ក្រសួងការបរទេសបីប្រទេស គឺកម្ពុជា ចិន និងថៃឡង់ដ៍ អះអាងដោយប្ដេជ្ញាថាដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ជុំវិញសង្គ្រាមកម្ពុជា-ថៃ ដែលបានកើតឡើងនៅពេលនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគី កម្ពុជា ចិន និងថៃ កាលពីថ្ងៃទី២៩ ធ្នូ ជុំវិញស្ថានភាពជម្លោះកម្ពុជា-ថៃ នៅថ្ងៃទី៣០ ធ្នូ នេះថា ប្រទេសចិន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគី កម្ពុជា និងថៃ ដើម្បីកាត់បន្ថយកម្ដៅជម្លោះព្រំដែននៃប្រទេសទាំងពីរ និងនាំស្ថានការណ៍ទៅរកសន្តិភាព។
ប្រភពដដែលអះអាងថា កិច្ចប្រជុំនេះបានសង្កត់ធ្ងន់ទៅលើការធានាឱ្យបាននូវបទឈប់បាញ់ ដោយអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ខណៈភាគីចិន ក៏បានប្រកាសគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា និងថៃ ដែលប្ដេជ្ញាចិត្តធានានូវបទឈប់បាញ់ឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ភាគីទាំងបីគាំទ្រដល់ការងាររបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែន ស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅ ដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិន បានចេញមុខសម្របសម្រួលជុំវិញសង្គ្រាមកម្ពុជា-ថៃ កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅនេះ។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល កាលពីថ្ងៃទី២៩ ធ្នូ ថា កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសថៃ និងរដ្ឋមន្ត្រីការបរទេសចិន ស្ដីពីជម្លោះព្រំដែនថៃ-កម្ពុជា មានដំណើរការល្អ ដោយពិភាក្សាអំពីជម្រើសនានានៃវិធានការបទឈប់បាញ់ ដែលបានចាប់ផ្តើមកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ កន្លងទៅនេះ។
នៅថ្ងៃទី៣០ ខែធ្នូ នេះ គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលលោក អនុធីន ឆានវីរៈគុល ប្រចាំការបណ្ដោះអាសន្ន បានអនុម័តថវិកា ១៦០លានដុល្លារ ឬ ៥ពាន់លានបាតសម្រាប់យោធាធ្វើប្រតិបត្តិការការពារអធិបតេយ្យ និងសន្តិសុខជាតិថៃ។
អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី សិរីពង្ស អង្គសាគុណគៀត (Siripong Angkasakulkiat) បញ្ជាក់ប្រាប់កាសែតថា គណៈរដ្ឋមន្ត្រីបានបន្ថែមថវិកាជាង ៦លានដុល្លារទៀត ដើម្បីឲ្យកងទ័ពជើងគោកទិញអាវុធទំនើបបន្ថែមក្នុងគោលដៅការពារទឹកដី។
ប្រភពដដែល បញ្ជាក់ថា យោធាថៃ កំពុងតាមដានស្ថានការណ៍តាមបណ្ដោយព្រំដែនជាមួយកម្ពុជា យ៉ាងហ្មត់ចត់ ហើយរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់នេះ គឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់បញ្ជាក់ពីភាពស្មោះត្រង់របស់កម្ពុជា ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ នេះ។
ប្រភពដដែលអះអាងថា ក្រោយមានបទឈប់កាលពីថ្ងៃទី២៧ រហូតដល់ល្ងាចថ្ងៃទី២៩ ធ្នូ នេះ មិនមានការស្លាប់ និងការបំផ្លិចបំផ្លាញថ្មីទេ ខណៈជនភៀសសឹកជាង ៦សែននាក់ (៦១១៨៨៩នាក់) បានវិលត្រឡប់ទៅលំនៅឋានវិញជាង ១ម៉ឺននាក់ហើយ (១៤៩៦៣នាក់)។
ក្រសួងមហាផ្ទៃកម្ពុជា បញ្ជាក់ថា ពេលនេះ រាជរដ្ឋាភិបាលកំពុងបន្តយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយកិច្ចការអាទិភាពដើម្បីធានាការវិលត្រឡប់មករកប្រក្រតីភាពនៃសេវាសាធារណៈឡើងវិញឱ្យបានឆាប់ ជាពិសេសខេត្តជាប់ព្រំដែនដែលកំពុងបិទផ្អាករយៈពេលកន្លងមក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

