27 C
Phnom Penh

លោក ដូណាល់ ត្រាំ នឹង​ទៅ​ចូលរួម​ជំនួប​កំពូល​អាស៊ាន និង​ធ្វើ​ជា​សាក្សី​លើ​កិច្ចព្រមព្រៀង​ខ្មែរ-ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ម៉ាឡេស៊ី អះអាង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ចុង​ខែ​តុលា នេះ។

កាសែត South China Morning Post បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាស់សាន (Mohamad Hasan) នៅ​ថ្ងៃទី​១៤ ខែ​តុលា នេះ​ថា នៅ​សល់​តែ ១១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ។

ប្រភព​ដដែល អះអាង​ថា កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែ​តុលា ខាងមុខ​នេះ ខណៈ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក៏​នឹង​ត្រូវ​ចុះហត្ថលេខា​ក្រោម​អធិបតីភាព​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​នេះ​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី រូប​នេះ បញ្ជាក់​ថា ប្រទេស​ម៉ាឡេស៊ី រួម​ទាំង​សហរដ្ឋ​អាមេរិក នឹង​សម្របសម្រួល​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ដែល​តម្រូវ​ឱ្យ​ភាគី​ទាំង​សងខាង​ដក​ចេញ​នូវ​យុទ្ធោបករណ៍​ធុន​ធ្ងន់ និង​ដោះ​មីន​ចេញពី​ព្រំដែន​រៀងៗ​ខ្លួន។

មន្ត្រី​ការបរទេស​ដដែល​នេះ សង្ឃឹម​ថា ក្នុង​កិច្ចប្រជុំ​នេះ​នឹង​មាន​ការ​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ដែល​គេ​ស្គាល់​ថា​ជា​កិច្ចព្រមព្រៀង​កូឡាឡាំពួរ រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ ដើម្បី​ធានា​សន្តិភាព និង​បទ​ឈប់​បាញ់​យូរអង្វែង​ទៅ​ថ្ងៃ​មុខ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថៃ The Nation បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Siripong Angkasakulkiat ថា ជុំវិញ​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​អាមេរិក​ទៅ​ប្រទេស​ម៉ាឡេស៊ី រដ្ឋាភិបាល​ថៃ ទទូច​ឱ្យ​ប្រទេស​កម្ពុជា អនុវត្ត​តាម​លក្ខខណ្ឌ​ទាំង​បួន​ដែល​ថៃ បាន​លើកឡើង​ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​នា​ពេល​កន្លង​មក។

ពាក់ព័ន្ធ​នឹង​គម្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ខ្មែរ-ថៃ មាន​សន្ធិសញ្ញា និង​អនុសញ្ញា​បារាំង-សៀម រួម​ទាំង​អនុស្សរណៈ​យោគយល់​គ្នា ព្រមទាំង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ផង​ដែរ ក្នុង​ការ​ធានា​ថា​ទឹកដី​ប្រទេស​កម្ពុជា មិន​មាន​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិតខាង។

លោក វ៉ន ចាន់ឡូត លើកឡើង​ថា តើ​ចាំបាច់​អ្វី​ដែល​ត្រូវ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​បន្ថែម​ទៀត​ជាមួយ​ថៃ? តើ​មាន​របៀបវារៈ​អ្វី​នៅ​ពីក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ខណៈ​កិច្ចព្រមព្រៀង​នានា រួម​ទាំង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ថៃ មិន​ដែល​គោរព​ផង​នោះ?

លោក​បញ្ជាក់​ថា តើ​សង្ឃឹម​ថា​ថៃ នឹង​គោរព​កិច្ចព្រមព្រៀង​ដែល​គ្រោង​ធ្វើឡើង​នា​ពេល​ខាងមុខ​នេះ​ដែរ​ឬ​ទេ ខណៈ​ថៃ បាន​បំពាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​យ៉ាង​គឃ្លើន អាមេរិក​គ្មាន​ប្រតិកម្ម​ផង​នោះ?

ត្រង់​ចំណុច​នេះ នាយ​ក្រុម​សង្កេតការណ៍​អន្តរកាល ឧត្ដមសេនីយ៍ត្រី Samsul Rizal Bin Musa ពី​កងទ័ព​ម៉ាឡេស៊ី ប្រាប់​កាសែត​បរទេស​ថា យោធា​ថៃ បាន​គោរព​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់។

ទោះជាយ៉ាងណា​ក៏ដោយ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​យប់​ថ្ងៃទី​១៣ ខែ​តុលា នេះ​ថា កម្ពុជា​គ្មាន​បំណង​ចង់​យក​អ្វី​ដែល​មិនមែន​ជា​របស់​ខ្លួន​ទេ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​នឹង​មិន​ទទួលយក​ការ​បាត់បង់​នូវ​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​ត្រឹមត្រូវ​នោះ​ដែរ។

ក្រសួង​ការបរទេស បញ្ជាក់​ថា អ្វី​ដែល​ប្រទេស​កម្ពុជា ស្វែងរក គឺ​ដំណោះស្រាយ​ប្រកប​ដោយ​យុត្តិធម៌ មិន​លម្អៀង ក្នុង​នោះ ប្រទេស​កម្ពុជា​បាន​ប្រកាន់​ជំហរ​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​អនុលោម​យ៉ាង​ពេញលេញ​តាម​ច្បាប់​អន្តរជាតិ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស