27.3 C
Phnom Penh

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​បារម្ភ​អំពី​អវត្តមាន​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ស្ដីពី​ជម្លោះ​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ព្រួយបារម្ភ​អំពី​អវត្តមាន​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ស្ដីពី​ជម្លោះ​ព្រំដែន​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ធ្វើ​ជា​អធិបតី​នា​ពេល​ខាងមុខ​នេះ ទំនង​ជា​មិន​អាច​បញ្ចប់​សង្គ្រាម​បាន​នោះ​ទេ។

លោក ជុំ ឈាង លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២១ តុលា នេះ​ថា តំបន់​អាស៊ាន គឺជា​តំបន់​ដែល​កំពុង​ប្រទាញប្រទង់​រវាង​អាមេរិក និង​ចិន ដូច្នេះ​បើ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​គ្មាន​ចិន ចូលរួម​ទេ នោះ​ជម្លោះ​ព្រំដែន​នេះ​ក៏​ទំនង​ជា​មិន​អាច​បញ្ចប់​បាន​ដែរ។

លោក ជុំ ឈាង លើកឡើង​ថា គេ​មិន​ដឹង​ថា​តើ​ការ​អនុវត្ត​នូវ​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ អាច​ដំណើរការ​ទៅ​បាន ឬ​ក៏​អត់​នោះ​ទេ ដែល​នេះ​គឺ​ជា​ឧបសគ្គ​អាច​នឹង​កើតមាន ប្រសិនបើ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​គ្មាន​វត្តមាន​របស់​ចិន មែន​នោះ។

លោក​បន្ត​ថា ជុំវិញ​កិច្ចព្រមព្រៀង​នេះ​ទៀតសោត ក៏​មិន​មាន​ការ​បង្ហាញ​ពី​គណៈកម្មាធិការ​សម្រាប់​អនុវត្ត​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដែរ។ លោក​ថា ជាក់ស្តែង កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ២៣ តុលា មាន​អង្គភាព​សម្រាប់​អនុវត្ត គឺ​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (United Nations Transitional Authority in Cambodia) ឬ​អ៊ុនតាក់ (UNTAC)។

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​រូប​នេះ បញ្ជាក់​ថា ក្តី​បារម្ភ​មួយ​ផ្នែក​ទៀត គឺ​ផ្ដោត​ទៅ​លើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ដែល​គ្រោង​ចុះហត្ថលេខា​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ ព្រោះ​ការ​លើកឡើង​ខ្លះៗ​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ជុំវិញ​កិច្ចព្រមព្រៀង​នេះ គ្រាន់តែ​ជា​គោលការណ៍​រួម​ប៉ុណ្ណោះ មិនមែន​ជា​សេចក្តី​លម្អិត​ទេ ដូចជា សន្តិភាព និង​ការ​ធានា​ប្រសិទ្ធភាព​បទ​ឈប់​បាញ់ ជាដើម។

លោក​បញ្ជាក់​ថា បើ​កម្ពុជា​គ្មាន​សេចក្តី​ព្រាង​លម្អិត​សម្រាប់​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ វា​គឺជា​ចន្លោះ​ប្រហោង​ដែល​មាន​ហានិភ័យ​បំផុត ខណៈ​ភាគី​ថៃ ក៏​អាច​យក​ឈ្នះ​កម្ពុជា​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​លើ​បញ្ហា​ព្រំដែន​បាន​ដោយ​ងាយ​ដែរ។

កាលពី​ថ្ងៃទី​០៦ ខែ​តុលា ឆ្នាំ​២០២៥ សារព័ត៌មាន​អន្តរជាតិ The Politico បាន​ចុះផ្សាយ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គ្រោង​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ចុង​ខែ​តុលា ខាងមុខ​នេះ ប្រសិនបើ​លោក​អាច​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ណាតាផុន ណាក់ផានិច (Natthaphon Narkphanit) ត្រូវ​បាន​កាសែត The Nation របស់​ថៃ ស្រង់​សម្ដី​ចុះផ្សាយ​កាលពី​ថ្ងៃទី​២១ តុលា ថា ប្រសិនបើ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) ជាមួយ​កម្ពុជា ត្រូវ​បរាជ័យ នោះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ថៃ និង​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី នា​ពេល​ខាងមុខ​នេះ ក៏​ទំនង​ជា​មិន​អាច​កើតមាន​ដែរ៕

លោក ជុំ ឈាង (រូប​ស្ដាំ) ចូលរួម​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៥។
លោក ជុំ ឈាង (រូប​ស្ដាំ) ចូលរួម​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៥។

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស