ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ស្នើឱ្យសហរដ្ឋអាមេរិក តាមដានដោយយកចិត្តទុកដាក់ចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសការបន្តដាក់លួសបន្លាពីសំណាក់ទាហានថៃ មកលើទឹកដីកម្ពុជា នាពេលនេះ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនជុំវិញជំនួបជាមួយភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា អ្នកស្រី Bridgette L. Walker នៅថ្ងៃទី៥ កញ្ញា ថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ ហើយក៏ចង់បានអ្នកសង្កេតការណ៍ជាក់លាក់ដែរ ដើម្បីធានាការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព។
លោក ហ៊ុន សែន អះអាងថា ជំហររបស់កម្ពុជា គឺចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ ដែលកម្ពុជាចង់ឱ្យសហរដ្ឋអាមេរិកតាមដានដោយយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមាន ដើម្បីធានាឲ្យបាននូវការគោរពបទឈប់បាញ់ឲ្យបានពេញលេញ។
ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះ បញ្ជាក់ថា អ្នកស្រី Bridgette L. Walker បានសង្កត់ធ្ងន់ក្នុងជំនួបនេះដែរថា សហរដ្ឋអាមេរិក ជាពិសេសប្រធានាធិបតី លោក ដូណាល់ ត្រាំ ចង់ឲ្យភាគីទាំងពីរបង្កើតឲ្យមានអ្នកសង្កេតការណ៍អាស៊ាន ខណៈអាមេរិកនឹងខិតខំជំរុញឲ្យមានអ្នកសង្កេតការណ៍នេះ ព្រោះជំហររបស់សហរដ្ឋអាមេរិក គឺចង់ឃើញសន្តិភាពកើតមានសម្រាប់ប្រទេសទាំងពីរផងដែរ។
សារព័ត៌មានក្នុងស្រុក SBT News បានធ្វើសេចក្តីរាយការណ៍នៅថ្ងៃទី៥ កញ្ញា ពីភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជុំវិញសកម្មភាពប្រជាពលរដ្ឋនៅតំបន់នោះ ដែលនាំគ្នាយាមប្រចាំការកុំឱ្យកងកម្លាំងយោធាថៃ ចូលទៅដាក់ពង្រាយលួសបន្លាព័ទ្ធយកដី និងផ្ទះសម្បែងរបស់ពួកគេ។
ប្រភពដដែល រាយការណ៍ថា កងកម្លាំងយោធាថៃ ទាំងនោះ បែងចែកកម្លាំងជាក្រុមៗដែលមួយក្រុមមានគ្នាប្រមាណ ១៥នាក់ ប្រដាប់ដោយដំបង និងខែល ទំនងជាទុកបង្ក្រាបប្រជាពលរដ្ឋដែលតវ៉ាមិនឱ្យពួកគេរាយលួសបន្លា ខណៈប្រជាពលរដ្ឋក៏បានសាងសង់ជាកូនខ្ទមប្រក់ស្លឹក និងបាំងតូចៗដើម្បីឃ្លាំមើលទាហានថៃ ទាំងនោះដែរ។
កាលពីថ្ងៃទី៤ កញ្ញា សារព័ត៌មាន ខៅស៊ុត របស់ថៃ បានចុះផ្សាយថា អ្នកភូមិដែលជាពលរដ្ឋខ្មែរបានប្រមូលផ្ដុំគ្នាតវ៉ានៅជិតព្រំដែនក្នុងស្រុកបានណងចាន់ ខេត្តស្រះកែវ បន្ទាប់ពីអាជ្ញាធរថៃ បានដាក់បទបញ្ជាឱ្យអ្នកភូមិខ្មែរដែលបានទន្ទ្រានព្រំដែនថៃ ចាកចេញពីតំបន់នោះ។
សារព័ត៌មានថៃ ដដែលនេះ រាយការណ៍ថា អាជ្ញាធរថៃ បានដាក់ពង្រាយកងកម្លាំងបន្ថែមទៀត រួមមាន កងកម្លាំងយោធា និងប៉ូលិសល្បាតព្រំដែន ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ។
ជុំវិញបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ កញ្ញា ដែរថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិទៅកាន់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានកាលពីពេលថ្មីៗនេះ ក្នុងគោលបំណងជំរុញឱ្យភាគីថៃ រើបន្លាលួស និងកង់ឡានដែលបានដាក់ពង្រាយខុសច្បាប់លើទឹកដីកម្ពុជា ចេញវិញ។ ជាងនេះទៀត ក៏ដើម្បីធានាការប្រគល់ទ្រព្យសម្បត្តិ និងស្រែចម្ការរបស់ពលរដ្ឋខ្មែរទាំងអស់ដែលត្រូវបានភាគីថៃ រំលោភយកដែរ និងដើម្បីជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀង ១៣ចំណុចនៃកិច្ចប្រជុំ GBC ព្រមទាំងបង្កើតក្រុមការងារចំពោះកិច្ច ក្នុងការស៊ើបអង្កេត និងស្វែងរកអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធចំពោះអំពើរំលោភបំពាននេះថែមទៀត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

