មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់រួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដើម្បីទប់ទល់ប្រឆាំងវាយបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ឆតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ មិថុនា នេះថា ថៃ នៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា ដូច្នេះកម្ពុជាត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ជាមួយថៃ បន្តទៀត។
លោក ហ៊ុន សែន អះអាងថា សម្ដីរបស់អ្នកនយោបាយជ្រុលនិយមថៃ បានបង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីរបស់កម្ពុជា។ លោកបន្តថា ដោយសារចរិតឈ្លានពានរបស់ថៃ មិនបញ្ឈប់បែបនេះ កម្ពុជាត្រូវតែពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចាដើម្បីបោះបង្គោលព្រំដែនជាមួយថៃ ឲ្យបានឆាប់។
លោក ហ៊ុន សែន បញ្ជាក់ថា ដរាបណាកម្ពុជាមិនទាន់បោះបង្គោលព្រំដែនរួចរាល់ជាមួយថៃ លទ្ធភាពនៃការប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែន ងាយនឹងកើតឡើង ហើយពិបាកជៀសបំផុត ហើយការដាស់តឿនរបស់លោកនាពេលនេះ គឺដើម្បីឱ្យពលរដ្ឋត្រៀមខ្លួនក្នុងការវាយចោរឈ្លានពានទឹកដីខ្មែរ។
វីដេអូឃ្លីបមួយរបស់អតីតមេដឹកនាំក្រុមអាវលឿងថៃ គឺលោក ស៊ិនធិ លឹមថងគុល (Sondhi Limthongkul) ត្រូវបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ ដែលបានលើកឡើងថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ គាត់នឹងលើកកងទ័ពវាយចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់ខ្មែរ ដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុត ហើយក៏អាចវាយយករាជធានីភ្នំពេញថែមទៀត។
ព្រំដែនកម្ពុជា-ថៃ មានប្រវែងប្រមាណជា ៨៥០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៧ រួមមានខេត្តប៉ៃលិន ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។
ក្រោយផ្ទុះអាវុធកាលពីព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា ដែលទាហានថៃ បានបាញ់ទាហានខ្មែរម្នាក់ស្លាប់នៅតំបន់មុំបី បានធ្វើឱ្យប្រទេសទាំងពីរមានជម្លោះព្រំដែនទាំង ៧ខេត្ត រហូតប្រឈមមុខដាក់គ្នាដោយអាវុធនាពេលនេះ។
យ៉ាងណាក៏ដោយ កម្ពុជាបានបបួលភាគីថៃ យកវិវាទនេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ភ្លាមៗក្រោយផ្ទុះជម្លោះនេះ ប៉ុន្តែត្រូវភាគីថៃ ច្រានចោលជាបន្តបន្ទាប់ និងប្រកាសសង្គ្រាមជាមួយកម្ពុជាទៅវិញ។
ជាក់ស្តែង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ លោក Boonsin Padklang បានអះអាងកាលពីពេលថ្មីៗនេះថា ថៃ នឹងមិនដោះស្រាយបញ្ហាព្រំដែនជុំវិញតំបន់ទាំងបួននេះនៅតុលាការអន្តរជាតិ ICJ ជាមួយកម្ពុជា ដាច់ខាត ប៉ុន្តែថៃ ចង់ធ្វើសង្គ្រាមជាមួយកម្ពុជា ដើម្បីកាន់កាប់តំបន់ទាំង៤ នេះវិញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

