29.2 C
Phnom Penh

វាសនា​អ្នក​ហ៊ាន​និយាយ​រិះគន់​មេដឹកនាំ​ក្នុង​របប​បែប​កុម្មុយនីស្ត​ផ្ដាច់ការ មិន​ខុសពី​ពាក្យស្លោក​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពាក្យស្លោក​ខ្មែរ​ពោល​ថា៖ ក្បាល​អ្នក​ណា សក់​អ្នក​ហ្នឹង! ឬ​យោង​តាម​ព្រះពុទ្ធដីកា​ថា៖ ខ្លួន​ទីពឹង​ខ្លួន! នេះ​ជា​វាសនា​ពលរដ្ឋ​រស់នៅ​ប្រទេស​កម្ពុជា ដែល​ហ៊ាន​និយាយ​រិះគន់​អ្នក​ដឹកនាំ​បែប​កុម្មុយនីស្ត​ផ្ដាច់ការ ទុច្ចរិត អសីលធម៌ អយុត្តិធម៌ អមនុស្សធម៌។

ខណៈ​ដែល​ខ្មែរ​បាក់ស្បាត គឺ​ខ្មែរ​បាក់ចិត្ត​ខ្លាចរអា​លែង​ហ៊ាន​បញ្ចេញ​វាចា រូបរាង ស្រុះ​គ្នា​ជួយ​គ្នា​ហើយ។ ខ្មែរ​មួយ​នគរ​គ្មាន​នរណា​ជួយ​គាំទ្រ បន្លឺ​បំពង​សំឡេង​អ្នក​និយាយ​ការពិត សច្ចៈ ក្នុង​សង្គម​ទេ គឺ​សុខចិត្ត​ពួន​សម្ងំ​យក​សុខ​ក្នុង​សង្គម​ពោរពេញ​ដោយ​ឧក្រិដ្ឋកម្ម និង​ចោរកម្ម​រហូត​ដល់​មាន​អំពើ​យង់ឃ្នង​ណា​មួយ​ធ្លាក់​លើ​ខ្លួន​ធ្វើ​ឲ្យ​ឈឺចាប់ ទើប​ទ្រហោ​យំ​រក​យុត្តិធម៌។

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រំដែន​ប្រទេស​រុស្ស៊ី ដោយ​ចារកម្ម​រុស្ស៊ី និង​ត្រូវ​បាន​បញ្ជូន​ខ្លួន​តាម​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៥ នេះ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​មោឃភាព​លិខិត​ឆ្លងដែន​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៥ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​លិខិត​ទៅ​កាន់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ក្រៅ​ប្រទេស​ទាំងអស់ ដោយ​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​មោឃភាព​លិខិត​ឆ្លងដែន​ធម្មតា​របស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​ដែរ។

កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ដីពី​ការ​ប្រកាស​មោឃភាព​លិខិត​ឆ្លងដែន​ធម្មតា​របស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ក្រោម​ហេតុផល​ថា អតីត​អ្នកឧកញ៉ា​រូប​នេះ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​ពី​បទ គំរាមកំហែង​ហែក​កេរ្តិ៍​មាន​ស្ថាន​ទម្ងន់​ទោស។

ជុំវិញ​បញ្ហា​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក យី សុខវួច បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី កាលពី​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លង​ទៅ បន្ទាប់ពី​ត្រូវ​បាន​ចោទ​ពី​បទ គំរាមកំហែង​ហែក​កេរ្តិ៍​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​៣៧២ និង​មាត្រា​៣៧៤ នៃ​ក្រមព្រហ្មទណ្ឌ។

ចៅក្រម​ស៊ើបសួរ លោក យី សុខវួច បញ្ជាក់​ថា ការ​ចេញ​ដីកា​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់ពី​យល់​ឃើញ​ថា អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​ប្រព្រឹត្ត​ល្មើស​ឧក្រិដ្ឋ ហើយ​រត់​គេច​ខ្លួន​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​ប្រទេស​កម្ពុជា ក៏​បាន​ស្នើសុំ​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល (Interpol) កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៤ ឱ្យ​ដាក់​ឈ្មោះ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ទៅ​ក្នុង​សេចក្តី​ជូនដំណឹង​ក្រហម ឬ​និវេទ​ក្រហម ដើម្បី​តាម​ចាប់​ខ្លួន​ផង​ដែរ។

ក្នុង​លិខិត​ស្នើសុំ​នោះ អាជ្ញាធរ​សរសេរ​ថា កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​គំរាម​បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) ជំរិត​ទារប្រាក់ ២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​បើ​ជនរងគ្រោះ​មិន​ព្រម​ធ្វើ​តាម នោះ​គេ​នឹង​បង្ហោះ​រូបថត​ជនរងគ្រោះ​ដើម្បី​បរិហារកេរ្តិ៍​តាម​បណ្ដាញ​ទំនាក់ទំនង។

បន្ទាប់ពី​ជនរងគ្រោះ​មិន​ផ្តល់​ប្រាក់​ទៅ​តាម​ការ​គំរាមកំហែង អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​ប្រើ​គណនី​ហ្វេសប៊ុក​ឈ្មោះ សិទ្ធី ហេង ដែល​ជា​កម្មសិទ្ធិ​របស់​ជនសង្ស័យ បង្ហោះ​រូបថត​ជនរងគ្រោះ​នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជនជាតិ​សិង្ហបុរី​រូប​នេះ។

យ៉ាងណាក៏ដោយ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​អះអាង​កាលពី​ថ្ងៃទី​២៣ ធ្នូ កន្លង​ទៅ​ថា បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ឈ្មោះ Phua Gek Seng (ភួ ហ្គិច សេង) ហៅ Tak (តាក់) បាន​សូកប៉ាន់​លុយ​ចំនួន ៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ដើម្បី​ដាក់​ឈ្មោះ​របស់​លោក​ទៅ​ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន​របស់​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល​នេះ (Interpol)។

ចាប់តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ មក អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​ទម្លាយ​ពី​ការ​គប់គិត​រវាង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ដូចជា លោក គួច ចំរើន លោក ស ថេត លោក ស សុខា លោក សុខ ផល និង​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ រួម​ទាំង​មន្ត្រី​ខាង​អន្តោប្រវេសន៍​ផង​ដែរ ជាមួយ​នឹង​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​កខ្វក់ និង​ប្រតិបត្តិការ​ល្បែង​អនឡាញ​ខុស​ច្បាប់ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោក ហេង សិទ្ធី ក៏​បាន​ទម្លាយ​ពី​អំពើ​ឧក្រិដ្ឋ​របស់​អ្នកឧកញ៉ា ហ៊ុន តូ តែម្តង។

លោក​បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ច្បាប់​ស៊ើបអង្កេត​រឿង​នេះ ប៉ុន្តែ​គ្មាន​ការ​អនុវត្ត​ច្បាប់​ណា​មួយ​ធ្វើ​តាម​ការ​ស្នើសុំ​នេះ​ទេ។ ផ្ទុយទៅវិញ លោក ហេង សិទ្ធី បែរជា​ត្រូវ​រង​ការ​ចោទប្រកាន់ និង​គំរាម​ចាប់​ខ្លួន​ពី​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ទៅវិញ។

បញ្ហា​នេះ​ក៏​ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ដែល​គេ​តែងតែ​នាំគ្នា​និយាយ​ថា នីតិរដ្ឋ rule of law នោះ​ដែរ។ បើ​មាន​ពលរដ្ឋ​លើក​រឿង​បំពាន​ច្បាប់​កម្រិត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដូច​លោក ហេង សិទ្ធី រ៉ាយរ៉ាប់​ក្នុង​សេចក្តី​រាយការណ៍​ក្នុង​បណ្តឹង​នោះ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរតែ​ស្រាវជ្រាវ​រក​ការពិត​ថា តើ​វា​ពិត ឬ​វា​ជា​ការ​មួលបង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​លោកអ្នកធំ។

តើ​មាន​លោកធំ​ណា​ប្រើ​មុខនាទី​របស់​ខ្លួន​បំពាន​ច្បាប់​ឬ​ទេ ពីព្រោះ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ស្រុក​ខ្មែរ​ឧក្រិដ្ឋជន​មាន​ការ​ការពារ​ពី​មន្ត្រី​មាន​អំណាច ពីព្រោះ​សារព័ត៌មាន​បរទេស​បាន​ចុះផ្សាយ​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​ពាសពេញ​ពិភពលោក​យូរ​មក​ហើយ។

រាជរដ្ឋាភិបាល​មិន​គប្បី​ប្រើ​តុលាការ​ប្រកប​ដោយ​ឆន្ទាគតិ និង​ភយាគតិ ទៅ​ចាប់​ទោស​អ្នក​និយាយ​ការពិត​នោះ​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស