ក្នុងលិខិតចំនួនពីរទំព័រពីប្រមុខរដ្ឋាភិបាលខ្មែរ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើលោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការធ្វើអន្តរាគមន៍បញ្ឈប់ការឈ្លានពានពីកងទ័ពថៃ មកលើដែនអធិបតេយ្យប្រទេសកម្ពុជា។
ក្នុងលិខិតផ្លូវការចុះថ្ងៃទី២៤ កក្កដា នេះ លោក ហ៊ុន ម៉ាណែត ក៏បានរាយការណ៍អធិប្បាយរ៉ាយរ៉ាប់អំពីចំណុចដែលថាថៃ ឈ្លានពាននោះ ដោយយោងតាមសន្ធិសញ្ញាបារាំង-សៀម ហើយស្នើឲ្យប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្លាស់វេន ជួយចែកចាយលិខិតពីរាជរដ្ឋាភិបាល ដល់សមាជិកទាំងអស់ផងដែរ។
លោកបន្តថា អរិភាពព្រំដែនរវាងកម្ពុជា-ថៃ កើតឡើងដោយសារថៃ ទាមទារកាន់កាប់ដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់ព្រំដែនតាមរយៈផែនទីខ្វះមូលដ្ឋានច្បាប់ដែលគូរដោយឯកតោភាគី ខណៈទង្វើបែបនេះគឺជាការអនុវត្តផ្ទុយពីការប្ដេជ្ញាចិត្តរបស់ថៃ ក្នុងអនុស្សរណៈយោគយល់ឆ្នាំ២០០០ (MOU-2000) ទាំងស្រុង។
លោកអះអាងថា ជាលេសសម្រាប់ការឈ្លានពាននេះ ថៃបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើប្រទេសកម្ពុជា ជុំវិញការផ្ទុះគ្រាប់មីន បន្ទាប់ពីទាហានថៃ បានងាកចេញពីផ្លូវល្បាតដែលបានសម្របសម្រួលរវាងប្រទេសទាំងពីរ ដោយភាគីថៃ បង្កើតផ្លូវថ្មីមួយឆ្លងកាត់ទឹកដីកម្ពុជា ដែលជាតំបន់មានគ្រាប់សល់ពីសម័យសង្គ្រាម។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រឈមមុខនឹងការឈ្លានពាននេះ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបក្នុងការការពារខ្លួន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជានោះឡើយ ព្រោះការឈ្លានពានរបស់យោធាថៃ គឺជាការគិតទុកជាមុន បើទោះបីជាមានអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលភាគីទាំងពីរបានទទួលស្គាល់ហើយក៏ដោយ។
នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា វេលាម៉ោង ០៨.៤៦នាទីព្រឹក យោធាថៃ បានបាញ់រះលើកងទ័ពកម្ពុជានៅប្រាសាទតាមាន់ធំ និងរាលដាលទៅដល់ប្រាសាទតាក្របី តំបន់ភ្នំខ្មោច ហើយក៏បានពង្រីកទីតាំងវាយប្រហារទៅដល់តំបន់មុំ៣ ផងដែរ។ ក្រោយការបាញ់ប្រហារដោយកាំភ្លើង យោធាថៃ បានប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់ចំនួន ២គ្រាប់លើទឹកដីកម្ពុជា ផងដែរ។
ជុំវិញបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ កក្កដា នេះ ដោយចាត់ទុកការឈ្លានពានរបស់ថៃ ថាជាការរំលោភបំពានយ៉ាងគឃ្លើនលើច្បាប់អន្តរជាតិ។
រដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យភាគីថៃ បញ្ឈប់រាល់អរិភាពជាមួយកម្ពុជាជាបន្ទាន់ ដោយដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន ខណៈកម្ពុជាប្ដេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី។
យ៉ាងណាមិញ ក្រសួងការបរទេសប្រទេសកម្ពុជា បញ្ជាក់ថា ខ្លួនរក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលត្រូវចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពប្រជាជនខ្លួន។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ កក្កដា នេះ ក្រសួងការពារជាតិកម្ពុជា បានអះអាងថា ក្នុងការបាញ់ប្រហារនេះ ថៃមិនត្រឹមតែវាយប្រហារលើតំបន់យោធាកម្ពុជានោះទេ តែពួកគេក៏សំដៅទៅកាន់តំបន់ដែលប្រជាជនស្លូតត្រង់រស់នៅផងដែរ ខណៈកងទ័ពកម្ពុជាវាយបកត្រឡប់ទៅវិញត្រឹមតែតំបន់យោធាថៃ ប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងនៅថ្ងៃដដែលនេះថា មេបញ្ជាការយោធភូមិភាគ២ របស់ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) គឺជាអ្នកចាប់ផ្តើមឱ្យមានសង្គ្រាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំ កាលពីថ្ងៃពុធ និងបើកការបាញ់ប្រហារមកលើកងទ័ពខ្មែរនៅថ្ងៃទី២៤ កក្កដា នេះ។
លោក ហ៊ុន សែន បញ្ជាក់ថា លោកក៏រង់ចាំមើលយុទ្ធសាស្ត្ររបស់មេបញ្ជាការរូបនេះដែរ ដែលបានអួតថាវាយយកទឹកដីកម្ពុជាត្រឹមតែ ៣ថ្ងៃនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

