ដោយ ខៀវ សុភា
មានពាក្យជាច្រើនតែងចោទប្រកាន់លើព្រះពុទ្ធសាសនា ថា ព្រះពុទ្ធសាសនាធ្វើឱ្យមនុស្សទន់ខ្សោយ ពុទ្ធសាសនាធ្វើឱ្យមនុស្សក្រ ឬអ្នកកាន់ព្រះពុទ្ធសាសនា ធ្វើឲ្យមនុស្សខ្ជិល ជាដើម។
ដើម្បីឆ្លើយនឹងពាក្យចោទប្រកាន់ទាំងនេះ ពលរដ្ឋខ្មែរត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅជាមុនសិនថា តើព្រះសង្ឃ និងមេដឹកនាំខ្មែរ បានធ្វើអ្វីខ្លះដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិរបស់ខ្លួន?
កញ្ញា ខៀវ សុភា សូមជូនសេចក្តីរាយការណ៍បែបស៊ីជម្រៅមួយដោយផ្ដោតទៅលើទស្សនទាននានាជុំវិញកិច្ចបដិបត្តិរបស់ព្រះសង្ឃ និងមេដឹកនាំខ្មែរក្នុងសង្គមបច្ចុប្បន្ន។
ចាប់តាំងពីឆ្នាំ១៩៩៣ មក ព្រះពុទ្ធសាសនាត្រូវបានប្រជាជនខ្មែរគោរពប្រតិបត្តិជាផ្លូវការឡើងវិញ បន្ទាប់ពីត្រូវបានកំណត់ជាបាវចនារបស់ជាតិក្នុងមាត្រា៤ នៃរដ្ឋធម្មនុញ្ញ គឺ ជាតិ សាសនា ព្រះមហាក្សត្រ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបប្រល័យពូជសាសន៍ ប៉ុល ពត បានលុបបំបាត់ព្រះពុទ្ធសាសនាចោលទាំងស្រុង ក្រោយពីបានកាន់កាប់ប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។
ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រះសង្ឃខ្មែរត្រូវបានកងទ័ពខ្មែរក្រហមចាប់ផ្សឹក ខណៈវត្តអារាមត្រូវបានប្រើប្រាស់ជាបន្ទាយទាហាន ចំណែកព្រះពុទ្ធរូប ត្រូវបានវាយកម្ទេចចោល ក្នុងនោះ ពលរដ្ឋខ្មែរដែលជាអ្នកកាន់ព្រះពុទ្ធសាសនាមុតមាំ និងអ្នកដែលធ្លាប់បួសជាសង្ឃ ក៏ត្រូវរបបយង់ឃ្នងមួយនេះបង្ខំឱ្យដើរជាន់លើរូបថតរបស់ព្រះពុទ្ធ ឬដើរជាន់ពីលើរូបសំណាកព្រះពុទ្ធ ជាដើម។
យ៉ាងណាក៏ដោយ ក្រោយព្រះពុទ្ធសាសនាត្រូវបានកំណត់ជាបាវចនារបស់ជាតិក្នុងរដ្ឋធម្មនុញ្ញរយៈពេល ៣២ឆ្នាំមកនេះ ត្រូវគេមើលឃើញថា សាសនាព្រះពុទ្ធ ទទួលបានការគោរពប្រតិបត្តិយ៉ាងទូលំទូលាយរហូតដល់ ៩៧% ក្នុងចំណោមពលរដ្ឋខ្មែរប្រមាណជា ១៧លាននាក់ ក្នុងនោះ វត្តអារាមក៏ត្រូវបានកសាងឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេស។
ដោយសារវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនជាង ៣០ឆ្នាំមកនេះ អង្គការពុទ្ធសាសនិកពិភពលោក កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក៏បានផ្តល់គោរមងារកិត្តិយសជា «ពុទ្ធមាមកាភិបាល» ដល់លោក ហ៊ុន សែន ដែលមានអត្ថន័យជាភាសាខ្មែរថា «អ្នកស្រឡាញ់ថែរក្សាព្រះពុទ្ធសាសនា»។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋានទូទៅរិះគន់ថា លោក ហ៊ុន សែន មិនសក្ដិសមនឹងទទួលគោរមងារនេះទេ ព្រោះគាត់មិនដែលបានចូលរួមលើកកម្ពស់កិច្ចបដិបត្តិក្នុងវិស័យព្រះពុទ្ធសាសនានោះទេ ប៉ុន្តែតាមរយៈសកម្មភាពកន្លងមក គាត់បានដឹកនាំបំផ្លាញព្រះពុទ្ធសាសនាទៅវិញ។
ជាង ៣០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវគេមើលឃើញថា លោក ហ៊ុន សែន មិនត្រឹមតែមិនបានដឹកនាំលើកកម្ពស់កិច្ចបដិបត្តិធម៌វិន័យក្នុងព្រះពុទ្ធសាសនាឱ្យបានត្រឹមត្រូវចំពោះបុគ្គលមួយចំនួនដែលបន្លំខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ប៉ុន្តែគាត់បែរជាប្រើវិស័យសាសនាមួយនេះដើម្បីឃោសនានយោបាយរកផលប្រយោជន៍ឱ្យខ្លួន និងក្រុមគ្រួសារទៅវិញ។
ជាក់ស្តែង សព្វថ្ងៃនេះ លោក ហ៊ុន សែន បានប្រើគណបក្សប្រជាជនកម្ពុជា ធ្វើជាទីបញ្ជាការរៀបចំរចនាសម្ព័ន្ធសង្ឃតាមវត្តអារាមនីមួយៗគ្រប់ទីកន្លែងទាំងអស់ រាប់ចាប់តាំងពីវត្តអារាមក្នុងរាជធានីភ្នំពេញ រហូតជនបទដាច់ស្រយាល។
ដើម្បីរៀបចំរចនាសម្ព័ន្ធសង្ឃតាមវត្តអារាមឲ្យមានប្រសិទ្ធភាព គាត់បានផ្តល់បុណ្យស័ក្តិលាភសក្ការៈ តួនាទី ដល់ព្រះសង្ឃដែលស្ម័គ្រចិត្តបម្រើនិន្នាការនយោបាយឲ្យបក្សកាន់អំណាច ដូចជា ការផ្តល់ឋានៈជាមន្ត្រីសង្ឃ ជាគណៈសង្ឃជាន់ខ្ពស់ និងជារាជាគណៈសង្ឃ រហូតដល់ឋានៈជាសម្តេចព្រះសង្ឃរាជ ជាដើម។
ព្រះសង្ឃដែលមានឋានៈបុណ្យស័ក្តិ និងតួនាទីជាមន្ត្រីសង្ឃជាន់ខ្ពស់ ស្ទើរតែគ្រប់អង្គទាំងអស់ រាប់ចាប់តាំងពីចៅអធិការវត្ត មេគណ អនុគណ ធម្មធម៌ វិន័យធម៌ រាជាគណៈ រហូតដល់សម្តេចព្រះសង្ឃរាជ។ គេសង្កេតឃើញក្រុមមន្ត្រីសង្ឃទាំងនោះសុទ្ធសឹងតែជាអ្នកឃោសនានយោបាយឱ្យបក្សកាន់អំណាច ហើយមិនដែលហ៊ានទេសនាប្រាប់ពុទ្ធបរិស័ទអំពីការពិតនៃសង្គមបច្ចុប្បន្នដែលកំពុងដឹកនាំដោយការគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋពីសំណាក់បក្សកាន់អំណាចម្តងណានោះទេ។
តាមរយៈរចនាសម្ព័ន្ធរៀបចំរបស់លោក ហ៊ុន សែន បែបនេះ ការតែងតាំងមន្ត្រីសង្ឃ ត្រូវបានធ្វើឡើងក្នុងចង្កោមខ្សែស្រឡាយ និងបក្ខពួកតែប៉ុណ្ណោះ។ ចំណែកព្រះសង្ឃដែលល្បីល្បាញមានពុទ្ធបរិស័ទគាំទ្រច្រើន ក៏ត្រូវបានលោក ហ៊ុន សែន ទិញទឹកចិត្តតាមរយៈនៃការផ្តល់ឱ្យនូវលាភសក្ការៈ ដូចជា លុយ ឡាន ជាដើម។
ដោយឡែកព្រះសង្ឃដែលមានបំណងផ្សព្វផ្សាយពីកិច្ចបដិបត្តិពុទ្ធឱវាទពិតប្រាកដតាមធម៌វិន័យ មិនត្រូវបានលើកទឹកចិត្តឱ្យដឹកនាំបដិបត្តិឡើយ។ ផ្ទុយទៅវិញ ត្រូវរងនូវការធ្វើទុក្ខបុកម្នេញពីមន្ត្រីសង្ឃដែលស្ថិតក្រោមរចនាសម្ព័ន្ធគណបក្ស និងពីមន្ត្រីរដ្ឋាភិបាលទៅវិញ។
ជាក់ស្តែង ព្រះភិក្ខុ សំ ប៊ុនធឿន ដែលជាព្រះសង្ឃលេចធ្លោមួយអង្គនៅកម្ពុជាក្នុងការផ្សព្វផ្សាយព្រះធម៌ ដែលបានលើកឡើងពីការពិតក្នុងសង្គមខ្មែរ ដូចជា អំពើពុករលួយ និងអំពើទុច្ចរិតផ្សេងៗរបស់អ្នកដឹកនាំខ្មែរ ក៏ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងអយុត្តិធម៌ជាទីបំផុត។
ជាងនេះទៀត ព្រះសង្ឃខ្មែរដែលចូលរួមបាតុកម្មតវ៉ាទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌សង្គម ដូចជា បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ជាដើម ក៏ត្រូវរបបដឹកនាំរបស់លោក ហ៊ុន សែន បង្ក្រាបដោយហិង្សាដែរ ដូចជាការវាយតប់ ដោយប្រើដំបងឆក់ ឬប្រើកាំភ្លើងបាញ់រះលើព្រះសង្ឃទាំងនោះនាពេលកន្លងមក។
លើសពីនេះ ព្រះសង្ឃដែលចូលរួមជាមួយសកម្មជនផ្សេងៗ ដូចជា សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនដីធ្លី ជាដើម ក៏ត្រូវបានចាប់ផ្សឹកពីសំណាក់មន្ត្រីសង្ឃ ឬរាជាគណៈសង្ឃ និងនាំខ្លួនយកទៅដាក់គុកក្រោមបញ្ជារបស់លោក ហ៊ុន សែន ថែមទៀត ជាពិសេសព្រះសង្ឃដែលជាប់ពាក់ព័ន្ធនឹងការប្រឆាំងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវចាប់ខ្លួនគ្មានករណីលើកលែងឡើយ ដូចជាករណីព្រះតេជព្រះគុណ ទឹម សាខន ចៅអធិការវត្តភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ដែលត្រូវបានចាប់ផ្សឹក និងបញ្ជូនខ្លួនទៅកាត់ទោសនៅប្រទេសវៀតណាម តាមបញ្ជាលោក ហ៊ុន សែន កាលពីអំឡុងឆ្នាំ២០០៧ កន្លងទៅនោះ។
ដើម្បីគ្រប់គ្រងព្រះសង្ឃទូទាំងប្រទេសកុំឱ្យប្រឆាំងនឹងការដឹកនាំរបស់ខ្លួន គណបក្សប្រជាជនកម្ពុជា បានប្រើក្រសួងធម្មការ និងសាសនា ជាឧបករណ៍ ដោយតែងតាំងសមាជិកបក្សឱ្យមកគ្រប់គ្រងក្រសួងមួយនេះ ដូចជា លោក ចាយ បូរិន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅពេលនេះ ជាដើម។
ជាងនេះទៀត មន្ទីរធម្មការ និងសាសនា ដែលត្រូវបានពង្រាយតាមរាជធានី-ខេត្តទាំង២៥ ក៏ត្រូវបានប្រើជាសេនាធិការក្នុងការគ្រប់គ្រងព្រះសង្ឃឱ្យកាន់តែរឹងមាំបន្ថែមទៀតដែរ ក្រោមការចង្អុលបង្ហាញរបស់បក្សកាន់អំណាច។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនចំណុះជើងវត្តមួយនៅស្រុកភ្នំក្រវាញ បានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រមាណជា ៣ឆ្នាំមុន ក្នុងជំនាន់ដឹកនាំរបស់អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ ឈ្មោះ រុន សុភារិន មិនដែលខ្វល់នឹងការដឹកនាំលើកស្ទួយវិស័យព្រះពុទ្ធសាសនាទេ។ ផ្ទុយទៅវិញ អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ រូបនេះ តែងតម្រូវឱ្យចៅអធិការតាមវត្តនីមួយៗបង់លុយប្រចាំឱ្យខ្លួនទៅវិញ ដោយយកតួនាទីក្នុងបក្សកាន់អំណាចមកគំរាមកំហែងព្រះសង្ឃទាំងនោះ ព្រោះសំអាងថាខ្លួនមានទំនាក់ទំនងជិតស្និទ្ធនឹងអតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។
គេសម្គាល់ឃើញថា ដោយសារតែស្ថាប័នដឹកនាំសាសនាធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់បក្សកាន់អំណាចបែបនេះហើយ ទើបអំពើទុច្ចរិត និងអំពើអនាចារផ្សេងៗដែលកើតមានក្នុងវិស័យព្រះពុទ្ធសាសនាយ៉ាងអនាធិបតេយ្យនាពេលកន្លងមក មិនត្រូវបានលុបបំបាត់នោះ ត្បិតអ្នកប្រព្រឹត្តសុទ្ធសឹងតែជាសែស្រឡាយ និងជាបក្ខពួកមន្ត្រីសង្ឃថ្នាក់លើដែលកំពុងបម្រើនិន្នាការនយោបាយឱ្យបក្សកាន់អំណាចទាំងអស់នោះ។
យោងតាមរបាយការណ៍ក្រសួងធម្មការ និងសាសនា ឆ្នាំ២០២៣ ឱ្យដឹងថា កម្ពុជាមានវត្តអារាមជាង ៥ពាន់វត្ត (៥១៣៣វត្ត) និងព្រះសង្ឃមានចំនួនជាង ៦ម៉ឺនអង្គ (៦៨៩៧៦អង្គ) ខណៈអាស្រមជាង ១០០អាស្រម (១៤០អាស្រម) រួមទាំងមណ្ឌលវិបស្សនាជាង ៤០មណ្ឌលផងដែរ (៤៤មណ្ឌល)។
ក្នុងចំណោមវត្តអារាមទាំងជាង ៥ពាន់វត្ត ត្រូវបានបែងចែកជាពីរ គឺគណៈមហានិកាយ និងគណៈធម្មយុត្តនិកាយ ក្នុងនោះជាង ៤ពាន់វត្ត (៤៨៦៦វត្ត) គឺជាគណៈមហានិកាយ ដែលមានព្រះសង្ឃជាង ៦ម៉ឺន ៦ពាន់អង្គ (៦៦៦០៩អង្គ) ចំណែកជាង ២០០វត្តផ្សេងទៀត (២៦៧វត្ត) គឺជាគណៈធម្មយុត្តនិកាយ ដែលមានព្រះសង្ឃជាង ២ពាន់អង្គផងដែរ (២៣៥៨អង្គ)។
របាយការណ៍ដដែលបញ្ជាក់ថា ក្រៅពីវត្តអារាម បច្ចុប្បន្ននេះ កម្ពុជាក៏មានសាលាធម្មវិន័យថ្នាក់ត្រី ទោ ឯក សរុបជាង ៥០០សាលាដែរ (៥២៩សាលា) ខណៈពុទ្ធិកបឋមសិក្សាមានចំនួនជិត ១ពាន់សាលា (៩៥០សាលា) និងពុទ្ធិកមធ្យមសិក្សាបឋមភូមិមានចំនួនជិត ៤០០សាលា (៣៨សាលា) រីឯពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានចំនួន ១៤សាលា ចំណែកពុទ្ធិកសាកលវិទ្យាល័យក៏មាន ៣សាលាដែរ។
សារព័ត៌មាន The Cambodia Daily នឹងរៀបរាប់លម្អិតពីអំពើអនាចារ និងអំពើទុច្ចរិតរបស់ព្រះសង្ឃខិលខូចក្នុងវត្តអារាមនីមួយៗនៅភាគទី២។ ដូច្នេះ សូមមិត្តអ្នកស្តាប់រង់ចាំតាមដាននៅវីដេអូបន្ទាប់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

