28.8 C
Phnom Penh

មេ​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ផ្ញើ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ស្នើ​បង្ហាញ​ភស្តុតាង​ពី​ផ្កាយរណប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​សញ្ជាតិ​ខ្មែរ-អាមេរិកាំង មួយ​រូប ស្នើសុំ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បង្ហាញ​ភស្តុតាង​ពី​ការ​ប្រើ​យន្តហោះ F-16 ពី​សំណាក់​កងទ័ព​ថៃ ទម្លាក់​គ្រាប់បែក​ចូល​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ​ដោយ​បំពាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ តាមរយៈ​ផ្កាយរណប​សហរដ្ឋ​អាមេរិក។

លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី នៅ​ថ្ងៃទី​១៦ ធ្នូ នេះ បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ទៅ​កាន់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​បំណង​ឱ្យ​សហរដ្ឋ​អាមេរិក ជួយ​ធ្វើ​អន្តរាគមន៍​បញ្ឈប់​កងទ័ព​ថៃ ដែល​កំពុង​ឈ្លានពាន​ទឹកដី​កម្ពុជា នា​ពេលនេះ។

មេ​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ ស្នើ​ឱ្យ​លោក ដូណាល់ ត្រាំ ដាក់​សម្ពាធ​ជា​លក្ខណៈ​អន្តរជាតិ និង​សម្ពាធ​ការទូត រួម​ទាំង​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​ទីក្រុង​បាងកក ដើម្បី​បញ្ឈប់​អំពើ​ឈ្លានពាន​របស់​ថៃ មក​លើ​ប្រទេស​កម្ពុជា ព្រោះ​ប្រទេស​ថៃ បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16​ទម្លាក់​គ្រាប់បែក និង​បាញ់​ផ្សែង​ពុល​មិន​រើស​ទីតាំង ចាប់តាំងពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៥ រហូត​មក​ដល់​ថ្ងៃ​នេះ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ក្នុង​លិខិត​នេះ​ថា ការ​វាយប្រហារ​ដ៏​ឃោរឃៅ​នេះ បាន​បង្ខំ​ឱ្យ​ជនស៊ីវិល​ស្លូតត្រង់​រាប់​សែន​នាក់​ត្រូវ​ផ្លាស់​ទីលំនៅ ដែល​នេះ​គឺជា​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​មិន​អាច​ប្រកែក​បាន ដែល​ប្រទេស​ថៃ បាន​ធ្វើ​មក​លើ​ប្រទេស​កម្ពុជា ខណៈ​ពលរដ្ឋ​ភៀស​សឹក​កំពុង​រង​នូវ​វិបត្តិ​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ។

មេ​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ គូស​បញ្ជាក់​ថា ផ្កាយរណប​របស់​សហរដ្ឋ​អាមេរិក ពិត​ជា​ចាប់បាន​យ៉ាង​ច្បាស់​ពី​ការ​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង F-16 និង​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ឃោរឃៅ​ដែល​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ ដែល​មាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ជា​សាក្សី​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​យោធា​ថៃ នៅ​បន្ត​វាយប្រហារ​ដោយ​អាវុធ​គ្រប់​ធុន​មក​លើ​ប្រទេស​កម្ពុជា អស់​រយៈពេល ១០​ថ្ងៃ​មក​នេះ ទោះ​សហរដ្ឋ​អាមេរិក​ចេញ​មុខ​អន្តរាគមន៍​ហើយ​ក៏ដោយ។

កាសែត​ថៃ ខៅស៊ុត (Khaosod) ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៦ ធ្នូ នេះ​ថា លោក អនុធីន ឆានវីរៈគុល បាន​ប្រាប់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឱ្យ​ស្នើ​កម្ពុជា​បញ្ឈប់​ការ​បាញ់​មុន ព្រោះ​ថៃ មិនមែន​ជា​អ្នក​ចាប់ផ្តើម​ជម្លោះ​នេះ​ទេ។

ប្រភព​ដដែល​អះអាង​ថា លោក អនុធីន ឆានវីរៈគុល បាន​ធ្វើការ​ប្រៀបធៀប​ប្រភេទ​អាវុធ​រវាង​កម្ពុជា និង​ថៃ ខណៈ​កម្ពុជា បាន​បាញ់​រ៉ុក្កែត BM-21 បាញ់​ចូល​ក្នុង​ទឹកដី​ថៃ ដូច្នេះ​សួរ​ថា​តើ​ភាគី​ណា​ប្រើ​អាវុធ​ដែល​មាន​អំពើ​ហិង្សា​ខ្លាំង​ជាង។

យ៉ាងណាក៏ដោយ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៦ ធ្នូ នេះ​ថា ចាប់ពី​ម៉ោង ១២ និង ១៦​នាទី​រំលង​អាធ្រាត្រ រហូត​ដល់​ម៉ោង ០៤ និង ១៧​នាទី រសៀល​ថ្ងៃទី​១៦ ខែ​ធ្នូ យោធា​ថៃ បាន​បាញ់​ប្រហារ​មក​លើ​កម្ពុជា ចំនួន ២០​លើក ក្នុង​រយៈពេល ១៧​ម៉ោង​នេះ។

ប្រភព​ដដែល អះអាង​ថា ការ​វាយប្រហារ​ទាំង ២០​លើក​នេះ ថៃ​បាន​ប្រើ​អាវុធ​គ្រប់​ធន់ រួម​មាន​កាំភ្លើងធំ ១៥៥​មិល្លីម៉ែត្រ កាំភ្លើង​បំពាក់​លើ​រថក្រោះ ផ្សែង​ពុល រថក្រោះ កាំភ្លើងធំ ដ្រូន​ទម្លាក់​គ្រាប់ ដ្រូន​អត្តឃាត ដ្រូន​ពាំ​ក្បាល​គ្រាប់ ដ្រូន​ខ្នាត​ធំ រថយន្ត​បាញ់​រ៉ុក្កែត​ប្រភេទ DTI-2 និង​យន្តហោះ​ចម្បាំង F-16 ផង​ដែរ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា អាវុធ​ទាំង​ជាង ១០​ប្រភេទ​នេះ យោធា​ថៃ បាន​វាយប្រហារ​យ៉ាង​សន្ធាប់ និង​ខ្លាំងក្លា​បំផុត​ទៅ​លើ​តំបន់​ជាច្រើន​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដូចជា ប្រាសាទ​តាក្របី, ភ្នំ​៣៣៣, ថ្ម​ឆត្រ, ជប់អង្គញ់, ថ្មដូន, ភ្នំខ្មោច, អូរស្មាច់ ខណៈ​តំបន់​ផ្សេង​ទៀត​ក៏​ត្រូវ​រង​ការ​វាយប្រហារ​ដែរ។

ក្រសួង​ការពារ​ជាតិ គូស​បញ្ជាក់​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១៦ ធ្នូ នេះ វីរកងទ័ព​កម្ពុជា កំពុង​បន្ត​ឈរជើង​យ៉ាង​រឹងមាំ ស្វាហាប់ មោះមុត តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន​នៅ​គ្រប់​សមរភូមិ​ទាំងអស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា។

ជុំវិញ​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​ថៃ មក​លើ​កម្ពុជា រយៈពេល ១០​ថ្ងៃ​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា បាន​អះអាង​នៅ​ថ្ងៃទី​១៦ ធ្នូ នេះ​ថា គិត​ត្រឹម​ម៉ោង ១២ និង ៣០​នាទី ថ្ងៃទី​១៦ ខែ​ធ្នូ នេះ ជនភៀសសឹក​មាន​ចំនួន​ជាង ១​សែន​គ្រួសារ​ហើយ (១២៧៤៦៩​គ្រួសារ) ដែល​ស្មើ​នឹង​ចំនួន​ពលរដ្ឋ​ជាង ៤​សែន​នាក់ (៤២៥៤៥៣​នាក់)។

ជាមួយ​គ្នា​នេះ លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា ក្នុង​ចំណោម​នោះ មាន​ស្ត្រី​ជាង ២​សែន​នាក់ (២១៩០៥២​នាក់) និង​កុមារ​ជាង ១​សែន​នាក់​ផង​ដែរ (១៣១២៧០​នាក់)។

ទោះជា​ជម្លោះ​បាន​ឈាន​ចូល​ដល់​អាទិត្យ​ទី​ពីរ​ក៏ដោយ សារព័ត៌មាន​បរទេស​ជាច្រើន​ផ្សាយ​សម្ដី​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន លោក អនុធីន ឆានវីរៈគុល ថា ភាគី​កងទ័ព​ខ្មែរ​ត្រូវ​បញ្ឈប់​ការ​បាញ់​ប្រហារ​ជា​មុន ទើប​យោធា​ថៃ ឈប់​វាយប្រហារ​លើ​ទឹកដី​ប្រទេស​កម្ពុជា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស