34.1 C
Phnom Penh

កូនស្រី​ច្បង​លោក កឹម សុខា ថ្កោលទោស​កងទ័ព​ថៃ ដែល​បាញ់​ប្រហារ​សម្លាប់​ទាហាន​ខ្មែរ​នៅ​តំបន់​មុំ​បី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនស្រី​ច្បង​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ក្រុម​យោធា​ថៃ ដែល​បាន​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ជុំវិញ​ជម្លោះ​ព្រំដែន​នៅ​តំបន់​មុំ​បី ក្នុង​ទឹកដី​កម្ពុជា។

កូនស្រី​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​អ៊ិច (X) នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​មិថុនា នេះ​ថា វា​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ជុំវិញ​ការ​គំរាមកំហែង​ទាំង​ខាង​យោធា និង​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​កម្ពុជា ដែល​បណ្តាល​មកពី​ជម្លោះ​ព្រំដែន​នោះ។

កញ្ញា កឹម មនោវិទ្យា លើកឡើង​ថា ក្នុង​ស្មារតី​នៃ​ប្រទេស​ជិតខាង​ល្អ និង​ជា​ការ​បង្ហាញ​ឆន្ទៈ​ស្រុះស្រួល​ជាមួយ​គ្នា ភាគី​ថៃ គួរតែ​ដក​វិធានការ​ឯកតោភាគី​ទាំងអស់​ដែល​ខ្លួន​បាន​អនុវត្ត ព្រោះ​វិធានការ​ដែល​ពួកគេ​បាន​ដាក់​ចេញ​នា​ពេលនេះ បាន​នាំ​ឱ្យ​ខូច​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​យ៉ាង​ធ្ងន់ធ្ងរ។

កូនស្រី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន និង​ចង់​ឃើញ​ភាគី​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី និង​យុត្តិធម៌ ដូច្នេះ​ការ​ប្រើ​យន្តការ​ច្បាប់​នៅ​តុលាការ​អន្តរជាតិ (ICJ) គឺជា​ជម្រើស​ដ៏​សមរម្យ​បំផុត​ក្នុង​ការ​ដោះស្រាយ​បញ្ហា។

កញ្ញា កឹម មនោវិទ្យា អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន រួបរួម​គ្នា​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង ដើម្បី​ធានា​ថា​អធិបតេយ្យ​ជាតិ​ខ្មែរ​ត្រូវ​ទទួល​បាន​នូវ​ការ​គោរព​ក្នុង​នាម​ជា​ប្រជាជាតិ​មួយ​ដែល​ស្មើមុខ​ស្មើមាត់​លើ​ឆាក​អន្តរជាតិ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មិថុនា នេះ​ដែរ​ថា ក្រោយ​ក្រុម​យោធា​ថៃ ឆ្មក់​បាញ់​ប្រហារ​កងទ័ព​កម្ពុជា​ឱ្យ​បាត់បង់​ជីវិត​នៅ​តំបន់​មុំ​៣ ភាគី​ថៃ ទាំង​រដ្ឋាភិបាល កងទ័ព និង​ក្រុម​ប្រឆាំង​ថៃ បាន​ប្រើ​ល្បិចកល​បង្វែរ​សាច់រឿង​បំភ័ន្ត​សាធារណមតិ​ពលរដ្ឋ​ថៃ​ខ្លួនឯង និង​សហគមន៍​អន្តរជាតិ​ជាបន្តបន្ទាប់។

លោក​ថា ល្បិចកល​បង្វែរ​សាច់រឿង​ដែល​ថៃ ធ្វើ​ក្នុង​ពេលនេះ គឺ​ដើម្បី​សម្រាល​អំពើ​ស្មោកគ្រោក​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ដោយ​ខុស​ច្បាប់​នៅ​តំបន់​មុំ​៣ ផង ដើម្បី​បន្លប់​រឿង​នយោបាយ​បែកបាក់​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ​ផង ហើយ​ក៏​ដើម្បី​បិទបាំង​ដំណើរ​លើ​មាត់ជ្រោះ​ដ៏​ផុយ​ស្រួយ​នៃ​រាជរដ្ឋាភិបាល​ថៃ បច្ចុប្បន្ន​ផង​ដែរ។

កាលពី​ព្រឹក​ព្រហស្បតិ៍ ថ្ងៃទី​២៨ ខែ​ឧសភា កងទ័ព​ថៃ បាន​បាញ់​ប្រហារ​ទៅ​លើ​កងទ័ព​កម្ពុជា នៅ​តំបន់​មុំ​បី ដែល​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ប៉ុន្តែ​ភាគី​ថៃ បាន​ទម្លាក់​កំហុស​លើ​ទាហាន​កម្ពុជា ថា​ជា​អ្នក​បាញ់​ពួកគេ​មុន។

ក្រោយ​ការ​បាញ់​ប្រហារ​នោះ ជម្លោះ​កម្ពុជា-ថៃ មិន​បាន​នៅ​ត្រឹម​ជម្លោះ​ព្រំដែន​នៅ​តំបន់​មុំ​បី​ទៀត​ទេ ប៉ុន្តែ​បាន​បន្ត​រាលដាល​ដល់​បន្ទាត់​ព្រំដែន​ទាំងអស់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេលនេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស