ទីបំផុត វីរកងទ័ពកម្ពុជា ទាំង ១៨នាក់ដែលយោធាថៃ ប្រើល្បិចចាប់ខ្លួន និងឃុំគ្រងដោយខុសច្បាប់នៅប្រទេសថៃ អស់រយៈពេល ១៥៥ថ្ងៃ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពនៅព្រឹកថ្ងៃពុធនេះ។
ក្រសួងការពារជាតិកម្ពុជា ចេញសេចក្ដីប្រកាសនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឱ្យដឹងថា យោធាកម្ពុជា ទាំង ១៨នាក់ដែលស្ថិតនៅក្រោមការឃុំគ្រងដោយភាគីថៃ អស់រយៈពេល ១៥៥ថ្ងៃ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញតាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន នៅវេលាម៉ោង ១០ព្រឹកថ្ងៃពុធនេះដោយសុវត្ថិភាព។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា ការដោះលែងយោធិនកម្ពុជា ចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជា និងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ (GBC) បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយមាន ១៦ចំណុច ដោយប្រកាសឱ្យមានបទឈប់បាញ់គ្នាក្នុងរយៈពេល ៧២ម៉ោង គិតចាប់ពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ដល់វេលាម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ហើយប្រសិនបើការអនុវត្តបទឈប់បាញ់នេះមានប្រសិទ្ធភាពក្នុងរយៈពេល ៧២ម៉ោងនេះ ទាហានកម្ពុជា ទាំង ១៨នាក់ ក៏នឹងត្រូវបានដោះលែងឱ្យទៅប្រទេសកម្ពុជា វិញ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ។
ទោះជាយ៉ាងណា មុនកិច្ចចរចាឱ្យមានបទឈប់បាញ់គ្នាចូលធរមានបញ្ញត្តិ យន្តហោះចម្បាំងថៃ F-16 ទម្លាក់គ្រាប់បែកលើអគារកាស៊ីណូតាមព្រំដែន ដែលគេចោទថាជាកន្លែងប្រើជាបញ្ជាការដ្ឋានបង្ហោះដ្រូន និងស្តុកអាវុធ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ក្នុងចំណុចទី១១ នៃសេចក្ដីប្រកាសរួមនេះ បានកំណត់អំពីការដោះលែងយោធិនកម្ពុជាទាំង ១៨រូប បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ប្រភពដដែលលើកឡើងថា ការដោះលែងយោធិនកម្ពុជាទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី។
អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ក៏បានចូលរួមសង្កេតការណ៍ដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់កម្ពុជាដែរ។
គួរបញ្ជាក់ថា កងទ័ពថៃ បានប្រើល្បិចលួចចាប់កងទ័ពកម្ពុជា ប្រមាណ ២០រូបនៅវេលាម៉ោង ៧ និង ៥០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា រយៈពេលប្រមាណជាង ៧ម៉ោងតែប៉ុណ្ណោះក្រោយពីបទឈប់បាញ់ចូលជាធរមាននៅម៉ោង ០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចាប់តាំងពីចាប់ខ្លួនយកទៅ ភាគីថៃ បានបញ្ជូនយោធិនកម្ពុជា មកតែ ២រូបតែប៉ុណ្ណោះ ដែលការបញ្ជូនមកវិញនោះ គឺក្នុងសភាពម្នាក់រងរបួសរាងកាយធ្ងន់ធ្ងរមិនអាចដើរថ្មើរជើងបាន ចំណែកម្នាក់ទៀតអាចដើរថ្មើរជើងបាន ប៉ុន្តែរងរបួសផ្នែកស្មារតី៕
© 2025 – 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

