28.6 C
Phnom Penh

ក្រុម​អ្នកវិភាគ​ខ្មែរ​ថា​ប្រជាធិបតេយ្យ​នៅ​បរទេស​មិន​ស្ថិត​ក្នុង​របៀបវារៈ​នៃ​រដ្ឋការ​ថ្មី​អាមេរិកាំង​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ សម្ដែង​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​ធ្លាក់​ចុះ​នូវ​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស បន្ទាប់ពី​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​សាជាថ្មី។

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា បើ​ពិនិត្យ​លើ​អត្តចរិត និង​គោលនយោបាយ​ការបរទេស​ពី​លោក ដូណាល់ ត្រាំ ក៏ដូចជា​គណបក្ស​សាធារណរដ្ឋ ជា​រួម​បាន​បង្ហាញ​ថា ការ​ជំរុញ និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​បរទេស នឹង​មិន​ស្ថិត​ក្នុង​របៀបវារៈ​ស្នូល​នៃ​រដ្ឋបាល​លោក ដូណាល់ ត្រាំ ឡើយ។

លោក សេង វណ្ណលី លើកឡើង​ថា ក្នុង​លក្ខខណ្ឌ​បែប​នេះ​មិនមែន​ត្រឹមតែ​ជះ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​បង្អាក់​ដល់​ចលនា​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក​ដែរ ខណៈ​កំណើន​របប​ផ្ដាច់ការ​និយម​កាន់តែ​កើន​ឡើង​ជា​បន្តបន្ទាប់​នៅ​ទូទាំង​ពិភពលោក​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា លោក​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​ចំពោះ​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​ភ្លាមៗ​បាន​ទេ នៅ​ពេល​ដែល​លោក ដូណាល់ ត្រាំ ទើប​នឹង​ជាប់​ឆ្នោត​មិន​ទាន់​បាន​ដឹកនាំ​ផង​នោះ។

ចំណែកឯ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លោក​ក៏​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ដែរ​ថា ទោះបី​សារ​លិខិត​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​បាន​អបអរ​សាទរ​លោក ដូណាល់ ត្រាំ បាន​លើកឡើង​ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ក្តី ក៏​មិនមែន​បាន​ន័យ​ថា​ប្រទេស​កម្ពុជា​វិល​ទៅ​រក​ការ​ស្ដារ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដូច​បំណង​ពលរដ្ឋ​ខ្មែរ និង​រដ្ឋធម្មនុញ្ញ​នោះ​ដែរ។

លោក ដូណាល់ ត្រាំ បាន​ឡើង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លើកដំបូង​កាលពី​ឆ្នាំ​២០១៧ ក្នុង​ការ​ជាប់​ឆ្នោត​ឆ្នាំ​២០១៦ ប៉ុន្តែ​ក្រោយ​ចាញ់​ឆ្នោត​លោក ចូ បៃដិន ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០ លោក ដូណាល់ ត្រាំ ក៏​ត្រូវ​ចាកចេញ​ពី​សេតវិមាន​កាលពី​ដើម​ឆ្នាំ​២០២១ ប៉ុន្តែ​លោក​នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​សម្រាប់​អាណត្តិ​ទី​២ នៅ​ចុង​ខែ​មករា ឆ្នាំ​ក្រោយ​នេះ​វិញ។

ក្នុង​រយៈពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​លើកដំបូង​រយៈពេល ៤​ឆ្នាំ លោក ដូណាល់ ត្រាំ ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​គ្រាក់ៗ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ ដូចជា ការ​ដាក់​ទណ្ឌកម្ម​លើ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​កង​អង្គរក្ស​សម្រាប់​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស យោង​តាម​ច្បាប់​សិទ្ធិមនុស្ស Global Magnitsky ឆ្នាំ​២០១៦។

បន្ទាប់​មក​ទៀត នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៩ រដ្ឋបាល​លោក ដូណាល់ ត្រាំ ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា ទ្រី ភាព និង​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ឧត្ដមសេនីយ៍ គន់ គីម ដែល​សុទ្ធសឹងតែ​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ជុំវិញ​ការ​ប្រើប្រាស់​ឥទ្ធិពល និង​បណ្ដាញ​របស់​ខ្លួន​ដើម្បី​កេងប្រវ័ញ្ច​ពលរដ្ឋ​ខ្មែរ ហើយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន ដែល​ទៅ​រកស៊ី​នៅ​ប្រទេស​កម្ពុជា​ដែរ។

បន្ថែម​លើ​នេះ ក្រុមហ៊ុន​ចំនួន ១៦ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ទាំង​ពីរ​នេះ ក៏​ត្រូវ​រង​ទណ្ឌកម្ម​ថែម​ទៀត ខណៈ​សមាជិក​ក្រុម​គ្រួសារ​លោក គន់ គីម ចំនួន​បី​នាក់ គឺ​ភរិយា​របស់​លោក អ្នកស្រី គីង ចាន់ឌី លោក គីម ផារ៉ា និង​អ្នកស្រី គីម សុផារី ក៏​មាន​នៅ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​នេះ​ដែរ។

បន្ថែម​លើ​នេះ ក្រុមហ៊ុន​ចិន ឈ្មោះ Union Development Group Co. Ltd ហៅ​កាត់​ថា UDG ដែល​សាងសង់​គម្រោង​ដ៏​ធំ​មហិមា​មួយ​នៅ​ក្នុង​ដី​ឧទ្យាន​ជាតិ​ក្នុង​ខេត្ត​កោះកុង នៃ​ប្រទេស​កម្ពុជា ក៏​ត្រូវ​រង​នូវ​ទណ្ឌកម្ម​ក្រោម​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ ដែរ​កាលពី​ចុង​ឆ្នាំ​២០២០ កន្លង​ទៅ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស