ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំដើម្បីធ្វើពិធីប្រារព្ធរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ ជិតវិមានឯករាជ្យ ខណៈអ្នកឃ្លាំមើលសង្គមអះអាងថាលោក ហ៊ុន សែន បានរំលោភរដ្ឋធម្មនុញ្ញរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរក្រោមរូបភាពវិសោធនកម្ម។
សារាចរស្ដីពីការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដែលចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣ ខែមករា ដែលទើបចេញផ្សាយនៅថ្ងៃទី៩ មករា នេះថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជាទិវាប្រកាសរដ្ឋធម្មនុញ្ញ មានចែងក្នុងអនុក្រឹត្យស្ដីពីប្រតិទិនឈប់សម្រាកការងារ ដើម្បីរំលឹកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលជាថ្ងៃប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
វិមានរដ្ឋធម្មនុញ្ញ ត្រូវបានសម្ពោធកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ នៅក្នុងវេលាដ៏ឧត្តុង្គឧត្តមនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានប្រោសប្រទានព្រះបរមរាជឱង្ការថា «វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញជាកំពូលនៃច្បាប់ទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា»។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋានក្នុងរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មករា នេះថា រដ្ឋធម្មនុញ្ញកម្ពុជាមានការធ្វើវិសោធនកម្ម ឬកែប្រែចំនួន ១០ដងរួចមកហើយ ដែលការធ្វើដូច្នេះភាគច្រើននៅអំឡុងពេលដែលមានការជាប់គាំង ឬជម្លោះនយោបាយ។
លោក ស៊ឹង សែនករុណា លើកឡើងថា ខ្លឹមសារក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ពីគោលការណ៍អំណាចរបស់ស្ថាប័នកំពូលៗនៅកម្ពុជា ដើម្បីឱ្យការអនុវត្តច្បាប់នានាប្រកបដោយយុត្តិធម៌ ដែលនឹងនាំមកនូវសុភមង្គលសម្រាប់ពលរដ្ឋខ្មែរ ប៉ុន្តែការអនុវត្តជាក់ស្តែង លោក ហ៊ុន សែន បានរំលោភទៅលើអំណាចនីតិប្រតិបត្តិ អំណាចនីតិប្បញ្ញត្តិ និងអំណាចតុលាការយ៉ាងធ្ងន់ធ្ងរ។
លោក ករុណា អះអាងថា រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានរំលោភបំពានក្រោមរូបភាពវិសោធនកម្មដើម្បីកែប្រែខ្លឹមសារដើមម្តងហើយម្តងទៀតដោយគណបក្សកាន់អំណាច ដែលបង្ហាញថាបក្សកាន់អំណាចកំពុងមានឥទ្ធិពលក្នុងការគ្រប់គ្រងលើស្ថាប័នជាតិទាំងបីក្នុងប្រទេសកម្ពុជា ដូចជា ស្ថាប័នរដ្ឋសភា ស្ថាប័នតុលាការ និងស្ថាប័នរដ្ឋាភិបាល តាមអំពើចិត្ត។
ចាប់តាំងពីឆ្នាំ១៩៩៣ មក ក្រោយពេលដែលកម្ពុជាបានចាកចេញឆ្ងាយពីសង្គ្រាម និងត្រឡប់មកសន្តិភាពវិញ មានការតាក់តែងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលក្នុងប្រទេស ក្រោមការជួយជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិ។
រដ្ឋធម្មនុញ្ញដែលមានអាយុកាល ៣១ឆ្នាំនេះបានកំណត់មាគ៌ា និងប្រព័ន្ធនយោបាយរបស់កម្ពុជាស្របតាមលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស។ ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

