ប្រជាពលរដ្ឋស្នើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អនុវត្តច្បាប់លើប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ុន ហេង ដែលបានបើករថយន្តក្នុងស្ថានភាពប្រើគ្រឿងស្រវឹង បុកមនុស្សស្លាប់ម្នាក់ និងរបួស ៥នាក់ កាលពីថ្ងៃព្រហស្បតិ៍។
ហេតុការណ៍នោះ កើតឡើងប្រមាណបីថ្ងៃប៉ុណ្ណោះនៃទិវាប្រារព្ធខួប ៨០ឆ្នាំនៃការបង្កើតកម្លាំងប៉ូលិស ដែលពីសម័យរាជាណាចក្រទី១ ហៅថា កងរាជតម្រួត។ ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រី ស សុខា បានរំឭកដាស់តឿនឲ្យភ្នាក់ងារប៉ូលិសម្នាក់ៗប្រកាន់វិន័យ អនុវត្តកិច្ចការងារ គោរពច្បាប់ និងបម្រើពលរដ្ឋដោយយុត្តិធម៌។
ប្រជាពលរដ្ឋជាច្រើនបញ្ចេញមតិព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ដោយអំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត អនុវត្តច្បាប់ឱ្យដូចពាក្យសម្ដីរបស់ខ្លួនដែលបានលើកឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ ដែលគាត់ធ្លាប់ចេញបញ្ជាឱ្យអនុវត្តច្បាប់ចំពោះបទល្មើសជាក់ស្តែង ដែលអ្នកបើកបរមានការធ្វេសប្រហែសបុកមនុស្សឱ្យស្លាប់ ត្រូវចាប់វាយខ្នោះនៅនឹងកន្លែង ដោយមិនបាច់សុំគោលការណ៍ពីថ្នាក់លើនោះទេ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ុន ហេង បានបើករថយន្តម៉ាក LEXUS RX 400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ក្នុងល្បឿនលឿនទាំងស្រវឹងជោក។
ដោយសារបើកបរក្នុងស្ថានភាពស្រវឹង រថយន្តបង្កបានបុករះក្នុងទិសដៅស្របគ្នាទៅលើរ៉ឺម៉កកង់បី ឬ Pass Up ចំនួន ៣គ្រឿង ម៉ូតូ ១គ្រឿង និងរថយន្ត ១គ្រឿងពីខាងក្រោយ ក្នុងខណ្ឌចំការមន សង្កាត់ទន្លេបាសាក់ ទល់មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតជ្រុលចង្កូតទៅបុកដើមស្វាយនៅលើចិញ្ចើមផ្លូវខាងស្តាំដៃ ទើបរថយន្តបង្កឈប់នៅមួយកន្លែង។
ក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ខណៈមនុស្ស ៥នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ស្រាល។
ក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញថា ក្នុងពេលកើតហេតុ សមត្ថកិច្ចមិនបានអនុវត្តច្បាប់ចាប់ខ្លួនលោក ហ៊ុន ហេង ទេ ប៉ុន្តែបែរជានាំគ្នាការពារជនបង្កទៅវិញ ខណៈលោក ហ៊ុន ហេង បែរជាឈរនិយាយវិទ្យុទាក់ទង ឬអាយកូមធ្វើព្រងើយ។
បន្ទាប់ពីហេតុការណ៍នេះភ្លាមៗ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានអះអាងកាលពីថ្ងៃទី១៥ ខែឧសភា ថា អ្នកបើកបរបង្កគ្រោះថ្នាក់បានរកឃើញថាមានកម្រិតអាល់កុល ០,៤៥មិល្លីក្រាមក្នុង ១លីត្រខ្យល់ ប៉ុន្តែនៅព្រឹកថ្ងៃទី១៦ ខែឧសភា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានថា ជនបង្កមានអាល់កុលត្រឹមតែ ០,៣៥មិល្លីក្រាមក្នុង ១លីត្រខ្យល់ទៅវិញ។
មាត្រា៨១ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា «ជនណាបើកបរដោយបង្កឱ្យស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយ (១) ឆ្នាំ ទៅបី (៣) ឆ្នាំ ឬ/ពិន័យជាប្រាក់ពី ពីរលាន (២០០០០០០) រៀល ទៅប្រាំមួយលាន (៦០០០០០០) រៀល។ លើសពីនេះទៀត ត្រូវផ្ដន្ទាទោសដល់កម្រិតអតិបរមាក្នុងករណីដែលការប្រព្រឹត្តបទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាព ដូចជា បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរ តែមិនត្រឹមត្រូវតាមការកំណត់។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ ដោយបញ្ជាឱ្យអនុវត្តច្បាប់ចំពោះបទល្មើសជាក់ស្តែង ដែលបើកបរធ្វេសប្រហែស បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ គឺត្រូវចាប់វាយខ្នោះនៅនឹងកន្លែង ដោយមិនបាច់សុំគោលការណ៍ពីថ្នាក់លើឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

