33.8 C
Phnom Penh

ចិន ប្រឆាំង​នឹង​អាមេរិក​លក់​អាវុធ​ឱ្យ​កោះ​តៃវ៉ាន់ ដោយ​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ក្បែរ​កោះ​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ព​រំដោះ​ចិន បាន​បន្ត​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​ក្នុង​ថ្ងៃទី​ពីរ​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ក្នុង​គោលដៅ​ហាត់សម​ពី​របៀប​បិទ​ខ្ទប់​កំពង់ផែ​សំខាន់ៗ​ជុំវិញ​កោះ​តៃវ៉ាន់ ហើយ​បើ​កោះ​តៃវ៉ាន់​ប៉ះទង្គិច​ជាយថាហេតុ វា​នឹង​បង្ក​ឱ្យ​ចិន បើក​ការ​វាយប្រហារ​ភ្លាម​ចាប់​យក​ដែន​កោះ​ដ៏​ធំ​បំផុត​នៅ​អាស៊ី​ខាងកើត​នេះ។

រដ្ឋាភិបាល​កោះ​តៃវ៉ាន់ បាន​ហៅ​ប្រទេស​ចិន ថា​កំពុង​បំផ្លាញ​សន្តិភាព​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP។

សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មាន​ទាំង​នាវាចម្បាំង យន្តហោះ​ចម្បាំង និង​បាញ់​គ្រាប់​មីស៊ីល និង​កាំភ្លើងធំ​មាន​រយៈពេល ២​ថ្ងៃ ដែល​តាម​គម្រោង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ធ្នូ។ សមយុទ្ធ​នេះ មាន​ឈ្មោះ​ថា បេសកកម្ម​ដើម្បី​យុត្តិធម៌ ២០២៥។

អាជ្ញាធរ​តៃវ៉ាន់ ថ្កោលទោស​ដោយ​ចាត់ទុក​ថា​ជា​ការ​សម្លុត​គំរាម​ដោយ​កម្លាំង​យោធា​យ៉ាង​ខ្លាំង​ពី​សំណាក់​ទីក្រុង​ប៉េកាំង ទៅ​លើ​ប្រជាពលរដ្ឋ​តៃវ៉ាន់។

យ៉ាងណា ចិន​នៅតែ​អះអាង​ថា​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន និង​បាន​ព្រមាន​ជារឿយៗ​ថា​នឹង​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​បង្រួបបង្រួម​ជាតិ​នៅ​ក្នុង​ករណី​ចាំបាច់។ ប៉ុន្តែ​សមយុទ្ធ​យោធា​ចិន ដ៏​ធំ​បំផុត​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋការ​លោក ដូណាល់ ត្រាំ បាន​អនុម័ត​ការ​លក់​អាវុធ​ដ៏​ធំ​ថែមទៀត​មាន​តម្លៃ​ដល់​ទៅ​ជាង ១១​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​តៃវ៉ាន់ និង​ចំ​ពេល​ចិន កំពុង​មាន​ភាព​តានតឹង​ជាមួយ​ជប៉ុន បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ជប៉ុន អ្នកស្រី Sanae Takaichi បាន​និយាយ​ថា ជប៉ុន​អាច​នឹង​ធ្វើ​អន្តរាគមន៍​យោធា ប្រសិនបើ​ចិន បើក​ការ​វាយប្រហារ​លើ​តៃវ៉ាន់។

អាវុធ​យុទ្ធភណ្ឌ​អាមេរិកាំង​ចម្រុះ​ធុន​លក់​ឲ្យ​កោះ​តៃវ៉ាន់ ប្រកាស​កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ នេះ មាន​យន្តហោះ F-16 រ៉ុក្កែត​គ្រប់​ធុន កាំជ្រួច​ការពារ​ដែនអាកាស មីស៊ីល​ដី​អាកាស កាំភ្លើងធំ​សណ្ដោង ឬ​ផ្ទុក​លើ​រថយន្ត​គ្រប់​ធុន ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ជាដើម។ ដើម្បី​ការពារ​សម្ពន្ធមិត្ត​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​អាស៊ី​ខាងកើត តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន ក្រុង​វ៉ាស៊ីនតុន បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​យ៉ាងតិច ៥​គ្រឿង ដាក់​ពង្រាយ​ប្រចាំការ​ឃ្លាំមើល​សកម្មភាព​កងទ័ព​រំដោះ​ចិន។

ក្រុង​ប៉េកាំង បាន​ព្រមាន​ថា កម្លាំង​ខាងក្រៅ​ដែល​កំពុង​បំពាក់​អាវុធ​ឱ្យ​តៃវ៉ាន់ ជា​ការ​ជំរុញ​ឱ្យ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ធ្លាក់​ចូល​ក្នុង​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់​ដែល​ខិត​ជិត​ទៅ​រក​សង្គ្រាម។

កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Lin Jian បាន​និយាយ​ថា ការ​ប៉ុនប៉ង​ណា​មួយ​ដើម្បី​បញ្ឈប់​ចិន ពី​ការ​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់ នឹង​ជួប​រឿង​បរាជ័យ​យ៉ាង​អាម៉ាស់។

សមយុទ្ធ​នេះ​មាន​ការ​ចូលរួម​ពី​កងទ័ព​ជើងគោក ជើងទឹក ជើង​អាកាស និង​កងកម្លាំង​រ៉ុក្កែត​របស់​ចិន ដោយ​ផ្ដោត​ជា​សំខាន់​លើ​ការ​ល្បាត​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ទាំង​ផ្លូវ​សមុទ្រ និង​អាកាស ក៏ដូចជា​ហាត់​សម​លើ​ការ​បិទ​ខ្ទប់​កំពង់ផែ​សំខាន់ៗ​របស់​តៃវ៉ាន់ ដែល​ជា​ការ​បញ្ជូន​សារ​ដ៏​ខ្លាំង​មួយ​ប្រឆាំង​ដែន​កោះ​តៃវ៉ាន់ ចង់​ប្រកាស​ឯករាជ្យ។

យ៉ាងណា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មិន​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ចិន ទោះជា​បាញ់​គ្រាប់​ពិត​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ក៏ដោយ ក៏​ទីក្រុង​វ៉ាស៊ីនតុន គិត​ថា​លទ្ធភាព​ដែល​ថា​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង អាច​នឹង​បញ្ជា​ឱ្យ​បើក​ការ​វាយប្រហារ​លើ​តៃវ៉ាន់ នឹង​មិនមែន​ពេលនេះ​ទេ។

លោក ដូណាល់ ត្រាំ ធ្វើការ​កត់សម្គាល់​បែប​នេះ​នៅ​ពេល​លោក​ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​សាកសួរ​អំពី​សមយុទ្ធ​យោធា​របស់​ចិន ជុំវិញ​កោះ​តៃវ៉ាន់ ដែល​បាន​ឈាន​ចូល​ថ្ងៃទី​២ នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ត្រាំ បាន​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា គ្មាន​អ្វី​ធ្វើ​ឱ្យ​លោក​ព្រួយបារម្ភ​ឡើយ។ លោក​ចំអក​ថា ចិន​ធ្វើ​សមយុទ្ធ​ជើងទឹក​អស់​ជាង ២០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។

តែ​ចំពោះ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោក Lai Ching-te បាន​ប្ដេជ្ញា​ថា តៃវ៉ាន់​នឹង​មិន​បង្កើន​ជម្លោះ ឬ​បង្ក​វិវាទ​អ្វី​ឡើយ។ ការិយាល័យ​របស់​លោក Lai Ching-te បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​សមយុទ្ធ​យោធា​ចិន​ដីគោក។ លោក​ចោទ​ថា​ជា​សកម្មភាព​សម្លុត​គំរាម​ដែនដី​អធិបតេយ្យ​មួយ។

ចិន​ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ផ្នែក​មិន​អាច​កាត់ផ្ដាច់​បាន​ដាច់ខាត​ពី​ដែន​អធិបតេយ្យ​របស់​ទីក្រុង​ប៉េកាំង។

សមយុទ្ធ​របស់​កងទ័ព​ចិន នេះ បាន​បង្ក​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ចរាចរណ៍​ផ្លូវអាកាស។ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​តៃវ៉ាន់ បាន​ឲ្យ​ដឹង​ថា ភាគី​ចិន បាន​កំណត់​ដែនអាកាស​ប្រឈម​គ្រោះថ្នាក់​បណ្ដោះអាសន្ន​ដើម្បី​ហាមឃាត់​មិន​ឲ្យ​មាន​យន្តហោះ​ឆ្លងកាត់។ ជា​ផលវិបាក កាលពី​ថ្ងៃ​ចន្ទ ទី​២៩ ធ្នូ មាន​អ្នក​ដំណើរ​ចំនួន​ជាង ១០​ម៉ឺន​នាក់​រង​ផល​ប៉ះពាល់ ព្រោះ​ជើងយន្តហោះ​ប្រមាណ ៨៥៧​ជើង ត្រូវ​ប្តូរ​ផ្លូវ ឬ​ត្រូវ​លុបចោល​ការ​ហោះហើរ។

អាជ្ញាធរ​តៃវ៉ាន់ បញ្ជាក់​ថា ថ្ងៃទី​មួយ​នៃ​ការ​ធ្វើ​សមយុទ្ធ​របស់​កងទ័ព​ចិន មាន​យន្តហោះ​ចម្បាំង​ចិន ៨៩​គ្រឿង និង​នាវាចម្បាំង​ចិន ២៨​គ្រឿង បាន​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់ និង​ជា​រូបភាព​ឡោមព័ទ្ធ​តៃវ៉ាន់។

តាម​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ចិន​បាន​ប្រើ​យន្តហោះ​ចម្បាំង និង​នាវាចម្បាំង​ក្នុង​ចំនួន​ច្រើន​បំផុត។ អាជ្ញាធរ​តៃវ៉ាន់ ចាត់ទុក​ការ​ប្រើ​កម្លាំង​ទ័ព​ឡោមព័ទ្ធ​តៃវ៉ាន់ គឺជា​ការ​គំរាម​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សន្តិសុខ​តៃវ៉ាន់ និង​សន្តិសុខ​តំបន់​ទាំងមូល។

យ៉ាងណា លោក លីន ជាន អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ប្រកាស​ថា រាល់​សកម្មភាព​ណា​មួយ​ដែល​មាន​ចេតនា​រារាំង​ដល់​ការ​បង្រួបបង្រួម​ជាតិ​ចិន អាច​នឹង​ត្រូវ​កម្ទេច ទោះជា​កម្លាំង​ពី​ខាងក្រៅ​ក៏ដោយ។

សូម​បញ្ជាក់​ថា តៃវ៉ាន់ និង​ចិន ជា​បងប្អូន​តែ​មួយ តែ​ដែនដី​ពីរ​នេះ​បែកបាក់​គ្នា​នៅ​ឆ្នាំ​១៩៤៩ ក្រោយពី​កងទ័ព​បដិវត្តន៍​ចិន បង្ក​សង្គ្រាម​វាយ​ផ្ដួល​រំលំ​របប​សាធារណរដ្ឋ​ចិន ដែល​សព្វថ្ងៃ​ស្ថិត​នៅ​លើ​កោះ​តៃវ៉ាន់។

រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​បាន​ដណ្ដើម​យក​អាសនៈ​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិនតៃវ៉ាន់ នៅ​ឆ្នាំ​១៩៧១ តាមរយៈ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លេខ​២៧៥៨ ដោយ​ទទួលស្គាល់​រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​ចិន សព្វថ្ងៃ ជា​រដ្ឋ​អធិបតេយ្យ​នៅ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ។

ទោះជា​យ៉ាងណាក្ដី ការ​គំរាមកំហែង​របស់​ចិន ចង់​លើក​ទ័ព​វាយ​យក​កោះ​តៃវ៉ាន់ មាន​ច្រើន​សិប​ដង​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៧១ មក៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស