ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) ជំរុញឱ្យចៅក្រមស៊ើបសួរ កោះហៅប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ទៅសាកសួរក្នុងសំណុំរឿងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដើម្បីស៊ើបអង្កេតរកការពិតអំពីមូលហេតុឲ្យនៅក្រៅឃុំ។
ក្រុមអ្នកតស៊ូមតិកម្ពុជា (Cambodian Advocacy Team) ចេញសេចក្តីថ្លែងការណ៍វិភាគមួយនៅថ្ងៃទី២៩ តុលា នេះថា ការដែលលោក ម៉ិច ដារ៉ា សុខចិត្តសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីបាននៅក្រៅឃុំកាលពីពេលថ្មីៗនេះ គឺជាការរៀបចំជាប្រព័ន្ធរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ប៉ុន្តែទង្វើបែបនេះ គឺប្រាសចាកពីនីតិវិធីច្បាប់នៅប្រទេសកម្ពុជាទាំងស្រុង។
ប្រភពដដែលលើកឡើងថា ចៅក្រមស៊ើបសួរមានមុខនាទីផ្ដល់យុត្តិធម៌ជូនលោក ម៉ិច ដារ៉ា ជុំវិញការថតវីដេអូសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលស្ថិតក្នុងសម្លៀកបំពាក់ជាអ្នកទោស ទាំងដែលលោកមិនត្រូវបានតុលាការផ្ដន្ទាទោសផងនោះ។
ក្នុងអង្គហេតុនេះ លោក ម៉ិច ដារ៉ា កំពុងជាប់ឃុំនៅពន្ធនាគារ “ម២” ក្នុងខេត្តកណ្ដាល ដែលមិនមានសិទ្ធិសូម្បីតែប្រើទូរសព្ទផ្ទាល់ខ្លួន និងទំនាក់ទំនងជាមួយអ្នកខាងក្រៅ ដូច្នេះតើការថតវីដេអូនោះកើតឡើងរបៀបណា ហើយថាតើមានជនណាខ្លះដែលពាក់ព័ន្ធក្នុងការរៀបចំសកម្មភាពថតវីដេអូសុំទោសនេះ។
ក្រុមអ្នកតស៊ូមតិកម្ពុជា អះអាងថា ប្រសិនបើខកខានរកអត្តសញ្ញាណអ្នកធ្វើសកម្មភាពថតវីដេអូនេះមិនឃើញទេ នោះគឺអាចសន្និដ្ឋានបានថា ការរៀបចំថតវីដេអូនេះ គឺជាបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន ឬលោក ហ៊ុន ម៉ាណែត ព្រោះទង្វើបែបនេះបានកើតមានរាប់មិនអស់នាពេលកន្លងមក ហើយបើគ្មានបញ្ជាពីលោក ហ៊ុន សែន ក៏គ្មាននរណាម្នាក់ហ៊ានធ្វើរឿងនេះដែរ។
ប្រភពដដែលលើកឡើងថា ការសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺជាសកម្មភាពមិនគួរកើតឡើងទាល់តែសោះក្នុងសង្គមខ្មែរ ដែលជាប្រទេសមានព្រះមហាក្សត្រសោយរាជ្យ ព្រោះថាបើផ្អែកតាមរដ្ឋធម្មនុញ្ញ មានតែអង្គព្រះមហាក្សត្រមួយព្រះអង្គគត់ដែលមានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស ឬលើកលែងទោស ក្រោយមានសាលក្រម ឬសាលដីកាស្ថាពរណាមួយចេញពីតុលាការ។
ប្រភពដដែលបន្តថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនមានបុព្វសិទ្ធិ ឬមុខនាទី ឬអាណត្តិតាមច្បាប់ និងនីតិវិធីណាមួយក្នុងការដាក់ទោស ឬឲ្យរួចទោសដល់ជនណាមួយឡើយ ដូច្នេះសកម្មភាពសុំទោសពីលោក ម៉ិច ដារ៉ា គឺជាអំពើក្រៅប្រព័ន្ធច្បាប់ និងប្រាសចាកពីសីលធម៌សង្គមទាំងស្រុង។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ តុលាការក្រុងភ្នំពេញ បានសម្រេចចេញដីកាដោះលែងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីលោកចេញវីដេអូសុំទោសមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

