អ្នកឃ្លាំមើលសង្គម ជំរុញឲ្យមេដឹកនាំនយោបាយទាំងអស់ គួរតែនាំគ្នាដាក់ញត្តិទៅកាន់ស្ថានទូតប្រទេសធំៗនៅកម្ពុជា ដើម្បីឱ្យជួយដាក់សម្ពាធប្រទេសថៃ បញ្ឈប់ការឈ្លានពានលើប្រទេសកម្ពុជា។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ធ្នូ នេះថា កម្ពុជាគួរដល់ពេលរៀបចំឯកសារ និងភស្តុតាងដើម្បីប្តឹងថៃ ចំពោះការរំលោភបំពានដែនអធិបតេយ្យភាព និងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកម្ពុជា ដោយគ្មានការគោរពច្បាប់អន្តរជាតិ និងការមិនគោរពតាមគោលការណ៍សិទ្ធិមនុស្សជាសកលនោះ ទៅតុលាការអន្តរជាតិ ជុំវិញជម្លោះព្រំដែនជាច្រើនខែមកនេះ។
លោក សេក សុជាតិ អំពាវនាវឱ្យពលរដ្ឋខ្មែរដែលនៅក្រៅប្រទេស នាំគ្នាចេញតវ៉ានៅខាងមុខវិមានរដ្ឋសភានៃប្រទេសដែលពួកគេកំពុងរស់នៅ ដើម្បីបង្ហាញពីការឈ្លានពានរបស់ថៃ លើកម្ពុជា ដែលកំពុងសម្លាប់ជនស៊ីវិលដោយគ្មានការគោរពច្បាប់អន្តរជាតិពីសំណាក់ភាគីថៃ នាពេលនេះ។ ចំណែកយុវជនកម្ពុជា ក៏គួរត្រៀមខ្លួនសម្រាប់ការចូលរួមជាមួយកងទ័ពជាតិប្រឆាំងការឈ្លានពាននេះដែរ ក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមបញ្ហាដ៏គ្រោះថ្នាក់នាពេលនេះ។
អ្នកឃ្លាំមើលរូបនេះ ស្នើឱ្យមេដឹកនាំនយោបាយទាំងអស់អត់ធ្មត់ និងគាំទ្រខ្មែរដូចគ្នាឱ្យបានខ្លាំងក្លាជាងការអត់ធ្មត់ចំពោះបរទេសឈ្លានពាន ខណៈមេដឹកនាំកម្ពុជាក៏គួរដល់ពេលដែលត្រូវទម្លាក់ចោលការចោទប្រកាន់លើយុវជនខ្មែរដែលកំពុងជាប់ឃុំដែរ ដើម្បីបង្ហាញពីការបង្រួបបង្រួមជាតិពីគ្រប់និន្នាការក្នុងស្ថានភាពដ៏លំបាកនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសង្គ្រាមកម្ពុជា-ថៃ បានផ្ទុះឡើងសាជាថ្មីនាពេលនេះ ខណៈកម្ពុជាក៏មិនទាន់មានវិធានការផ្លូវច្បាប់អន្តរជាតិណាមួយទៅលើភាគីថៃ នោះទេ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ សារព័ត៌មានបរទេសធំៗ ដូចជា CNA, CNN, BBC, AP, Reuters, CGTN, Al Jazeera, Nikkei Asia, DW និង France 24 ជាដើម បានចុះផ្សាយអំពីការប្រើយន្តហោះ F-16 របស់ថៃ វាយប្រហារតាមអាកាសលើអធិបតេយ្យភាពរបស់កម្ពុជាជាបន្តបន្ទាប់នាពេលនេះ។
កាសែតទាំងនោះបានរាយការណ៍ថា ប្រទេសថៃ បានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងកម្ពុជា ខណៈការវាយប្រហារនេះ បានបង្ហាញពីសញ្ញានៃការដួលរលំផែនការសន្តិភាពក្រោមអធិបតីភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីចុងខែតុលា កន្លងទៅ។
ជុំវិញបញ្ហានេះ អង្គការក្រៅរដ្ឋាភិបាលចំនួនបីក្នុងប្រទេសអូស្ត្រាលី រួមមានអង្គការប្រជាធិបតេយ្យខ្មែរ ក្រុមអ្នកតស៊ូមតិកម្ពុជា និងអង្គការ ២៣ តុលា កាលពីថ្ងៃទី៩ ខែធ្នូ នេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសទង្វើថៃ ឈ្លានពានដែលកំពុងគំរាមកំហែងដល់ជីវិតជនស៊ីវិលកម្ពុជា នាពេលនេះ។
អង្គការទាំងនេះបញ្ជាក់ថា ការប្រើប្រាស់កម្លាំងដោយមិនសមហេតុផលរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា គឺជាទង្វើឈ្លានពានដែលកំពុងបង្កការគំរាមកំហែងដោយផ្ទាល់លើសុវត្ថិភាពជនស៊ីវិល និងសន្តិភាពក្នុងតំបន់។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៩ ខែធ្នូ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានបញ្ជាឱ្យកងទ័ពខ្មែរវាយបកទៅកងទ័ពថៃ វិញពីគ្រប់ទីតាំងដែលថៃ ទន្ទ្រានចូលក្នុងទឹកដីរបស់ខ្លួន ក្រោយពីកម្ពុជាបានអត់ធ្មត់លើស ២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងការពន្យារពេលជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះ។
លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានវាយបកត្រឡប់ទៅភាគីថៃ វិញកាលពីល្ងាចថ្ងៃទី៨ ខែធ្នូ និងបន្តវាយបកបន្ថែមទៀតកាលពីយប់ថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារ ទី៩ ធ្នូ ព្រោះកម្ពុជាត្រូវប្រើសិទ្ធិការពារទឹកដីរបស់ខ្លួន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

