34.5 C
Phnom Penh

អ្នក​សង្កេតការណ៍​ថា​ការ​បង្កើត​ក្រុម​អ្នក​ច្បាប់​របស់​នាយករដ្ឋមន្ត្រី​នៅតែ​គ្មាន​ប្រសិទ្ធភាព បើ​តុលាការ​មិន​ឯករាជ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ស្ថាប័ន​តុលាការ​មិន​ឯករាជ្យ ទោះ​នាយករដ្ឋមន្ត្រី​បង្កើត​ក្រុម​អ្នក​ច្បាប់​ក្នុង​គោលបំណង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ និង​ប្រព័ន្ធ​យុត្តិធម៌​យ៉ាងណាក៏ដោយ ក៏​ការ​អនុវត្ត​ច្បាប់​នៅតែ​គ្មាន​ប្រសិទ្ធភាព​ដែរ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា បើ​ស្ថាប័ន​តុលាការ​មិន​ឯករាជ្យ នោះ​ការ​អនុវត្ត​ច្បាប់​ប្រាកដជា​រង​នូវ​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច​ដដែល។

លោក​បន្ត​ថា ពួកគេ​នៅតែ​អាច​លូក​ដៃ​កកូរកកាយ​ប្រព័ន្ធ​យុត្តិធម៌​បាន​គ្រប់​ពេល​តាមរយៈ​ទំនាក់ទំនង​របស់​អ្នក​ទាំងនោះ​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ដូចជា អ្នក​ដែល​មាន​គោរមងារ​ជា​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និង​ក្រុម​មហាសេដ្ឋី​មួយ​ចំនួន ជាដើម។

លោក សេក សុជាតិ លើកឡើង​ថា ភស្តុតាង​ជាក់ស្តែង ក្រុម​ប្រព្រឹត្ត​អំពើ​ឆបោក​ដែល​មាន​អង្គការ​ចាត់តាំង​ដែល​គេ​សង្ស័យ​ថា​មាន​អ្នក​មាន​ឥទ្ធិពល​នៅ​ពីក្រោយ​ខ្នង ដូចជា​ករណី​ឆបោក​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ករណី​ឆបោក​ក្រុមហ៊ុន​ភូមិ​ខ្មែរ និង​ករណី​ឆបោក​មួយ​ចំនួន​នៅ​ខេត្ត​កំពត ជាដើម នៅតែ​មិន​អាច​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ​ឱ្យ​បាន​ពេញលេញ ទោះ​មាន​ក្រុម​អ្នក​ច្បាប់​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ហើយ​ក៏ដោយ។

ប្រភព​ដដែល​បញ្ជាក់​ថា ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់ ឬ​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា និង​ដើម្បី​បង្កើន​ថាមពល​ក្នុង​វិស័យ​ច្បាប់ គ្មាន​អ្វី​ក្រៅពី​កែសម្រួល​លើកស្ទួយ​ឱ្យ​ស្ថាប័ន​តុលាការ​ឯករាជ្យ​នោះ​ទេ ហើយ​បើ​ស្ថាប័ន​នេះ​ឯករាជ្យ ក៏​មិន​ពិបាក​នាយករដ្ឋមន្ត្រី​បង្កើត​ក្រុម​អ្នក​ច្បាប់​ជួយ​ពលរដ្ឋ​នោះ​ដែរ។

ការ​លើកឡើង​របស់​លោក សេក សុជាតិ គឺ​នៅ​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា លោក​សម្រេច​បង្កើត​ក្រុម​អ្នក​ច្បាប់​របស់​នាយករដ្ឋមន្ត្រី ក្នុង​បំណង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ជូន​ពលរដ្ឋ​ដែល​ពុំ​មាន​លទ្ធភាព​ពឹងពាក់​សេវា​វិជ្ជាជីវៈ​ច្បាប់ ហើយ​ក៏​ជា​យន្តការ​បំពេញ​បន្ថែម​សំដៅ​បង្កើន​សហ​ថាមពល​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌​របស់​កម្ពុជា​ផង​ដែរ។

កាលពី​ថ្ងៃទី​២៩ ខែ​មីនា ក្រុម​អ្នក​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត បាន​រៀបចំ​ពិធី​ប្រកាស​សមាសភាព​ជា​ផ្លូវការ​ដែល​មាន​លោក ម៉ុក ចន្ទសុធា ជា​ប្រធាន។

យ៉ាងណា ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ទោះ​លោក ហ៊ុន ម៉ាណែត បង្កើត​ក្រុម​អ្នក​ច្បាប់​ក្រោម​ហេតុផល​ដើម្បី​ជួយ​ពលរដ្ឋ​ដែល​ខ្វះ​លទ្ធភាព​ពឹងពាក់​សេវា​ផ្នែក​ច្បាប់​ក៏ដោយ ក៏​ពលរដ្ឋ​នៅតែ​មិន​មាន​ទំនុកចិត្ត​ដែរ ព្រោះ​ករណី​ពលរដ្ឋ​រងគ្រោះ​ដោយសារ​អំពើ​ឆបោក​របស់​ក្រុមហ៊ុន​ឧកញ៉ា​មួយ​ចំនួន​មិន​ត្រូវ​បាន​ផ្តល់​យុត្តិធម៌​នោះ​ឡើយ។

គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ស្ដីពី​នីតិរដ្ឋ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម ១៤២​ប្រទេស ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត ដោយសារ​តែ​គេ​រក​ឃើញ​ថា​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​តម្លាភាព ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ និង​ការ​មិន​ធានា​បាន​ឯករាជភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស