26.3 C
Phnom Penh

រដ្ឋាភិបាល​ត្រៀម​រថយន្តក្រុង​ជិត ៦០០​គ្រឿង​ដឹក​ពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃទី​២០-២៥ កញ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ប្រកាស​បញ្ចេញ​រថយន្តក្រុង​ជិត ៦០០​គ្រឿង (៥៩៧​គ្រឿង) សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ ដោយ​មិន​បង់​ប្រាក់​ចំនួន ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៥។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ថា រដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ​រថយន្តក្រុង​ចំនួន ៥៩៧​គ្រឿង​សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ប្រចាំ​ថ្ងៃ និង​សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា រថយន្តក្រុង​ចំនួន ១០០​គ្រឿង​ប្រើប្រាស់​សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​ពលរដ្ឋ​ប្រចាំ​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ និង​សេវា​រថយន្តក្រុង​សាធារណៈ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​តាខ្មៅ។ ចំណែក​រថយន្តក្រុង​ចំនួន ៤៩៧​គ្រឿង​ទៀត ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅ​លេង​ស្រុកកំណើត និង​ការ​វិល​ត្រឡប់​មក​វិញ។

នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​សង្ឃឹម​ថា ការ​រៀបចំ​នេះ​នឹង​អាច​ជួយ​សម្រួល និង​សម្រាល​បន្ទុក​ខ្លះ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាងមុខ​នេះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ថា រថយន្តក្រុង​ចំនួន ៤៩៧​គ្រឿង​ដែល​ត្រៀម​ដឹកជញ្ជូន​ពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅ​លេង​ស្រុកកំណើត និង​ការ​វិល​ត្រឡប់​មក​វិញ​នៅ​គោលដៅ​ទាំង ៧ រួម​មា៖

  • គោលដៅ​ទី​១ ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង។
  • គោលដៅ​ទី​២ គឺ​ពី​ភ្នំពេញ ទៅ​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ។
  • គោលដៅ​ទី​៣ ពី​ភ្នំពេញ ទៅ​ខេត្ត​កែប ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង។
  • គោលដៅ​ទី​៤ គឺ​ពី​ភ្នំពេញ ទៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់។
  • គោលដៅ​ទី​៥ គឺ​ពី​ភ្នំពេញ ទៅ​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន។
  • គោលដៅ​ទី​៦ គឺ​ពី​ភ្នំពេញ ទៅ​ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប ខេត្ត​ឧត្ដរមានជ័យ និង​ខេត្ត​ព្រះវិហារ
  • គោលដៅ​ទី​៧ គឺ​ពី​ភ្នំពេញ ទៅ​ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី។

ប្រភព​ដដែល បញ្ជាក់​ថា ការ​ដឹកជញ្ជូន​ទៅ​កាន់​គោលដៅ​ទាំង ៧ នេះ ក៏​នឹង​ដឹកជញ្ជូន​ពី​គោលដៅ​ទាំង ៧ នោះ ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ដោយ​ឥត​គិត​ថ្លៃ​វិញ​ដែរ ដើម្បី​ជួយ​សម្រួល​ការ​ចំណាយ​របស់​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេលនេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស