26.6 C
Phnom Penh

លោក សម រង្ស៊ី ថា​កម្ពុជា​សព្វថ្ងៃ​គ្មាន​ទីផ្សារ​ផល​កសិកម្ម​ឱ្យ​កសិករ​ទេ តែ​មាន​ទីផ្សារ​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា នៅ​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​មាន​ទីផ្សារ​ស្រូវ​អង្ករ​សម្រាប់​កសិករ​ខ្មែរ​ទេ។ ផ្ទុយទៅវិញ គឺ​មាន​តែ​ទីផ្សារ​លក់​គ្រឿងញៀន​ប៉ុណ្ណោះ។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ មករា នេះ​ថា បញ្ហា​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ជំងឺ​រាតត្បាត​យ៉ាង​អនាធិបតេយ្យ​ទៅ​ហើយ ដែល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​សង្គម​ជាតិ​ទាំងមូល​នា​ពេល​បច្ចុប្បន្ន​នេះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ប្រើ​ថ្នាំញៀន រួម​ទាំង​អ្នក​ផលិត និង​អ្នក​ចែកចាយ​នៅ​ក្នុង​រាជាណាចក្រ​កម្ពុជា​សព្វថ្ងៃ​នេះ បាន​បង្ក​ផលវិបាក​អស្ថិរភាព​សង្គម​ក្នុង​ប្រទេស​គ្រប់​ទីកន្លែង ហើយ​វិបត្តិ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​ដោយសារតែ​អំពើពុករលួយ​ចេញពី​ការ​គប់គិត​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល​កំពូល និង​ក្រុម​ឧក្រិដ្ឋជន។

លោក​បន្ត​ថា ក្រុម​ម៉ាហ្វីយ៉ា​បាន​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​មជ្ឈមណ្ឌល​ក្នុង​តំបន់​សម្រាប់​ការ​ផលិត ចែកចាយ​គ្រឿងញៀន និង​ប្រព្រឹត្ត​សកម្មភាព​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត ដោយសារតែ​ពួកគេ​មាន​ការ​ការពារ​ពី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​នៅ​ពី​ក្រោយ​ខ្នង។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា បញ្ហា​គ្រឿងញៀន​មិន​ត្រឹមតែ​បំផ្លាញ​សហគមន៍​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ក្នុង​តំបន់ បង្កើន​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាជន​ក្នុង​ប្រទេស​ជាច្រើន​ថែម​ទៀត​ផង​ដែរ។

លោក សម រង្ស៊ី គូស​បញ្ជាក់​ថា ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ចំពោះ​បញ្ហា​នេះ គឺ​ត្រូវ​លុបបំបាត់​អំពើពុករលួយ និង​កម្ចាត់​ពួក​ម៉ាហ្វីយ៉ា​ទាំងអស់ បើ​មិន​ដូច្នោះ​ទេ បញ្ហា​នេះ​មិន​ត្រឹមតែ​មិន​អាច​លុបបំបាត់​បាន​ទេ ថែមទាំង​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ខណៈ​អ្នក​ដែល​ចង់​លុបបំបាត់​បញ្ហា​នេះ នឹង​ក្លាយ​ជា​មុខសញ្ញា​ដែល​ត្រូវ​គេ​បំបាត់​ចោល​ជំនួស​គ្រឿងញៀន​ទៅវិញ។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្ហាញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា រយៈពេល ១​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​បាន​រឹបអូស​គ្រឿងញៀន​ខុស​ច្បាប់​ជាង ១០​តោន (១៤,៧​តោន) និង​បាន​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ជាង ២​ម៉ឺន​នាក់​ដែល​កើន​ឡើង​ជាង ៣០​ភាគរយ (៣០,៥%) បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៣ កន្លង​ទៅ។

គួរ​កត់សម្គាល់​ថា៖ ក្រៅពី​ការ​រីក​សាយ​ផលិតកម្ម ការ​ចែកចាយ និង​ការ​ប្រើប្រាស់​គ្រឿងញៀន រាជាណាចក្រ​កម្ពុជា ក៏​សម្បូរ​បនល្បែង​ស៊ីសង​កាស៊ីណូ​ណាស់​ដែរ គឺ​សឹងតែ​មាន​កាស៊ីណូ​មួយ​សម្រាប់​ពលរដ្ឋ​ប្រមាណ ៨​ម៉ឺន ៧​ពាន់​នាក់។

តាម​ការ​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Asia Gaming Brief ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៤ រាជរដ្ឋាភិបាល​បាន​ចេញ​អាជ្ញាបណ្ណ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៨៤ នៅ​ទូទាំង​ប្រទេស។ បន​កាស៊ីណូ​ចំនួន ១០០ បង្កើត​នៅ​តាម​ខេត្ត​ជាប់​មាត់សមុទ្រ រួម​ទាំង​នៅ​ខ្នង​ភ្នំ​បូកគោ ផង ៤៨​កាស៊ីណូ​រាយ​តាម​ព្រំដែន​ខ្មែរ-ថៃ ៣៥​កាស៊ីណូ រាយ​តាម​ព្រំដែន​ខ្មែរ-យៀកណាម។

ក្នុង​ឆ្នាំ​២០២៤ ដដែល លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ឈប់​ចេញ​អាជ្ញាបណ្ណ​ឲ្យ​បើក​បន​ល្បែង​ស៊ីសង​ថែម​ទៀត ដោយ​សង្កត់​ធ្ងន់​លើ​ការ​ដាក់​ទុន​ខាង​ទេសចរណ៍ បដិសណ្ឋារកិច្ច សណ្ឋាគារ កសិកម្ម ឧស្សាហកម្ម ផលិតកម្ម ពាណិជ្ជកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​វិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស