ក្រសួងការពារជាតិប្រទេសកម្ពុជា អះអាងថា នៅថ្ងៃសុក្រនេះ យោធាថៃ បានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤០គ្រាប់ និងផ្លោងគ្រាប់កាំភ្លើងធំជាង ២០០គ្រាប់ (២៥០គ្រាប់) ផងដែរ ចូលភូមិជោគជ័យ ខណៈជាង ១០០គ្រាប់ទៀត (១១០គ្រាប់) ត្រូវថៃ បាញ់ផ្លោងចូលភូមិព្រៃចាន់។
អ្នកនាំពាក្យកងទ័ពអាកាសថៃ ឧត្ដមសេនីយ៍ ចក្រិត ធម្មាវិច័យ (Jackrit Thammavichai) បញ្ជាក់ប្រាប់អ្នកកាសែតថា នៅថ្ងៃសុក្រ ទី២៦ ខែធ្នូ នេះ ថាប្រតិបត្តិការចម្រុះកងទ័ពជើងគោក ជើងអាកាស បានសម្រេចផលដោយកាន់កាប់ភូមិបានណងចាន់ ក្នុងខេត្តស្រះកែវ ទាំងស្រុង ចម្ងាយ ២៥គីឡូម៉ែត្រពីប៉ោយប៉ែត។
អ្នកនាំពាក្យទ័ពអាកាសដដែល ថ្លែងថា ប្រតិបត្តិការសឹកសំដៅកម្ទេចឃ្លាំងស្តុកអាវុធ គឺដើម្បីការពារដែនអធិបតេយ្យ ឯករាជភាព ប្រយោជន៍ជាតិ និងប្រជារាស្ត្រថៃ។ ចំណែកឯនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន លោក អនុធីន ឆានវីរៈគុល ថ្លែងនៅថ្ងៃដដែលថា លោកសង្ឃឹមថាហត្ថលេខាចុះរួមគ្នានៅក្រុងកូឡាឡាំពួរ លើកនេះ ជាហត្ថលេខាចុងក្រោយបង្អស់រវាងប្រទេសថៃ និងប្រទេសកម្ពុជា ហើយថាថៃ នឹងមិនដកកងទ័ពចេញពីព្រំប្រទល់ដែនឡើយ បើភាគីកម្ពុជា មិនត្រង់។
ដំណាលពេលគ្នានេះ ក្រោយពីកាសែតអាមេរិកាំង The New York Times បានរាយការណ៍អំពីអាវុធចិនទំនើបទាហានយោធភូមិភាគទី២ ថៃ រឹបអូសបាននៅសមរភូមិ យោធាថៃ បានបញ្ជូននាយសេនាធិការកងទ័ពជើងគោក ឧត្ដមសេនីយ៍ ឆាយាព្រឹក្ស ដួងប្រាផាត ទៅជួបមេទ័ពចិន ដើម្បីសាកសួរអំពីអាវុធថ្មីចែសនៅក្នុងកណ្ដាប់ដៃយោធាថៃ ទាំងនោះ។
យ៉ាងណាមិញ ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ធ្នូ នេះថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៦:០៨នាទីដល់ម៉ោង ៧:១៥នាទី យន្តហោះចម្បាំងថៃ F-16 ទម្លាក់គ្រាប់បែកចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្តែចាប់ពីម៉ោង ៧ និង ០០នាទីព្រឹក ដល់ម៉ោង ១៤ និង ៣០នាទីរសៀល យោធាថៃ ក៏បានបាញ់កាំភ្លើងធំផ្លោងប្រមាណ ២៥០គ្រាប់ ចូលភូមិសាស្ត្រភូមិជោគជ័យ និងប្រមាណ ១១០គ្រាប់ផ្សេងទៀតចូលភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ផងដែរ។
ដោយឡែកភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ក៏ត្រូវទាហានថៃ ប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកប្រមាណជា ១០គ្រាប់ដែរ នៅវេលាម៉ោង ១ថ្ងៃត្រង់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ។
ប្រភពដដែល អះអាងថា គិតចាប់ពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ រហូតដល់ម៉ោង ២ និង ០០នាទីរសៀល ទាហានថៃ បានវាយប្រហារលើទឹកដីកម្ពុជា ជាង ២០លើក ដោយប្រើយន្តហោះចម្បាំង F-16 ដ្រូនទម្លាក់គ្រាប់បែក ដ្រូនស៊ើបការណ៍ កាំភ្លើងធំប្រភេទ ១៥៥មិល្លីម៉ែត្រ ផ្សែងពុល រថក្រោះ និងទាហានថ្មើរជើងរុលចូលទឹកដីខ្មែរ។
សេចក្តីរាយការណ៍ពីខាងប្រទេសថៃឡង់ដ៍ ឲ្យដឹងថា កងទ័ពជើងគោកខ្មែរបានបាញ់គ្រាប់ BM-21 Grad កាលពីព្រឹកព្រលឹមថ្ងៃពុធ ទី២៤ ខែធ្នូ ទៅលើស្រុកកន្ថារ៉ាឡាក់ ខេត្តស៊ីសាកេត ចំនួន ១៣៤គ្រាប់ ស្រុកណាំយឺន ខេត្តឧប៊ុន ១គ្រាប់ ស្រុកបានក្រួត ខេត្តបុរីរម្យ ២៧គ្រាប់ ស្រុកកាប់ជើង ខេត្តសុរិន្ទ ៣១គ្រាប់ និងស្រុកដងរែក ខេត្តសុរិន្ទ ៥០២គ្រាប់ បណ្តាលឲ្យខូចខាតអគារ ៨១ខ្នង ជាសាលារៀន វត្ត និងមន្ទីរពេទ្យ។
ក្រសួងមហាផ្ទៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ធ្នូ នេះថា ស្ត្រីខ្មែរម្នាក់ដែលជាកសិកររស់នៅភូមិគោកត្រាច ឃុំរើល ស្រុកពួក ខេត្តសៀមរាប ស្លាប់ភ្លាមៗក្រោយលោតចុះពីលើគោយន្តដែលកំពុងធ្វើដំណើរ ព្រោះតែការភិតភ័យនឹងសំឡេងគ្រាប់ផ្ទុះដែលត្រូវបានទម្លាក់ពីយន្តហោះ F-16 ពីភាគីថៃ នៅថ្ងៃសុក្រនេះ។
កាសែតថៃ ខៅស៊ុត រាយការណ៍នៅថ្ងៃទី២៦ ធ្នូ បញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ បទឈប់បាញ់កម្ពុជា-ថៃ ត្រូវរំពឹងថានឹងកើតមាននៅថ្ងៃទី២៧ ខែធ្នូ ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ប៉ុន្តែស្ថានភាពត្រូវតាមដានរយៈពេល ៧២ម៉ោង។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ធ្នូ ថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលធ្វើឡើងនៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងច្រកផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។
ប្រភពដដែល អះអាងថា នៅថ្ងៃទីបីនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញផងដែរ។
អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះ ធ្វើឡើងដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នាពេលដ៏ខ្លីខាងមុខនេះ។
ចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ មានរយៈពេល ២០ថ្ងៃហើយដែលសង្គ្រាមកម្ពុជា-ថៃ បានផ្ទុះឡើងជាលើកទី២ នេះ ប៉ុន្តែដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមនេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ទោះមានការអំពាវនាវពីសហគមន៍អន្តរជាតិឱ្យភាគីទាំងពីរវិលទៅរកបទឈប់បាញ់ជាបន្តបន្ទាប់ក៏ដោយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

