30.7 C
Phnom Penh

លោក ហ៊ុន សែន អះអាង​ថា​សម្ដី​លោក ថាក់ស៊ីន គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា សម្ដី​លោក ថាក់ស៊ីន គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា​ពី​សំណាក់​កងទ័ព​ថៃ ខណៈ​នៅ​វេលា​ម៉ោង​ជាង ៦​ព្រឹក​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥ កងទ័ព​កម្ពុជា-ថៃ នៅ​បន្ត​ប្រយុទ្ធ និង​បាញ់​ផ្លោង​ដាក់​គ្នា​នៅ​តាម​សមរភូមិ​ជួរមុខ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក ថាក់ស៊ីន បង្ហោះ​សារ​ដែល​មាន​ចរិត​ប្រើប្រាស់​សង្គ្រាម​ដើម្បី​ប្រដៅ ហ៊ុន សែន។ សម្ដី​របស់​លោក ថាក់ស៊ីន កាន់តែ​បង្ហាញ​ច្បាស់​នូវ​ការ​ឈ្លានពាន​កម្ពុជា ពី​សំណាក់​កងទ័ព​ថៃ មក​លើ​កម្ពុជា។

លោក ហ៊ុន សែន អះអាង​ថា លោក​មិន​ចម្លែក​ទេ​សម្រាប់​ចរិត​របស់​លោក ថាក់ស៊ីន មក​លើ​លោក ព្រោះ​សូម្បីតែ​ព្រះមហាក្សត្រ​ថៃ ក៏​គាត់​ក្បត់ មនុស្ស​ក្នុង​បក្ស​គាត់​ក៏​គាត់​ក្បត់ និង​រឿង​កាន់តែ​អាក្រក់ គឺ​គាត់​ធ្លាប់​សម្លាប់​ប្រជាជន​ថៃ កាន់​សាសនា​ឥស្លាម​នៅ​ខេត្ត​ភាគ​ខាងត្បូង​រាប់​រយ​នាក់​កាលពី​ឆ្នាំ​២០០៤។ ពេល​នេះ ក្រោម​ហេតុផល​សងសឹក ហ៊ុន សែន គាត់​ប្រើ​សង្គ្រាម ដែល​លទ្ធផល​ចុងក្រោយ គឺ​ប្រជាជន​ជា​អ្នក​រងគ្រោះ។

អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​ធ្លាប់​ជា​កល្យាណមិត្ត ជា​បងប្អូនធម៌​នឹង​គ្នា​រាប់​ឆ្នាំ​ចាក់​ទឹក​មិន​លិច បែរជា​ចង​គំនុំ​នឹង​គ្នា យក​រឿង​ផ្ទាល់ខ្លួន​រុញ​ប្រទេស​ជាតិ​ឲ្យ​ប្រទូស្ត​គ្នា​ប្រដាប់​អាវុធ។

យោង​តាម​កាសែត​អាមេរិកាំង The New York Times នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​កក្កដា លោក ថាក់ស៊ីន សរសេរ​ក្នុង​បណ្ដាញ​សង្គម​ថា ទោះជា​សហគមន៍​អន្តរជាតិ​ចង់​ជួយ​ផ្សះ​ជម្លោះ ក៏​លោក​នៅតែ​ចង់​ឲ្យ​កងទ័ព​ថៃ បំពេញ​ភារកិច្ច​ប្រដៅ​លោក ហ៊ុន សែន មុន​សិន ចំពោះ​ចរិត​ប្រកប​ដោយ​ឧបាយកល​របស់​គាត់។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ថាក់ស៊ីន ចោទ​ថា​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ឲ្យ​កងទ័ព​ខ្មែរ​បាញ់​ដាក់​ស្រុក​ថៃ។

តាម​ព័ត៌មាន​ពី​កងទ័ព​ជួរមុខ​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​ជាង ៦​ព្រឹក​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥ ដែល​ត្រូវ​នឹង​ថ្ងៃទី​២ កងទ័ព​កម្ពុជា-ថៃ នៅ​បន្ត​ប្រយុទ្ធ និង​បាញ់​ផ្លោង​ដាក់​គ្នា​នៅ​តាម​សមរភូមិ​ជួរមុខ​ឡើងវិញ​ហើយ។ សកម្មភាព​នៃ​ការ​បន្ត​ផ្លោង​ដាក់​គ្នា​នេះ គឺ​បាន​បន្ត​នៅ​តំបន់​ខ្លះ​ម៉ោង ២​ទៀបភ្លឺ ម៉ោង ៣​ទៀបភ្លឺ នៅ​ព្រះវិហារ-ភ្នំ​ខ្មោច និង​ម៉ោង​ជាង ៥​ព្រឹក​ព្រលឹម​នៅ​តំបន់​តាក្របី។

សេចក្តី​រាយការណ៍​ពី​កងទ័ព​ជួរមុខ បាន​បញ្ជាក់​ថា នៅ​សមរភូមិ​ប្រយុទ្ធ​ទាំង​នៅ​ខេត្ត​ឧត្ដរមានជ័យ និង​ខេត្ត​ព្រះវិហារ កងទ័ព​ទាំង​ពីរ​បន្ត​ប្រើ​កាំភ្លើង​ធុន​ធ្ងន់​ផ្លោង​ដាក់​គ្នា​ទៅវិញ​ទៅមក តែ​កងទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​កម្ពុជា នៅ​គ្រប់​សមរភូមិ​ប្រយុទ្ធ​កំពុង​គ្រប់គ្រង​ទីតាំង​របស់​ខ្លួន​យ៉ាង​រឹងមាំ។

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ លោកស្រី ម៉ាលី សុជាតា បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​រហូត​ដល់ ៨​ទីតាំង ដោយ​មាន​ការ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ និង​យន្តហោះ​ចម្បាំង F-16។ ទីតាំង​ទាំង ៨ នោះ​រួម​មាន ទី​១ ប្រាសាទ​តាមាន់ធំ ទី​២ ប្រាសាទ​តាក្របី ទី​៣ តំបន់​ភ្នំ​ទ្រព្យ ទី​៤ វាល​ឥន្ទ្រី ទី​៥ តាថាវ ទី​៦ ភ្នំ​ខ្មោច ទី​៧ អានសេះ​អូផ្កាស្នេហ៍ និង​ទី​៨ មុំ​បី។

ការ​ផ្ទុះ​អាវុធ​រវាង​កម្ពុជា-ថៃ បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ប្រាសាទ​តាមាន់ធំ ខេត្ត​ឧត្ដរមានជ័យ ដោយ​បាន​រាលដាល​ទៅ​កាន់​តំបន់​សមរភូមិ​ផ្សេង​ទៀត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។ ការ​ប្រយុទ្ធ​គ្នា​នេះ បាន​កើតឡើង​បន្ទាប់ពី​ភាគី​ថៃ បាន​ផ្ទុះ​អាវុធ​មុន​នៅ​ចំណុច​ប្រាសាទ​តាមាន់ធំ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស