ពលរដ្ឋនៃប្រទេសសមាជិកអាស៊ានទាំង ១០ ដែលគិតជាសរុបមានចំនួនជាង ២ម៉ឺននាក់ ដែលក្នុងនោះមានពលរដ្ឋខ្មែរគ្មានឯកសាររស់នៅស្របច្បាប់ជិត ២០០០នាក់ ត្រូវកត់ត្រាទុកក្នុងបញ្ជីដែលនឹងត្រូវចាប់ខ្លួនបញ្ជូនចេញពីសហរដ្ឋអាមេរិក ឱ្យត្រឡប់ទៅប្រទេសកំណើតវិញ។
ក្រសួងអន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (U.S. Immigration and Customs Enforcement (ICE)) បានចេញរបាយការណ៍របស់ខ្លួនក្រោយវិធានការប្រធានាធិបតីថ្មីរបស់អាមេរិកថា សហរដ្ឋអាមេរិកនឹងចាប់បញ្ជូនពលរដ្ឋខុសច្បាប់ដែលរស់នៅលើទឹកដីរបស់ខ្លួនឱ្យត្រឡប់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានទាំង ១០ របស់ពួកគេវិញ ដែលគិតជាសរុបមានចំនួនជាង ២ម៉ឺន ៥ពាន់នាក់ (២៥១៦៨នាក់)។
ប្រភពដដែលបង្ហាញថា ក្នុងចំណោមប្រទេសទាំង ១០ ដែលមានពលរដ្ឋរស់នៅដោយខុសច្បាប់លើទឹកដីអាមេរិក គឺ៖
- ប្រទេសវៀតណាម លំដាប់លេខ១ ជិត ១ម៉ឺននាក់ (៨៦៧៥នាក់)
- ប្រទេសឡាវ ជាប់លំដាប់លេខ២ ជិត ៥ពាន់នាក់ (៤៨៥០នាក់)
- ប្រទេសឥណ្ឌូនេស៊ី ជាប់លំដាប់លេខ៣ ជាង ៤ពាន់នាក់ (៤២៧៦នាក់)
- ប្រទេសហ្វីលីពីន ជាប់លំដាប់លេខ៤ ជិត ៤ពាន់នាក់ (៣៧៧២នាក់)
- ប្រទេសកម្ពុជា ជាប់លំដាប់លេខ៥ ជិត ២ពាន់នាក់ (១៧៤៧នាក់)
- ប្រទេសភូមា ជាប់លំដាប់លេខ៦ ជិត ៧០០នាក់ (៦៧៩នាក់)
- ប្រទេសថៃ ជាប់លំដាប់លេខ៧ ជាង ៦០០នាក់ (៦១៩នាក់)
- ប្រទេសម៉ាឡេស៊ី ជាប់លំដាប់លេខ៨ ជាង ៤០០នាក់ (៤៣៥នាក់)
- ប្រទេសសិង្ហបុរី ជាប់លំដាប់លេខ៩ ជាង ១០០នាក់ (១១១នាក់)
- និងប្រទេសប្រ៊ុយណេ ជាប់លំដាប់លេខ១០ មាន ៥នាក់។
របាយការណ៍នេះបញ្ជាក់ថា ក្រៅពីប្រទេសក្នុងតំបន់អាស៊ាន ក៏មានប្រទេសជាច្រើនផ្សេងទៀតដែរ ដែលគិតជាសរុបមានចំនួន ២០៨ប្រទេស និងគិតចំនួនមនុស្សខុសច្បាប់ដែលត្រូវចាប់បញ្ជូនខ្លួនឱ្យត្រឡប់ទៅប្រទេសកំណើតវិញមានជាង ១លាន ៤សែននាក់ (១៤៤៥៥៤៩នាក់)។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចផ្អាកទទួលយកជនភៀសខ្លួនដែលមិនត្រឹមតែជនអន្តោប្រវេសន៍ដែលស្ថិតក្នុងការតាមប្រមាញ់របស់អាជ្ញាធរអាមេរិកទេ សូម្បីជនភៀសខ្លួននយោបាយដែលលោក ដូណាល់ ត្រាំ គិតថាជាបន្ទុករបស់អាមេរិក ក៏មិនត្រូវបានស្វាគមន៍ដែរ។
ជនភៀសខ្លួនដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ននេះ មានជាង ១៧០ប្រទេសនៅលើពិភពលោក ទាំងជនភៀសខ្លួនដែលគ្មានឯកសារគ្រប់គ្រាន់ និងជនភៀសខ្លួនដែលរស់នៅដោយស្របច្បាប់។
សកម្មជនក្នុងសហគមន៍ខ្មែរនៅទីក្រុងឡងប៊ិច លោក មួង ណារ៉េត លើកឡើងកាលពីពេលថ្មីៗនេះថា ក្នុងចំណោមរដ្ឋទាំង ៥០ លើទឹកដីអាមេរិក យ៉ាងហោចណាស់ក៏មានរដ្ឋចំនួន ១១រដ្ឋដែរដែលមានច្បាប់ការពារជនអន្តោប្រវេសន៍ដែលគ្មានឯកសារស្របច្បាប់។ ជាងនេះទៀត នៅតាមបណ្តាក្រុងនីមួយៗនៃរដ្ឋទាំងនោះ ក៏មានច្បាប់មូលដ្ឋានផ្ទាល់ខ្លួនដើម្បីការពារមិនឱ្យអាជ្ញាធរសហព័ន្ធចុះទៅចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះក្នុងដែនសមត្ថកិច្ចរបស់ពួកគេដែរ បើអ្នកទាំងនោះមិនបានប្រព្រឹត្តខុសក្រៅតែពីការដែលគ្មានឯកសាររស់នៅស្របច្បាប់នោះ។
លោក មួង ណារ៉េត បញ្ជាក់ថា ក្រោមវិធានការរបស់ប្រធានាធិបតីថ្មីនេះ ប្រជាពលរដ្ឋដែលរស់នៅក្រៅពីរដ្ឋទាំង ១១ នេះ គឺប្រឈមទៅនឹងការចាប់ខ្លួនដោយចៀសពុំរួចឡើយ។ ជាក់ស្តែង ក្រុងដែលនៅតាមបណ្តារដ្ឋខ្លះបានសម្រេចលុបចោលនូវច្បាប់គាំពារជនអន្តោប្រវេសន៍ខុសច្បាប់ភ្លាមៗទៅតាមវិធានការរបស់លោក ដូណាល់ ត្រាំ។
ក្រោយចូលកាន់តំណែងបាន ៣ថ្ងៃ លោក ដូណាល់ ត្រាំ បានចេញក្រឹត្យឱ្យនគរបាលប្រើវិធានការក្តៅដើម្បីចាប់ខ្លួន និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ខណៈវិធានការនេះបានផ្តើមចេញពីទីក្រុងប៊ូស្តុន នៃរដ្ឋម៉ាស្សាឈូសេត និងទីក្រុងឈីកាកូ នៃរដ្ឋអ៊ីល្លីណយ ដែលចាប់បានជនអន្តោប្រវេសន៍ចំនួន ៥០០នាក់ យកទៅដាក់ពន្ធនាគារ និងជាច្រើនរយនាក់ទៀតត្រូវបណ្តេញចេញពីទឹកដីអាមេរិក៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

