28.8 C
Phnom Penh

គណបក្ស​កម្លាំង​ជាតិ​សន្យា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា និង​ជនរងគ្រោះ​ដទៃ​ទៀត​ពេល​ខ្លួន​ដឹកនាំ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កម្លាំង​ជាតិ សន្យា​ថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​វីរជន​កម្មករ​ខ្មែរ លោក ជា វិជ្ជា និង​ជនរងគ្រោះ​ដទៃ​ទៀត ពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស។

គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​ក្នុង​ខួប ២២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ធ្វើ​ឃាត​លោក ជា វិជ្ជា នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​យ៉ាង​ឃោរឃៅ ខណៈ​ឃាតករ​ពិតប្រាកដ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ នៅតែ​គេច​ផុត​ពី​សំណាញ់​ច្បាប់​នៅឡើយ។

ប្រភព​ដដែល​លើកឡើង​ថា ការ​បាត់បង់​ជីវិត​របស់​លោក ជា វិជ្ជា គឺជា​ការ​លះបង់​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្រាប់​សេរីភាព​កម្មករ​ខ្មែរ និង​ជាតិ​មាតុភូមិ​កម្ពុជា ដែល​បាន​ចេញ​មុខ​ការពារ​ផលប្រយោជន៍ និង​សិទ្ធិ​សេរីភាព​កម្មករ​រហូត​មក។

ប៉ុន្តែ​រយៈពេល ២២​ឆ្នាំ​មក​នេះ គ្រួសារ​លោក ជា វិជ្ជា នៅតែ​មិន​ទាន់​ទទួល​បាន​ពន្លឺ​យុត្តិធម៌​នៅឡើយ ដែល​បន្សល់​នូវ​ចម្ងល់​ជាច្រើន​គ្មាន​ចម្លើយ ដូចជា ថា​តើ​អ្នក​ណា​សម្លាប់​លោក ជា វិជ្ជា? និង​ថា​តើ អ្នក​ណា​នៅ​ពីក្រោយ​ផែនការ​នេះ ជាដើម?

គណបក្ស​កម្លាំង​ជាតិ បញ្ជាក់​ថា សំណួរ​ដូច​គ្នា​ដដែល​នេះ​ក៏​ត្រូវ​បាន​ពលរដ្ឋ​ចោទ​សួរ​លើ​ឃាតកម្ម​លោក ឈុត វុទ្ធី និង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី រួម​ទាំង​ជនរងគ្រោះ​ជាច្រើន​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​នៅតែ​គ្មាន​ចម្លើយ​ដូច​គ្នា​នោះ។

ក្នុង​ខួប ២២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មករា ឆ្នាំ​២០២៦ នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ប្រមាណ​ជាង ៧០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ប្រារព្ធ​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​ស្តូប​រូបសំណាក​របស់​លោក ដែល​ស្ថិត​នៅ​ក្បែរ​វិមាន​ឯករាជ្យ ទល់​មុខ​វត្ត​លង្កា រួម​ទាំង​ដាក់​លិខិត​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ស្វែងរក​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​លោក​បន្ត​ទៀត​ដែរ។

ជុំវិញ​បញ្ហា​នេះ ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​ពិធី​នេះ​ថា អស់​រយៈពេល ២២​ឆ្នាំ​ហើយ​ដែល​ការ​ទាមទារ​យុត្តិធម៌​ជូន​លោក ជា វិជ្ជា នៅតែ​មិន​ទាន់​មាន​ពន្លឺ ដូច្នេះ​ការ​ស្វែងរក​យុត្តិធម៌​នេះ នឹង​មិន​ត្រូវ​បាន​បញ្ចប់​ឡើយ រហូត​ទាល់​តែ​យុត្តិធម៌​ពិតប្រាកដ​ត្រូវ​បាន​ផ្តល់​ជូន​រូបលោក​ពី​រដ្ឋាភិបាល​កម្ពុជា។

ចំណែក​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើង​ដែរ​ថា ការ​បាត់បង់​ជីវិត​របស់​លោក ជា វិជ្ជា គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​វីរភាព​របស់​គាត់​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​សង្គម​ជាតិ និង​សម្រាប់​ជនរងគ្រោះ​គ្រប់​រូប។

កញ្ញា ឈឹម ស៊ីថរ បញ្ជាក់​ថា ដោយសារ​វីរភាព​របស់​លោក ជា វិជ្ជា ដែល​បាន​បន្សល់​ទុក ក្រុម​សហជីព ក្រុម​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​សមាគម​នានា បាន​បន្ត​ស្មារតី​នេះ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​សង្គម​ជាតិ​ផង និង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដទៃ​ទៀត​ផង​ដែរ ដូចជា​លោក ជា វិជ្ជា ជាដើម។

រីឯ​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​លើកឡើង​ថា ប្រទេស​ជាតិ​មួយ​ដែល​មាន​យុត្តិធម៌​សង្គម​ពិតប្រាកដ គឺ​អាច​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​របស់​ពលរដ្ឋ ជាពិសេស​ជនរងគ្រោះ​ដែល​រង​ការ​ជិះជាន់ និង​គាបសង្កត់។ ជាង​នេះ​ទៀត ក៏​អាច​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន​ដែរ។

ដោយឡែក​អតីត​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​លើកឡើង​ថា ភាព​អង់អាច​ក្នុង​ការ​ដឹកនាំ​របស់​លោក ជា វិជ្ជា បាន​ធ្វើ​ឱ្យ​កម្មករ​និយោជិត​រួច​ផុត​ពី​ការ​គាបសង្កត់ និង​ការ​រំលោភ​សិទ្ធិ​ការងារ​គ្រប់​បែប​យ៉ាង ទោះ​ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ក៏ដោយ ក៏​កម្មករ​និយោជិត និង​សហជីព​បន្ត​ស្មារតី​នេះ​រហូត​ដល់​បច្ចុប្បន្ន​ដែរ។

លោក អាត់ ធន់ បញ្ជាក់​ថា លោក ជា វិជ្ជា និង​ក្រុម​គ្រួសារ​របស់​លោក មិន​ទទួល​បាន​យុត្តិធម៌​ពិត​នៅឡើយ​ទេ រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ ដូច្នេះ​ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត​ពី​ពលរដ្ឋ ក៏ដូចជា​កម្មករ​និយោជិត ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ ជាពិសេស​រាជរដ្ឋាភិបាល ត្រូវ​ធានា​ឱ្យ​មាន​យុត្តិធម៌​សង្គម​ពេញលេញ​ចំពោះ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​ទាំង​អយុត្តិធម៌​កន្លង​មក។

ឃាតករ​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​ខាងលិច​ក្រៅ​របង​វត្ត​លង្កា នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤។ ក្នុង​ឃាតកម្ម​នោះ មនុស្ស​ពីរ​នាក់ គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ដោយ​មិន​ត្រឹមត្រូវ​ថា​ជា​ឃាតករ ហើយ​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​រយៈពេល ៥​ឆ្នាំ។

យ៉ាងណាក៏ដោយ អ្នក​ឃ្លាំមើល អ្នក​សង្កេតការណ៍ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ តែងតែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្តល់​យុត្តិធម៌ ដោយ​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ និង​ឯករាជ្យ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​លោក ជា វិជ្ជា និង​ជនរងគ្រោះ​ផ្សេង​ទៀត​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ គណបក្ស​ជំនាន់​ថ្មី បាន​ចេញ​លិខិត​នៅ​ថ្ងៃទី​២២ មករា ដោយ​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​យុត្តិធម៌ ស្វែងរក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា និង​ជនរងគ្រោះ​ដទៃ​ទៀត ដើម្បី​លុបបំបាត់​និទ្ទណ្ឌភាព​ទៅ​ដល់​ជនល្មើស​ដែល​លួចលាក់​នៅ​ក្រៅ​អំណាច​ច្បាប់​អស់​រយៈពេល​ជាង ២​ទសវត្សរ៍​មក​នេះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស