍​១៩៨០។

លោក​ថា យោង​តាម​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​១៩៨២ នេះ លោក ហ៊ុន សែន ក៏​បាន​កាត់​ទឹក​សមុទ្រ​ខ្មែរ​ឲ្យ​ទៅ​វៀតណាម ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ និង​បាន​ដាក់​ដែនសមុទ្រ​ខ្មែរ​រួម​ជាមួយ​វៀតណាម ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​ផង​ដែរ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា នៅ​ពេល​ដែល​ប្រទេស​ថៃ និង​វៀតណាម ចុះហត្ថលេខា​ទ្វេភាគី​ឆ្នាំ​១៩៩៧ ដោយ​សំអាង​លើ​សន្ធិសញ្ញា​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ នេះ រដ្ឋាភិបាល​ថៃ ក៏​បាន​យក​ដែនសមុទ្រ​ខ្មែរ​អស់ ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​ថែម​ទៀត។

លោក​ថា ហេតុ​នេះ​ហើយ​ទើប​មាន​តំបន់​ត្រួត​គ្នា​រវាង​កម្ពុជា-ថៃ ទំហំ ២៦០០០​គីឡូម៉ែត្រ​ការ៉េ​រហូត​ដល់​សព្វថ្ងៃ​នេះ។ លោក​បន្ត​ថា សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ គ្មាន​តំបន់​ត្រួត​គ្នា​រវាង​កម្ពុជា-ថៃ ទំហំ ២៦០០០​គីឡូម៉ែត្រ​ការ៉េ​ទេ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​គោក​រួចរាល់ ពួកគេ​នឹង​គប់គិត​គ្នា​កំណត់​ព្រំដែន​សមុទ្រ​ដោយ​ប្រើ​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​១៩៨២ បន្ត​ទៀត ដូច្នេះ​កម្ពុជា​នឹង​ត្រូវ​បាត់បង់​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ រួម​ទាំង​ដែនសមុទ្រ​ខ្មែរ​ដែល​ដាក់​រួម​គ្នា​ទៅ​ខាង​ភាគី​វៀតណាម និង​ភាគី​ថៃ ជា​ផ្លូវការ​នៅ​ពេល​ខាង​មុខ។

លោក​ថា នៅ​ពេល​ដែល​កម្ពុជា​បាត់បង់​ដែនទឹក​ទាំងនេះ ច្រក​ចេញ​ចូល​របស់​កម្ពុជា​ទៅ​កាន់​សមុទ្រ​អន្តរជាតិ ក៏​អាច​នឹង​ត្រូវ​បិទ​ដែរ ដូច្នេះ​នៅ​ថ្ងៃ​អនាគត កម្ពុជា​នឹង​ផ្ញើ​វាសនា​របស់​ខ្លួន​លើ​វៀតណាម ទាំងស្រុង​ដូច​ប្រទេស​ឡាវ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម ហើយ​លោក ហ៊ុន សែន ក៏​ជា​មេដឹកនាំ​ដែល​កងទ័ព​វៀតណាម លើក​បន្តុប ដូច្នេះ​ហើយ​ទើប​បាន​ជា​មេដឹកនាំ​ខ្មែរ​រូប​នេះ​ហ៊ាន​ចុះ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​កាត់​ទឹកដី​កម្ពុជា​ឱ្យ​រដ្ឋាភិបាល​វៀតណាម ជា​បន្តបន្ទាប់ រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស