32.1 C
Phnom Penh

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​បញ្ជូន​អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ​ទៅ​រដ្ឋសភា​ផ្ដល់​សច្ចាប័ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កម្លាំង​ជាតិ ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត បញ្ជូន​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ទៅ​រដ្ឋសភា​ជាតិ ដើម្បី​ផ្តល់​សច្ចាប័ន​ឱ្យ​បាន​ឆាប់ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​រឹងមាំ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​សមុទ្រ​របស់​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ។

គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២០ ឧសភា នេះ បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ឱ្យ​កម្ពុជា​ទទួល​បាន​ច្បាប់​អន្តរជាតិ​ការពារ​ដែនសមុទ្រ​កម្ពុជា ដើម្បី​រក្សា​បាន​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ទំនាក់ទំនង​ដោយ​ស្មើភាព​ជាមួយ​ប្រទេស​ក្បែរ​ខាង។

ប្រភព​ដដែល​លើកឡើង​ថា ច្បាប់​អន្តរជាតិ​មួយ​នេះ គឺជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការពារ​បូរណភាព​ព្រំដែន​សមុទ្រ ព្រមទាំង​ជា​បទដ្ឋាន​គតិយុត្តិ​អន្តជាតិ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​សមុទ្រ​ដោយ​សន្តិវិធី និង​យុត្តិធម៌​តាម​គោលការណ៍​អន្តរជាតិ​ទៀត​ផង។

គណបក្ស​កម្លាំង​ជាតិ បញ្ជាក់​ថា ការ​ស្នើសុំ​នេះ ដោយសារ​កម្ពុជា​កំពុង​មាន​បញ្ហា​មិន​ឯកភាព​គ្នា​លើ​ដែនដី​កោះ និង​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិតខាង​ជាបន្តបន្ទាប់ ដែល​អាច​ប្រឈម​នឹង​ជម្លោះ​ការទូត ឬ​ហិង្សា​ជាមួយ​ប្រទេស​ទាំងនោះ​ជាយថាហេតុ​ផង​ដែរ។

ច្បាប់​សមុទ្រ UNCLOS (United Nations Convention on the Law of the Sea) គឺជា​សន្ធិសញ្ញា​អន្តរជាតិ​ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​១៩៨២ និង​ចូល​ជាធរមាន​នៅ​ឆ្នាំ​១៩៩៤ ដែល​មាន​ប្រទេស​ចំនួន ១៧០ នៅ​លើ​ពិភពលោក បាន​ចុះហត្ថលេខា។

យ៉ាងណាក៏ដោយ ក៏​មាន​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ចំនួន ១៤ ដែរ ដែល​មិន​ទាន់​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ​នេះ​នៅឡើយ ក្នុង​នោះ​ក៏​មាន​កម្ពុជា​មួយ​ដែរ ទោះ​ប្រទេស​ទាំងនេះ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​ហើយ​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ និង​កោះ​ជាមួយ​ប្រទេស​វៀតណាម និង​ថៃ។

លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស