ក្រសួងទេសចរណ៍ អះអាងថា រយៈពេល ២ថ្ងៃក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេសជាង ៣លាន ៥សែននាក់ (៣៥៣៥៣២៥នាក់)។
ក្រសួងទេសចរណ៍ រាយការណ៍នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នេះថា ថ្ងៃទី៣០ ខែធ្នូ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តជាង ២សែននាក់ (២១៦៣៣១នាក់) និងភ្ញៀវទេសចរបរទេសជិត ២សែននាក់ (១៨២៤៩នាក់) ខណៈថ្ងៃបន្ទាប់ គឺថ្ងៃឆ្លងឆ្នាំ ក៏ទទួលបានភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តជាង ៣លាន ២សែននាក់ (៣២៧១៧៣៤នាក់) និងភ្ញៀវទេសចរបរទេសជិត ៣សែននាក់ទៀតផងដែរ (២៩០១១នាក់)។
ប្រភពដដែលលើកឡើងថា រាជធានី-ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេមានចំនួន ៥ ដូចជា រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាង ១,៥លាននាក់ (១៥៧៣៤៧៩នាក់) ខេត្តព្រះសីហនុ ជាង ៤សែននាក់ (៤២២៨២៩នាក់) ខេត្តសៀមរាប ជាង ៣សែននាក់ (៣៣៣៦៦០នាក់) ខេត្តបាត់ដំបង ជាង ៣សែននាក់ (៣២៤៧៦០នាក់) និងខេត្តកំពត ជាង ២សែននាក់ (២២៧៩៧៦នាក់)។
ក្រសួងទេសចរណ៍បញ្ជាក់ថា សរុបរយៈពេល ២ថ្ងៃ គឺថ្ងៃទី៣០ និងថ្ងៃទី៣១ ខែធ្នូ កម្ពុជាទទួលបានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេសចំនួនជាង ៣លាន ៥សែននាក់ (៣៥៣៥៣២៥នាក់) ក្នុងនោះមានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តជាង ៣លាន ៤សែននាក់ (៣៤៨៨០៦៥នាក់) ខណៈភ្ញៀវទេសចរបរទេសក៏មានជាង ៤សែននាក់ដែរ (៤៧២៦០នាក់)។
ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥ នេះ រដ្ឋាភិបាលកម្ពុជាក៏បានបង្កើតព្រឹត្តិការណ៍សាទរកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ ដែលរៀបចំឱ្យមានអ្នកចូលរួមជាក្បួនដង្ហែប្រមាណជា ៣០០០នាក់ រួមជាមួយការប្រគំតន្ត្រី ការសម្ដែងសិល្បៈ ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលដែលអមទៅដោយការបាញ់កាំជ្រួចថែមទៀត។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១ មករា នេះថា លោកមិនជំទាស់នឹងការប្រារព្ធកម្មវិធីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងប្រទេសកម្ពុជានោះទេ ប៉ុន្តែអ្នករៀបចំកម្មវិធី និងអ្នកជ្រោមជ្រែងត្រូវដឹងថា ហេតុអ្វីបានជាភ្ញៀវទេសចរបរទេសមិនមកលេងប្រទេសកម្ពុជា។
លោក ហេង ស្រស់ លើកឡើងថា កាលពីពាក់កណ្ដាលឆ្នាំ២០២៤ គ្រប់បណ្ដាស្ថានទូតប្រចាំប្រទេសកម្ពុជាទាំងអស់ លើកលែងតែស្ថានទូតចិនដែលថាជាមិត្តដែកថែបសម្រាប់ប្រទេសកម្ពុជានោះ បានហាមឃាត់ពលរដ្ឋរបស់គេមិនឲ្យចូលមកលេងប្រទេសកម្ពុជាឡើយ ដោយសារពួកគេកំណត់ថាប្រទេសមួយនេះសម្បូរទៅដោយជនឆបោក ជនចាប់ជំរិត ឧក្រិដ្ឋជន និងការជួញដូរគ្រឿងញៀន លាងលុយកខ្វក់ ជាដើម។
សកម្មជនបរិស្ថានរូបនេះបញ្ជាក់ថា លើសពីនេះ ពួកគេក៏បានចាត់ប្រទេសកម្ពុជាជាកន្លែងសោយសុខសម្រាប់ឧក្រិដ្ឋជន និងជាប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែរ ដូច្នេះសំណួរសួរថា តើរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើអ្វី ហើយពលរដ្ឋត្រូវកែប្រែសង្គមរបស់ខ្លួនតាមរបៀបណា ដើម្បីឲ្យសង្គមជាតិមួយនេះមានភាពល្អប្រសើរនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

