32.1 C
Phnom Penh

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត រំឭក​ទិវា​ដឹងគុណ​ថ្ងៃ ៧​មករា និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចងចាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ដោយ​ប្រើ​ឃ្លា​ទន្ទេញ​ចាំ​មាត់​ថា​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចងចាំ​នូវ​វីរភាព​យុទ្ធជន​ដែល​បាន​ពលី​ដើម្បី​រំដោះ​ប្រទេស​កម្ពុជា ពី​រណ្តៅ​មរណៈ​នៃ​របប​ដ៏​ខ្មៅ​ងងឹត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​នៃ​អតីតកាល។

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​អបអរ​សាទរ​ខួប ៤៧​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ ឬ​ទិវា​ដឹងគុណ ៧​មករា ជា​ថ្ងៃ​កំណើត​ទី​ពីរ​នៃ​ប្រជាជន​ខ្មែរ​គ្រប់​រូប ហើយ​ក៏​ជា​ថ្ងៃ​នៃ​ការ​ចងចាំ​នូវ​មហា​វីរភាព​ដឹងគុណ​ការ​តស៊ូ​នៃ​យុវជន​ជំនាន់​មុន ដែល​បាន​បន្សល់​ទុក​មរតក​នៃ​ជីវិត​ប្រជាជន​ខ្មែរ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។

ថ្ងៃ​៧​មករា សម្រាប់​ខ្មែរ​មួយ​ភាគ​ធំ ក៏​ជា​ថ្ងៃ​ទ័ព​បរទេស​យៀកណាម ចំនួន ២​សែន​នាក់ វាយ​លុកលុយ​ទន្ទ្រាន​ឈ្លានពាន ត្រួតត្រា​កាន់កាប់​ទឹកដី​ខ្មែរ​នា​ឆ្នាំ​១៩៧៩ ដែរ ដែល​ជា​ថ្ងៃ​ប្រទេស​ជាង ១០០ ថ្កោលទោស​រដ្ឋការ​កុម្មុយនីស្ត​ក្រុង​ហាណូយ នៅ​អង្គការ​សហប្រជាជាតិ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា សព្វថ្ងៃ​នេះ កម្ពុជា​ត្រូវ​បាន​បរទេស​ស្គាល់​មិន​ត្រឹមតែ​ជា​វាល​ពិឃាត​ដែល​បាន​កើតមាន​ក្នុង​របប​ខ្មៅ​ងងឹត​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ស្គាល់​កម្ពុជា ជា​រដ្ឋ​ដែល​ពោរពេញ​ដោយ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​ជា​ទី​មនោរម្យ​សម្រាប់​មនុស្ស​ផង​គ្នា​ថែមទៀត។

គួរ​បញ្ជាក់​ដែរ​ថា របប​ខ្មៅ​ងងឹត​នោះ បាន​រស់រាន​មាន​ជីវិត​រហូត​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ ដោយសារ​មាន​ការ​ជួយ​ជ្រោមជ្រែង បំប៉ន បីបាច់​រក្សា បង្ហាត់​ហ្វឹកហ្វឺន​ពី​ទ័ព​ព្រៃ​យៀកណាម​ខាងជើង-យៀកកុង ដែល​ឪពុក​របស់​លោក​បាន​ចូល​ដៃ​រួម​ចំណែក​តស៊ូ​ជាមួយ​នៅ​ក្នុង​ព្រៃ​ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​ខ្មែរ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចេញ​លិខិត​អបអរ​សាទរ​ខួប​ទី​៤៧ នៃ​ទិវា​ជ័យជម្នះ ៧​មករា ថា ការ​រំឭក​ទិវា​ជ័យជម្នះ ៧​មករា នេះ​គឺ​ដើម្បី​ឱ្យ​ចងចាំ​នូវ​ឧក្រិដ្ឋកម្ម​ដែល​របប ប៉ុល ពត បាន​ប្រព្រឹត្ត​លើ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ដ៏​ឃោរឃៅ​អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​កន្លង​ទៅ​នោះ។

លោក ហ៊ុន សែន លើកឡើង​ថា ក្រោយ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ប្រជាជន​កម្ពុជា​បាន​បាត់បង់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ទាំងស្រុង ដែល​បាន​រុញច្រាន​ជាតិ​ខ្មែរ​ទាំងមូល​ឱ្យ​ឈាន​ដល់​មាត់​រណ្តៅ​នៃ​ការ​រលាយ​សាបសូន្យ។

ប៉ុន្តែ​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​ធ្ងន់ធ្ងរ​នេះ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ដែល​បាន​ដឹកនាំ​ប្រជាជន​តស៊ូ​រំដោះ​ប្រទេស​ជាតិ​រហូត​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ កន្លង​ទៅ។

អ្នក​រស់នៅ​ដឹង​រឿងរ៉ាវ​ពិត នៅ​ទីកន្លែង​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ធ្លាប់​បញ្ជាក់​ប្រាប់​សារព័ត៌មាន​បរទេស​ថា ផែនការ​រំលំ​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ហើយ​ដាក់​ជំនួស​របប​អាយ៉ង​ចម្រុះ​អតីត​ខ្មែរ​យៀកមិញ និង​ខ្មែរក្រហម សីហនុ​និយម រៀបចំ​ឡើង​ដោយ​បក្ស​កុម្មុយនីស្ត​យៀកណាម ដែល​មាន​អ្នកដឹកនាំ​ផ្ទាល់​ឈ្មោះ ឡេ ឌឹកថ សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ស្រុក​ខ្មែរ លោក ហ៊ុន សែន បញ្ជាក់​ថា សាមគ្គី​រស់ សាមគ្គី​ឈ្នះ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវតែ​បន្ត​រួបរួម​សាមគ្គី​ជុំវិញ​រដ្ឋាភិបាល​ប្រកប​ដោយ​ជំនឿ​មុតមាំ ដើម្បី​ការពារ​ការ​រស់​ឡើងវិញ​របស់​ប្រជាជាតិ និង​កសាង​មាតុភូមិ​ឡើងវិញ​ពី​គំនរ​ផេះផង់ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​របប​ដ៏​ខ្មៅ​ងងឹត​នោះ។

ទោះជា​ដូច្នេះ​ក្តី លោក ហ៊ុន សែន នៃ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា និង​បក្ស​ប្រជាជន​កម្ពុជា ជិត​កន្លះ​សតវត្សរ៍​មក​នេះ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួបប្រទះ​សោកនាដកម្ម​បែប​ថ្មី គឺ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ រំលោភ​បំពាន​សិទ្ធិ​សេរីភាព​មនុស្ស ជាន់ឈ្លី​ច្បាប់​ទម្លាប់ សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ កាឡៃ​លក្ខណៈ​ដើម​ជា​ខ្មែរ​មាន​អក្សរសាស្ត្រ វប្បធម៌​ជាដើម ពុករលួយ​ជា​ប្រព័ន្ធ បង្ក​អយុត្តិធម៌​សង្គម បើក​ដៃ​ឲ្យ​ជន​ទុច្ចរិត​ប្លន់​ធនធាន​ធម្មជាតិ ធ្មេច​ភ្នែក​បិទ​ត្រចៀក​អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត រត់ពន្ធ​គ្រឿងញៀន រត់ពន្ធ​មនុស្ស និង​លាង​ប្រាក់​កខ្វក់។

ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ប្រទេស​ស្ថិត​ក្នុង​បញ្ជីខ្មៅ​នៃ​ប្រទេស​លោក​សេរី។

ទាក់ទង​នឹង​ថ្ងៃ ៧​មករា នេះ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​នៅ​ថ្ងៃទី​៧ មករា នេះ​ថា ព្រឹត្តិការណ៍​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មិនមែន​ជា​ព្រឹត្តិការណ៍​សង្គ្រោះ​ប្រជាជន​នៃ​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុត​ស្លាប់​ផុត​ពូជ​ពី​របប ប៉ុល ពត ទេ ប៉ុន្តែ​វា​គឺជា​ព្រឹត្តិការណ៍​ឈ្លានពាន​ទឹកដី​ខ្មែរ​ពី​សំណាក់​កងទ័ព​វៀតណាម តែប៉ុណ្ណោះ។

លោក​ថា តាម​ពិត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​វៀតណាម បង្កើត​ឡើង​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ គឺ​មាន​គោលបំណង​ផ្តួល​រំលំ​របប ប៉ុល ពត ដោយសារតែ​មេដឹកនាំ​ខ្មែរក្រហម​មិន​ឯកភាព​នឹង​វៀតណាម លុប​ខ្សែបន្ទាត់​ព្រីវីយេ​ដែល​ព័ទ្ធ​កោះត្រល់ ដើម្បី​ឱ្យ​វៀតណាម អាច​ឈ្លានពាន​យក​កោះ​នេះ​ទៅ​ថ្ងៃ​ក្រោយ​ដោយ​ស្រប​ច្បាប់​ប៉ុណ្ណោះ។

លោក សុខ សុគន្ធ អះអាង​ថា ដើម្បី​បន្លំ​ភ្នែក​អន្តរជាតិ​ក្នុង​ផែនការ​ឈ្លានពាន​កម្ពុជា អង្គការ​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ចាត់តាំង​ឱ្យ​លោក ឡេ ឌឹកថ (Le Duc Tho) ដឹកនាំ​រៀបចំ​រណសិរ្ស ២​ធ្នូ ឆ្នាំ​១៩៧៨ នេះ ដែល​លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ទីប្រឹក្សា​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នា​ពេល​នោះ។

បន្ថែម​ពី​នេះ អង្គការ​បក្ស​កុម្មុយនីស្ត​វៀតណាម ក៏បាន​ចាត់តាំង​ឱ្យ​ឧត្ដមសេនីយ៍ ឡេ ឌឹកអាញ់ (Le Duc Anh) ធ្វើ​ជា​មេបញ្ជាការ​នៃ​រណសិរ្ស​នេះ ខណៈ​លោក ឡេ ខាភៀវ (Le Kha Phieu) ក៏​ត្រូវ​បាន​ចាត់តាំង​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​លើ​កងទ័ព​ដឹកនាំ​ដោយ​លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន ក្រោយពី​រណសិរ្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ។

លោក​បន្ថែម​ថា ក្រោយ​រណសិរ្ស ២​ធ្នូ ឆ្នាំ​១៩៧៨ ត្រូវ​បាន​បង្កើត​ឡើង វៀតណាម​បាន​បញ្ជូន​កងទ័ព ១​សែន ៨​ម៉ឺន​នាក់​ឱ្យ​វាយ​ផ្តួល​រំលំ​របប ប៉ុល ពត ទើប​កងទ័ព​វៀតណាម ដែល​ជ្រក​ក្រោម​ផ្លាក​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២​ធ្នូ នេះ ប្រកាស​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នោះ​តែម្តង។

ក្នុង​សេចក្តី​ប្រកាស​ផ្លូវការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ នា​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ លោក ហ៊ុន សែន ដែល​ជា​អតីត​សេនាធិការ ជា​អតីត​អនុប្រធាន​កងវរសេនាធំ​តំបន់​២១ សម័យ​ខ្មែរក្រហម ប៉ុល ពត ត្រូវ​បាន​តែងតាំង​ជា​តំណាង​សមាគម​យុវជន​សង្គ្រោះ​ជាតិ និង​គ្រាន់តែ​ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ តែប៉ុណ្ណោះ។

តាម​ឯកសារ និង​សាក្សី លោក ហ៊ុន សែន ឡើង​កាន់​អំណាច​រហូត​ដល់​សព្វថ្ងៃ គឺ​បន្ទាប់ពី​ចាប់​លោក ប៉ែន សុវណ្ណ តាម​បញ្ជា​ជំនាញការ​យៀកណាម ដែល​មាន​សមមិត្ត ឡេ ឌឹកថ ជា​អ្នក​ដឹកនាំ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

យ៉ាងណាមិញ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា ជា​ការពិត គឺ​មាន​ពលរដ្ឋ​ខ្មែរ​បាន​រួច​ជីវិត​ចេញពី​អំពើ​ឈ្លានពាន​វៀតណាម មែន ប៉ុន្តែ​នោះ​មិនមែន​ជា​ឆន្ទៈ​របស់​វៀតណាម ទេ គឺ​គ្រាន់តែ​លទ្ធផល​ដែល​កើត​ចេញពី​អំពើ​ឈ្លានពាន​របស់​វៀតណាម ដែល​មាន​គោលដៅ​ផ្តួល​រំលំ​របប ប៉ុល ពត ក្នុង​បំណង​កាន់កាប់​ទឹកដី​កម្ពុជា ដែល​ក្រុង​ហាណូយ គិត​ថា​ជា​ឱកាស​ល្អ​មក​ដល់​តែប៉ុណ្ណោះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស