រាជរដ្ឋាភិបាលកម្ពុជា បដិសេធចំពោះការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងពីរភាគី ព្រោះកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា អះអាងក្នុងពេលធ្វើបច្ចុប្បន្នភាពពីស្ថានការណ៍វិវត្ដព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះថា អ្វីដែលពលរដ្ឋខ្មែរបានឃើញនៅកន្លែងមួយចំនួនតាមបណ្តោយព្រំដែន មិនមែនជាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរទេ ដូច្នេះការកំណត់ព្រំដែនកម្ពុជា-ថៃ ត្រូវរង់ចាំក្រុមការងារជំនាញប្រទេសទាំងពីរចុះវាស់វែងជាមុនសិន នោះទើបចាត់ទុកជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិពិតប្រាកដ។
លោក ប៉ែន បូណា អះអាងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ជាដើម។
ជាងនេះទៀត លោកថា កម្ពុជាក៏បានប្ដេជ្ញាគោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកផងដែរ។
ប្រធានអង្គភាពអ្នកនាំពាក្យរូបនេះ ព្រមានថា សកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដែលមានស្រាប់កន្លងមក គឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់យ៉ាងពិតប្រាកដ។
លោក ប៉ែន បូណា គូសបញ្ជាក់ថា ខ្លឹមសារក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ បានចែងថា ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយឃ្លីបវីដេអូលើបណ្ដាញទំនាក់ទំនងសង្គមព្រោងព្រាតពីសកម្មភាពយោធាថៃ ដែលបានប្រើលួសបន្លា និងទូកុងតឺន័រដាក់ពង្រាយចូលក្នុងទឹកដីកម្ពុជា នាពេលនេះ។
កាសែតថៃ ខៅស៊ុត បានរាយការណ៍កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ថា កងកម្លាំង Bhurapha ថៃ បានប្រើគ្រឿងចក្រវាយកម្ទេចផ្ទះពលរដ្ឋខ្មែរជាច្រើន បន្ទាប់ពីយោធាថៃ បានវាយលុកភូមិណងចាន់ (Nong Chan) ដោយជោគជ័យកាលពីថ្ងៃទី៣០ ខែធ្នូ។
ប្រភពដដែលបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធថៃ បានចាត់ទុកប្រតិបត្តិការនេះថាជាអំណោយឆ្នាំថ្មីដល់ប្រជាជនថៃ ពិសេសអ្នកស្រុកណងចាន់ ដែលរង់ចាំការទាមទារយកមកវិញដោយស្របច្បាប់ និងប្រើប្រាស់ដីធ្លីរបស់ពួកគេ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វីដេអូឃ្លីបសកម្មភាពកងទ័ពថៃ ដែលបានរាយលួសបន្លា និងដាក់ពង្រាយទូកុងតឺន័រចូលក្នុងទឹកដីខ្មែរជាច្រើន ត្រូវបានចែកចាយលើបណ្ដាញទំនាក់ទំនងសង្គម ខណៈសកម្មភាពទាំងនេះត្រូវបានធ្វើឡើងក្រោយពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ធ្នូ កន្លងទៅ។
តាមរយៈវីដេអូឃ្លីបទាំងនោះ បង្ហាញថា កងទ័ពថៃ បានរាយលួសបន្លា និងដាក់ពង្រាយទូកុងតឺន័រចូលជ្រៅក្នុងទឹកដីកម្ពុជា ដូចជានៅភូមិព្រៃចាន់ ភូមិជោគជ័យ និងច្រកបឹងត្រកួន ជាដើម ដែលទំនងជាមានបំណងដាក់ជាសញ្ញាសម្គាល់ព្រំដែនថ្មីជាមួយប្រទេសកម្ពុជា។
ចំណែកព្រះសង្ឃដែលគង់នៅវត្តជោគជ័យ ក្នុងភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានសង្ឃដីកាក្នុងវីដេអូឃ្លីបដែលត្រូវបានចែកចាយកាលពីពេលថ្មីៗនេះថា វត្តរបស់ព្រះអង្គក៏ត្រូវទាហានថៃ រាយលួសបន្លា និងដាក់ពង្រាយទូកុងតឺន័រព័ទ្ធយកដែរ។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ យោធាថៃ ប្រាប់កាសែតក្នុងប្រជុំរួមមួយថា សកម្មភាពយោធាថៃ ទាំងឡាយ មិនមែនទន្ទ្រានយកដីខ្មែរទេ គឺធ្វើឡើងតែក្នុងទឹកដីថៃ ប៉ុណ្ណោះ ក្នុងគោលបំណងបី៖
- ការពារសុវត្ថិភាពពលរដ្ឋថៃ នៅទីនោះ
- ការពារមិនឲ្យមានការបំពានអធិបតេយ្យជាតិ និងបូរណភាពដែនដី
- ហើយនិងគ្រប់គ្រងស្ថានការណ៍ បន្ថយភាពតានតឹងមិនឲ្យវិវាទរីករាលដាលធំឡើងៗ។
ជុំវិញបញ្ហានេះ អ្នកច្បាប់កម្ពុជា លោកមេធាវី សុក សំអឿន បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ មករា នេះថា រយៈពេលចុងក្រោយមុនឈប់បាញ់គ្នានេះ ពិភពលោកបានដឹងយ៉ាងច្បាស់ថា ថៃគឺជាអ្នកឈ្លានពានកម្ពុជា ដូច្នេះកម្ពុជាអាចប្រើយន្តការអង្គការសហប្រជាជាតិ ដើម្បីដាក់ពាក្យបណ្តឹងទាមទារសំណងពីការខូចខាតដោយសារសង្គ្រាមនេះពីភាគីថៃ។
លោក សុក សំអឿន បញ្ជាក់ថា អ្វីៗទាំងអស់ជុំវិញសង្គ្រាមកម្ពុជា-ថៃ នាពេលនេះ គឺស្ថិតនៅលើការសម្រេចចិត្តបែបនយោបាយរបស់អ្នកដឹកនាំ ព្រោះជម្លោះរវាងប្រទេស និងប្រទេស គឺផ្អែកទៅលើនយោបាយផងដែរ មិនមែនគិតពី «ខុស និងត្រូវ» តែមួយមុខនោះទេ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

