អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ ព្រមានថា ឯកសារអន្តរជាតិដែលកត់ត្រារឿងរ៉ាវរបស់ទាហានថៃ បានសម្លាប់ជនភៀសខ្លួនខ្មែរនៅភ្នំខ្មោច ដែលកំពុងត្រូវបានចងក្រងជាសៀវភៅអំពីឧក្រិដ្ឋកម្មនេះ គឺជាភស្តុតាងយ៉ាងច្បាស់ ខណៈរឿងឧក្រិដ្ឋនេះទើបតែកន្លងផុត ៤៧ឆ្នាំ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ឥន សុផល សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៩ មករា នេះថា ជនភៀសខ្លួនខ្មែរដែលត្រូវបានទាហានថៃ ចាប់បង្ខំបញ្ជូនត្រឡប់មកប្រទេសកម្ពុជា វិញ ចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៧៩ គឺមានចំនួនចន្លោះពី ៤០០០០នាក់ទៅ ៥០០០០នាក់។
លោកថា មានពលរដ្ឋខ្មែរភៀសខ្លួនជាច្រើនព្យាយាមធ្វើដំណើរឆ្ពោះទៅមុខតាមទាហានថៃ បង្ខំ និងបានជាន់មីនស្លាប់ពាសពេញព្រៃ ហើយថែមទាំងត្រូវបានទាហានថៃ បាញ់សម្លាប់រាប់ពាន់នាក់ថែមទៀត បន្ទាប់ពីពួកគេព្យាយាមដើរត្រឡប់ក្រោយវិញ។
លោកថា ផ្អែកតាមលិខិតកាកបាទក្រហមអន្តរជាតិ (ICRC) ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៧៩ ផ្ញើទៅទីក្រុងហ្សឺណែវ ស្ដីពីទាហានថៃ បញ្ជូនជនភៀសខ្លួនខ្មែរដោយបង្ខំឱ្យដើរកាត់ចម្ការមីន និងត្រូវបានបាញ់សម្លាប់ គឺមានចំនួនជាង ៤ម៉ឺននាក់ (៤០០០០នាក់)។
ជាងនេះទៀត បើយោងតាមអ្នកកាសែតជនជាតិអង់គ្លេស លោក William Shawcross បានបញ្ជាក់ថា មានជនភៀសខ្លួនខ្មែរប្រហែលជា ៥ម៉ឺននាក់ (៥០០០០នាក់) ត្រូវបានចាប់បង្ខំបណ្ដេញឱ្យពួកគេចេញដោយភ្ជង់កាំភ្លើង និងបាញ់ទម្លាក់ពីលើច្រាំងថ្មចោត និងបង្ខំឱ្យដើរកាត់ចម្ការមីនត្រឡប់ទៅប្រទេសកម្ពុជា វិញ ដោយបង្អត់ទឹក និងអាហារយ៉ាងព្រៃផ្សៃ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយរូបនេះលើកឡើងថា សូម្បីឯកអគ្គរដ្ឋទូតអាម៉េរិក លោក Morton Abramowitz ក៏បានផ្សព្វផ្សាយលិខិតថា មានជនរងគ្រោះកំពុងជាប់នៅជើងភ្នំដែរ ដោយបញ្ជាក់ថា ជនភៀសខ្លួនដែលនៅរស់ពីការសម្លាប់របស់កងទ័ពថៃ ប្រហែលជា ១ពាន់នាក់ (១០០០នាក់) ប៉ុណ្ណោះ ក្នុងនោះមានអ្នកខ្លះធ្លាក់ខ្លួនឈឺធ្ងន់ ព្រោះតែគ្មានអាហារ និងទឹករយៈពេលជាច្រើនថ្ងៃ។
ចំណែកកំណត់ត្រារបស់សមាជិកអង្គការសហប្រជាជាតិដើម្បីសិទ្ធិមនុស្ស (UNHCR) អ្នកស្រី Yvette Pierpaoli ដែលធ្លាប់បានជួយសង្គ្រោះជនភៀសខ្លួនដោយផ្ទាល់ បញ្ជាក់ថា អ្នកដែលនៅរស់មានចំនួនត្រឹមតែជាង ៩០០នាក់ប៉ុណ្ណោះ (៩២២នាក់)។
រីឯកំណត់ត្រារបស់កងទ័ពវៀតណាម ដែលបានចូលទៅជួយសង្គ្រោះជនភៀសខ្លួនខ្មែរជាប់ក្នុងចម្ការមីននាពេលនោះ បានសរសេរថា ពួកគេបានជួយពលរដ្ឋខ្មែរភៀសសឹកទាំងនោះចេញពីចម្ការមីនប្រមាណជា ២០០០នាក់ទៅ ៣០០០នាក់។
បណ្ឌិត ឥន សុផល អះអាងថា ក្នុងសម័យនោះ ទាហានថៃ បានបញ្ជូនជនភៀសខ្លួនខ្មែរទៅសម្លាប់នៅតំបន់ភ្នំខ្មោច ជាច្រើនលើកច្រើនសាតាំងពីខែមេសា ឆ្នាំ១៩៧៩ មក ហើយបើសរុបជនភៀសខ្លួនខ្មែរដែលត្រូវបានទាហានថៃ បញ្ជូនទៅទីនោះ ស្លាប់ប្រមាណជាជិត ១០ម៉ឺននាក់ឯណោះ ខណៈជនភៀសខ្លួនដែលទាហានថៃ បញ្ជូនមកប្រទេសកម្ពុជា វិញ នៅរស់រានមានជីវិតយ៉ាងច្រើនត្រឹមតែជាង ៤០០០នាក់។
លោកគូសបញ្ជាក់ថា ទង្វើព្រៃផ្សៃរបស់ទាហានថៃ ដែលបានប្រព្រឹត្តលើជនភៀសខ្លួនខ្មែរបែបនេះ គឺដោយសារតែពួកគេសងសឹកគំនុំដែលប្រទេសថៃ ចាញ់ក្តីប្រាសាទព្រះវិហារជាមួយនឹងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៦២ កន្លងទៅ ព្រោះក្រោយពេលសម្លាប់ជនភៀសខ្លួនខ្មែរអស់ជាង ៥ម៉ឺននាក់នៅតំបន់នោះ ទាហានថៃ ធ្លាប់និយាយថា នេះគឺជាការសងគំនុំឈាមរបស់ជនជាតិថៃ ដែលឈឺចាប់រឿងប្រាសាទព្រះវិហារ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកាសែតថៃ បានច្រានចោលខ្សែភាពយន្តកម្ពុជា ដែលលាតត្រដាងពីប្រវត្តិជនភៀសខ្លួនត្រូវទាហានថៃ សម្លាប់នៅភ្នំខ្មោច កាលពីជាង ៤០ឆ្នាំមុននោះ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ កាសែតថៃ ខៅស៊ុត បានរាយការណ៍ថា ប្រទេសថៃ បានសម្ដែងការព្រួយបារម្ភអំពីការពណ៌នាអំពីប្រទេសថៃ នៅក្នុងខ្សែភាពយន្តកម្ពុជា ស្ដីពី ភ្នំខ្មោច ឬវាលពិឃាតទីពីរ។
ប្រភពដដែលអះអាងថា ខ្សែភាពយន្តនេះ គឺជាស្នាដៃច្នៃប្រឌិតដែលមិនគួរត្រូវបានប្រើដើម្បីបង្ខូចប្រវត្តិសាស្ត្រ ឬញុះញង់ឱ្យមានការស្អប់ខ្ពើមមកលើប្រទេសថៃ ឡើយ។
យ៉ាងណាក៏ដោយ កាសែតថៃ ដដែលនេះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ បានចុះផ្សាយពីប្រវត្តិជនភៀសខ្លួនខ្មែរអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលត្រូវកងទ័ពថៃ បាញ់សម្លាប់ដោយដាក់ចំណងជើងថា ទំនាក់ទំនងដ៏ខ្មៅងងឹតរវាងកម្ពុជា-ថៃ (HOW DARK IS THE DARK-SIDE OF THAILAND-CAMBODIAN RELATIONS)។
កាសែត ខៅស៊ុត ថាការរំឭកឡើងវិញពីអំពើឃោរឃៅនៅតំបន់ជួរភ្នំដងរែក និងតំបន់ភ្នំខ្មោចរបស់កងទ័ពថៃ លើពលរដ្ឋខ្មែរភៀសខ្លួនក្រោយដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាភាពអាម៉ាស់បំផុតសម្រាប់រដ្ឋថៃ ខណៈពលរដ្ឋថៃ ជំនាន់ក្រោយពិតជាមិនបានដឹងពីអំពើឃោរឃៅរបស់រដ្ឋាភិបាលខ្លួនឡើយ។
កាសែតដដែលនេះបញ្ជាក់ថា មានពលរដ្ឋខ្មែរជាង ៤ម៉ឺននាក់ (៤២០០០នាក់) ត្រូវបានកងទ័ពថៃ ដឹកយកទៅទម្លាក់ចោលនៅព្រំដែន និងប្រើកាំភ្លើងបាញ់រះទៅលើពួកគេ ដើម្បីបង្ខំឱ្យអ្នកទាំងនោះឆ្លងដែនចូលទៅក្នុងទឹកដីខ្មែរវិញដោយដើរកាត់តាមចម្ការមីន។
ប្រភពដដែលបញ្ជាក់ថា ពលរដ្ឋខ្មែរនៅពេលនោះត្រូវបានសម្លាប់ដោយការបាញ់រះរបស់កងទ័ពថៃ ផង សម្លាប់ដោយគ្រាប់មីនផង និងស្លាប់ដោយសារអត់អាហារផងដែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

