មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រិះគន់ថា សង្គមមួយដែលគ្របដណ្ដប់ដោយព័ត៌មានប្រជាភិថុតិ និងបញ្ចើចបញ្ចើ ជាកត្តានាំឱ្យមន្ត្រីថ្នាក់លើសម្រេចចិត្តខុស ហើយក៏អាចធ្វើឱ្យប្រជាជន ឬសហគមន៍អន្តរជាតិ អស់ទំនុកចិត្តលើព័ត៌មានចេញពីសង្គមនោះដែរ។
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនដែលទំនងជារិះគន់សៀវភៅមួយក្បាលកំពុងត្រៀមបោះពុម្ព ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៦ មករា ថា ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះការផ្សព្វផ្សាយកុហក សូម្បីនិយាយការពិតក៏គ្មានអ្នកជឿដែរ ទោះបីក្រោយមកការផ្សព្វផ្សាយនោះជាការពិតក៏ដោយ។
មន្ត្រីរដ្ឋាភិបាលរូបនេះលើកឡើងថា ពាក្យទំនៀមបុរាណខ្មែរពោលថា «លើកឱ្យស្លាប់ បង្អាប់ឱ្យខ្លាំង» ប៉ុន្តែនិន្នាការសង្គមខ្មែរសព្វថ្ងៃនេះមិនស្របនឹងពាក្យទំនៀមនេះឡើយ ព្រោះថ្នាក់លើៗខ្លះមិនចង់ស្ដាប់ពាក្យពិតទេ តែពួកគេចង់ស្ដាប់តែពាក្យបញ្ចើចបញ្ចើ ពាក្យបញ្ជោរ ឬពាក្យផ្គាប់ចិត្តប៉ុណ្ណោះ។
លោកបន្តថា ចំណែកថ្នាក់ក្រោមខ្លះយល់សភាពការណ៍នេះ ក៏ប្រឹងប្រើប្រាស់ពាក្យពេចន៍ពីរោះៗដើម្បីផ្គាប់ចិត្តអ្នកលើដែរ ដើម្បីបានលាភសក្ការៈ បុណ្យសក្តិ កិត្តិយស ឬឥទ្ធិពល ប៉ុន្តែអ្នកទាំងនោះមិនបានស្រឡាញ់ថ្នាក់លើពិតប្រាកដនោះទេ ពួកគេកំពុងធ្វើអាជីវកម្មលើចំណង់ចំណូលចិត្តមន្ត្រីថ្នាក់លើរបស់ខ្លួនប៉ុណ្ណោះ។
បណ្ឌិត គិន ភា អះអាងថា របបមេនិយម បានរុញឱ្យមនុស្សភាគច្រើនសន្សំសុខរៀងៗខ្លួន ដោយប្រកាន់គំនិតថា មាត្រា១ មេមិនចេះខុស មាត្រា២ បើមេខុស មើលមាត្រា១ និងគំនិតមេចេះគ្រប់យ៉ាង ហើយគ្រប់យ៉ាងដែលមេចេះ គឺត្រូវទាំងអស់។
លោកបញ្ជាក់ទៀតថា គំនិតបែបនេះកំពុងត្រូវបានអនុវត្តស្ទើរតែគ្រប់ស្ថាប័ន និងអង្គភាពអស់ទៅហើយបច្ចុប្បន្ននេះ។
ការអះអាងនេះ ទំនងជាមានចេតនារិះគន់ខ្លឹមសារសៀវភៅមួយក្បាលរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលកំពុងចងក្រងជុំវិញសង្គ្រាមកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះ។
សៀវភៅមួយក្បាលដែលមានចំណងជើងថា «កម្ពុជាឈ្នះថៃ សម័យតេជោធិបតី» ត្រូវបានរៀបរៀង និងចងក្រងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ដែលបានលើកឡើងអំពីយុទ្ធសាស្ត្រសង្គ្រាមរបស់កម្ពុជាជាមួយថៃ ដែលបានផ្ទុះឡើងកាលពីអំឡុងឆ្នាំ២០២៥ កន្លងទៅ។
យ៉ាងណាក៏ដោយ ខ្លឹមសារក្នុងសៀវភៅនេះ មិនទាន់ត្រូវបានលាតត្រដាងសាធារណជននៅឡើយទេ ប៉ុន្តែគេគ្រាន់តែបានឃើញត្រឹមតែចំណងជើងប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ មករា ថា លោកបានចងក្រងសៀវភៅនេះតាំងពីអំឡុងខែមិថុនា ឆ្នាំ២០២៥ មក ដែលគ្រោងនឹងចងក្រងឱ្យបាន ១ពាន់ទំព័រ ខណៈពេលនេះទើបតែចងក្រងបានជាង ៧០០ទំព័រប៉ុណ្ណោះ។
លោក ទូច សុខៈ លើកឡើងថា ក្នុងសៀវភៅនេះ លោកបានលើកយកយុទ្ធសាស្ត្រធំៗចំនួន ៦ របស់កម្ពុជា ដែលមិនសំដៅតែការប្រើកម្លាំងហិង្សាមួយមុខនោះទេ ព្រោះលោកកាន់តែមើលឃើញពីយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាព និងទទួលផលវិជ្ជមានជាបន្តបន្ទាប់។
លោកថា ការប្រើពេលវេលា និងអត់ធ្មត់ នោះនឹងទទួលបានជោគជ័យ ព្រោះជ័យជម្នះនេះមិនមែនសំដៅតែកម្លាំងប្រដាប់អាវុធ ឬត្រូវបង្កើតសង្គ្រាមនោះទេ ខណៈយុទ្ធសាស្ត្រទាំង ៦ ដែលបានលើកយកមកបកស្រាយនេះ គឺជាជ័យជម្នះដោយថ្លៃថ្នូរ ស្របច្បាប់ ដែលថៃ ក៏អស់ចិត្ត និងទទួលយកបាន ពោលគឺសន្តិភាពយូរអង្វែងជាមួយគ្នា។
លោក ទូច សុខៈ បញ្ជាក់ថា លោកជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលលោកកំពុងប្រើយុទ្ធសាស្ត្រការពារជាតិ និងយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដោយសន្តិវិធី តាមនយោបាយការទូត និងផ្លូវច្បាប់ ដោយមិនយកប្រទេសណាមួយជាសត្រូវ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ថា យោធាថៃ បានឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ចំនួន ១៤តំបន់ ក្នុងខេត្តចំនួន៤ រួមមាន ខេត្តបន្ទាយមានជ័យ ៣តំបន់ ខេត្តពោធិ៍សាត់ ២តំបន់ ខេត្តព្រះវិហារ ៣តំបន់ និងខេត្តឧត្ដរមានជ័យ ៦តំបន់ផងដែរ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា អំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបើកការវាយប្រហារលើទីតាំងជាច្រើនដោយគិតទុកមុន និងជាប្រព័ន្ធមកលើទឹកដីកម្ពុជា ដើម្បីទន្ទ្រាន កាន់កាប់ និងឈរជើងលើទីតាំងទាំងនេះដោយខុសទៅនឹងច្បាប់អន្តរជាតិ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

