មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា អតីតនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន នឹងក្លាយជាជនក្បត់ជាតិ ប្រសិនបើកោះគុតត្រូវបានកាត់ទៅឱ្យប្រទេសថៃ ដូចការអះអាងពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៦ ធ្នូ នេះថា ទោះជាមានការអះអាងពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលថាកោះគុតបានក្លាយជាកម្មសិទ្ធិផ្ដាច់មុខរបស់ប្រទេសថៃ ក៏ដោយ ក៏ក្នុងពេលបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរនៅមិនទាន់ជឿសម្ដីអតីតនាយករដ្ឋមន្ត្រីថៃរូបនេះនៅឡើយដែរ។
លោក មុត ចន្ថា លើកឡើងថា ការអះអាងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ថាកោះគុតគឺជាកម្មសិទ្ធិផ្ដាច់មុខរបស់ថៃ គឺស្មើនឹងទះកំផ្លៀងនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត យ៉ាងដំណំ ដោយសារតែលោក ហ៊ុន ម៉ាណែត ធ្លាប់ប្រាប់ពលរដ្ឋខ្មែរកាលពីពេលថ្មីៗនេះថា គ្មាននរណាទាមទារយកកោះគុតទេ សូម្បីតែប្រទេសថៃ ក៏ដោយ។
លោក មុត ចន្ថា អះអាងថា ទោះបីប្រទេសកម្ពុជាបានប្រគល់កោះគុតទៅឱ្យប្រទេសថៃ តាមរយៈអនុស្សរណៈយោគយល់ឆ្នាំ២០០១ ក៏ដោយ ក៏វាមិនអាចធ្វើទៅរួចដែរ ព្រោះទង្វើនេះគឺរំលោភបំពានលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលបានក្លាយជាច្បាប់អន្តរជាតិ អំពីបញ្ហាដែនសមុទ្ររវាងប្រទេសកម្ពុជា និងប្រទេសសៀម។
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា មានតែបងធម៌របស់លោក ថាក់ស៊ីន គឺលោក ហ៊ុន សែន ប៉ុណ្ណោះ ដែលមានសិទ្ធិឆ្លើយតបចំពោះការអះអាងរបស់លោក ថាក់ស៊ីន ដែលថាអនុស្សរណៈយោគយល់ឆ្នាំ២០០១ ឬ MOU លេខ៤៤ បានកាត់ឆ្វៀលកោះគុតទៅប្រទេសថៃ មែនឬក៏អត់នោះ។
លោកគូសបញ្ជាក់ថា លោក ហ៊ុន សែន ត្រូវតែចេញមុខស្រាយបំភ្លឺចំពោះមុខពលរដ្ឋខ្មែរពាក់ព័ន្ធនឹងអនុស្សរណៈឆ្នាំ២០០១ ឬ MOU លេខ៤៤ នេះ ព្រោះប្រជាពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែចង់ដឹងពីរឿងនេះ ថាតើកោះគុតគឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ឬជាកម្មសិទ្ធិរបស់ប្រទេសថៃ ចេញពីមាត់ផ្ទាល់របស់គាត់ដែលជានាយករដ្ឋមន្ត្រីនាពេលនោះ។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានលើកឡើងក្នុងកម្មវិធីសិក្ខាសាលាមួយស្ដីពី «ការកសាងសមត្ថភាពសមាជិកសភា និងបុគ្គលិកនយោបាយ» របស់គណបក្សភឿថៃ (Pheu Thai) ថា កោះគុតជាកម្មសិទ្ធិរបស់ថៃ ១លានភាគរយ ដោយគ្មានប្រទេសណាអាចដណ្ដើមកាន់កាប់បានឡើយ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ លើកឡើងថា ចំពោះប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជាមួយចំនួនដែលបានចុះផ្សាយថា មេដឹកនាំខ្មែរមិនចាត់ទុកកោះគុត គឺជាដែនអធិបតេយ្យរបស់ថៃ នោះ គឺជាព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ឬ អេអាយ (AI) ដើម្បីផ្សព្វផ្សាយរឿងប្រតិដ្ឋតែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ អ្នកជំនាញនយោបាយការទូតអន្តរជាតិ លោក សេង វណ្ណលី បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៤ ធ្នូ ថា នាយករដ្ឋមន្ត្រីថៃ ទាំងឪពុកទាំងកូន ចេញមុខអះអាងម្តងហើយម្តងទៀតថា «កោះគុត» ជារបស់ថៃ មួយលានភាគរយ ខណៈមេដឹកនាំកម្ពុជាមិនហ៊ានសូម្បីតែប្រកាសជំហរលើកោះគុត ក្រោមហេតុផលថា ខ្លួនមានភាពចាស់ទុំខាងនយោបាយ។
គួររំឭកថា លោក ហ៊ុន សែន បានសន្មតយកលោក ថាក់ស៊ីន ធ្វើជាបងប្អូនធម៌នឹងគ្នា ហើយយកអតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវមេទ័ពទម្លាក់ពីតំណែងនោះធ្វើជាទីប្រឹក្សាសេដ្ឋកិច្ច ដែលគ្រានោះធ្វើឲ្យមេដឹកនាំថៃ ក្តៅក្រហាយយ៉ាងខ្លាំង។ កាលពីអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៅមានព្រះជន្មគង់នៅ ព្រះអង្គធ្លាប់មានបន្ទូលអំពីលោក ថាក់ស៊ីន ថាលោកដាក់ទុនរាប់ពាន់លានដុល្លាររកស៊ីជាមួយលោក ហ៊ុន សែន នៅក្នុងខេត្តកោះកុង។
ក្រោយពីលោក ថាក់ស៊ីន អស់តំណែង អស់អំណាច លោក ហ៊ុន សែន បង្វែរខេត្តកោះកុង ទៅឲ្យចិន អភិវឌ្ឍវិញ។ ចំពោះរឿងចុះអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ គឺលោកទេសរដ្ឋមន្ត្រី សុខ អាន ចុះហត្ថលេខាតំណាងឲ្យរាជរដ្ឋាភិបាលខ្មែរតាមបញ្ជាលោក ហ៊ុន សែន ក្នុងមុខនាទីជាប្រធានអាជ្ញាធរប្រេងឥន្ធនៈកម្ពុជា ជាមួយរដ្ឋមន្ត្រីកិច្ចការបរទេសនៃរាជាណាចក្រថៃ លោក ស៊ុរៈគៀត សាធីរ៉ាត់ថៃ។ ដូច្នេះ ពលរដ្ឋខ្មែរទាមទារឲ្យលោក ហ៊ុន សែន ចេញមុខបំភ្លឺអំពីបញ្ហាជាតិមាតុភូមិនោះ មិនខុសទេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

