នាយទាហានមួយរូបដែលចាញ់បោកគម្រោងអភិវឌ្ឍន៍ដីឡូត៍ផ្លូវជាតិលេខ ៦A របស់ឧកញ៉ា ឡេង ណាវ៉ាត្រា អង្វរសុំឱ្យប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជួយធ្វើអន្តរាគមន៍រកដំណោះស្រាយឲ្យខ្លួន ក្រោយពីក្រុមហ៊ុនអចលនទ្រព្យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនប្រគល់ផ្ទះឱ្យខ្លួនអស់ជាច្រើនឆ្នាំ។
មន្ត្រីយោធាកម្ពុជាមួយរូបឈ្មោះ វ៉ិត គឹមសាន បានចេញវីដេអូឃ្លីបប្រវែងជិត ១នាទី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះ ទាំងស្រក់ទឹកភ្នែក អះអាងថា ក្រុមហ៊ុនអចលនទ្រព្យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្បត់កិច្ចសន្យាមិនប្រគល់ផ្ទះដែលខ្លួនបានទិញកាលពី ៤ឆ្នាំមុននោះ។
លោក វ៉ិត គឹមសាន បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៩ ខែមករា ដែលរូបលោកបានតវ៉ាដោយទល់មុខជាមួយនឹងម្ចាស់ក្រុមហ៊ុន រហូតដល់ថ្ងៃទី១៣ ខែមករា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនទាន់ផ្តល់ដំណោះស្រាយណាមួយឲ្យខ្លួននៅឡើយទេ។
ការស្នើសុំអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីនាយទាហានរូបនេះបានចូលរួមប្រជុំដោះស្រាយបញ្ហាខកខាន ផ្តល់ដីធ្លី និងផ្ទះដល់អតិថិជនជាមួយក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា កាលពីចុងសប្តាហ៍កន្លងទៅ។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ អតិថិជនរងគ្រោះបានចូលរួមប្រជុំរកដំណោះស្រាយ បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខកខានផ្តល់ផ្ទះ និងដីឡូត៍ទៅតាមកិច្ចសន្យាទិញ-លក់ ដែលភាគីទាំងសងខាងបានឯកភាពគ្នា។
នាយទាហានដែលជាអតិថិជនរងគ្រោះពីគម្រោងអចលនទ្រព្យផ្លូវជាតិលេខ ៦A របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ឈ្មោះ វ៉ិត គឹមសាន បានលើកឡើងក្នុងកិច្ចប្រជុំនេះថា ខ្លួនបានទិញផ្ទះពីគម្រោងនេះអស់រយៈពេលប្រមាណជា ៤ឆ្នាំហើយ ប៉ុន្តែមិនទាន់ទទួលបានផ្ទះនៅឡើយទេ ក្នុងពេលដែលខ្លួនបានបង់ប្រាក់គ្រប់លក្ខខណ្ឌទាំងអស់ទៅហើយនោះ។
ប្រភពដដែលអះអាងថា ក្នុងកិច្ចសន្យាទិញ-លក់បានកំណត់ថា គិតចាប់ពីថ្ងៃចុះកិច្ចសន្យាទិញ-លក់ ភាគីខាងក្រុមហ៊ុននឹងប្រគល់ផ្ទះឱ្យអតិថិជនក្នុងរយៈពេល ១៨ខែ ឬ ១ឆ្នាំ ៦ខែ ប៉ុន្តែក្រោយទិញរួចរហូតដល់ពេលនេះ គឺមានរយៈពេលប្រមាណជា ៤ឆ្នាំហើយ ក្រុមហ៊ុនមិនទាន់សាងសង់ផ្ទះនៅឡើយទេ។
នាយទាហានរូបនេះបញ្ជាក់ថា រាល់ពេលបើកប្រាក់បៀវត្សទាហានប្រចាំខែ គឺត្រូវបង់ប្រាក់ធានាដែលខ្លួនបានខ្ចីលុយយកទៅទិញផ្ទះនៅគម្រោងអចលនទ្រព្យផ្លូវជាតិលេខ ៦A របស់ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ខណៈដែលរូបគេសព្វថ្ងៃនេះ គឺរស់នៅក្នុងផ្ទះជួលដែលត្រូវបង់មួយខែ ៥០ដុល្លារថែមទៀត។
ក្នុងកិច្ចប្រជុំ លោក វ៉ិត គឹមសាន ត្រូវបានអនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំអង្គប្រជុំ គំរាមសម្លុតឱ្យឈប់និយាយបន្តទៀត នៅពេលនាយទាហានរូបនេះស្នើសុំនិយាយពីបញ្ហាដែលខ្លួនបានចាញ់បោកក្រុមហ៊ុនអចលនទ្រព្យឧកញ៉ា ឡេង ណាវ៉ាត្រា មិនទាន់បាន ៥នាទីតាមសំណូមពររបស់ខ្លួនផងនោះ។
ជុំវិញបញ្ហានេះ ក្នុងកំណត់ហេតុកិច្ចប្រជុំស្ដីពីការដោះស្រាយការខកខានប្រគល់ផ្ទះ និងដីឡូត៍នៅគម្រោងផ្លូវជាតិលេខ ៦A និងជ្រែ១០០ ក្នុងបុរី ឡេង ណាវ៉ាត្រា ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង និងភូមិជ្រែ១០០ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បញ្ជាក់ថា ក្រុមហ៊ុននឹងចូលទៅសាងសង់ផ្ទះជូនអតិថិជននៅខែមករា ឆ្នាំ២០២៦ នេះ។
ទោះជាមានការអះអាងដូច្នោះក៏ដោយ គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះ គេមិនទាន់ឃើញក្រុមហ៊ុនអចលនទ្រព្យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់ជាងចូលសាងសង់គម្រោងផ្ទះល្វែង និងចាក់បំពេញដីឡូត៍ទៅតាមការសន្យាដែលបានចែងក្នុងកំណត់ហេតុកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនៅឡើយទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវគេសង្ស័យថាជាឧកញ៉ាលក់ដីឡូត៍ ផ្ទះល្វែងឱ្យក្រុមគ្រួសារត្រកូលហ៊ុន ព្រោះថាសូម្បីតែមេគ្រួសារត្រកូលហ៊ុនដ៏មានអំណាចបំផុតនៅកម្ពុជា គឺលោក ហ៊ុន សែន ក៏ធ្លាប់ការពារឧកញ៉ារូបនេះដែរ ជុំវិញការរំលោភកិច្ចសន្យាមិនប្រគល់ដី និងផ្ទះជូនអតិថិជនដែលបានទិញដីឡូត៍ និងផ្ទះល្វែងពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា កន្លងមក។
ឧទាហរណ៍ជាក់ស្តែង មានដូចជា កាលពីអំឡុងឆ្នាំ២០២៤ លោក ហ៊ុន សែន ធ្លាប់បានអះអាងថា លោកក៏បានដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងការប្រគល់ផ្ទះដល់អតិថិជនដែរ ប៉ុន្តែដោយសារក្រុមហ៊ុននេះបានកប់ទុនលើដីច្រើនពេក។
លោកបន្តថា លោកដឹងអំពីការលក់ផ្ទះឱ្យអតិថិជនពីក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ខុសកិច្ចសន្យាពិតមែន ប៉ុន្តែឧកញ៉ា ឡេង ណាវ៉ាត្រា មិនទាន់ក្ស័យធននៅឡើយទេ។
គេសង្កេតឃើញមានរូបភាពផ្សាយក្នុងបណ្ដាញសង្គមពេលខ្លះ យុវឧកញ៉ា ឡេង ណាវ៉ាត្រា ក្រាបថ្វាយបង្គំដល់ជើងលោក ហ៊ុន សែន ដូចក្រាបថ្វាយបង្គំព្រះពុទ្ធបដិមា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

