32 C
Phnom Penh

លោក ឆាំង យុ អះអាង​ថា​ភាគី​ថៃ បន្ទច់បង្អាក់​ដល់​កិច្ចការទូត​ករណី​ដែល​ប្ដឹង​មេដឹកនាំ​កំពូល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ អះអាង​ថា ការ​ដាក់​ពាក្យបណ្ដឹង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​កាន់​តុលាការ​ក្នុង​ស្រុក ស្រប​ពេល​ដែល​ការ​ចរចា​ការទូត​កំពុង​ប្រព្រឹត្ត​ឡើង គឺជា​ទង្វើ​មិន​ថ្លៃថ្នូរ ហើយ​អាច​ត្រឹមតែ​បង្ក​ការ​បន្ទច់បង្អាក់​ដល់​កិច្ចការទូត​តែប៉ុណ្ណោះ។

លោក ឆាំង យុ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថា ការ​ដាក់​ពាក្យបណ្ដឹង​រដ្ឋប្បវេណី​ដោយ​មន្ត្រី​ជាន់ខ្ពស់​ថៃ ប្រឆាំង​នឹង​មន្ត្រី​កម្ពុជា​នៅ​ក្នុង​តុលាការ​ក្នុង​ស្រុក​របស់​ថៃ ស្រប​ពេល​ដែល​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា កំពុង​បន្ត​ចរចា​លើ​ជម្លោះ​ព្រំដែន គឺ​មិន​ត្រឹមតែ​មិន​ស្រប​តាម​ស្មារតី​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​នេះ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ថែមទាំង​ជា​ទង្វើ​ដ៏​គួរ​ឱ្យ​អាម៉ាស់​មួយ ដោយ​បង្ហាញ​ថា រដ្ឋាភិបាល​ថៃ ហាក់ដូចជា​មិន​មាន​គោលនយោបាយ​ការបរទេស​រួបរួម​តែ​មួយ។

ប្រភព​ដដែល​អះអាង​ថា ទំនាក់ទំនង​ការទូត​ប្រកប​ដោយ​ប្រសិទ្ធភាព​រវាង​រដ្ឋ និង​រដ្ឋ គឺ​អាស្រ័យ​លើ​ការ​ឯកភាព​រួម​គ្នា​រវាង​បញ្ជាការ​យោធា និង​គោលនយោបាយ​ការបរទេស។ ប្រសិនបើ​មាន​ការ​ចេញ​បញ្ជា ឬ​គោលនយោបាយ​ដែល​មិន​ឯកភាព​គ្នា ដោយ​ផ្នែក​ម្ខាង​នៃ​រដ្ឋាភិបាល​ថៃ កំពុង​ស្វះស្វែងរក​ដំណោះស្រាយ​តាម​វិធាន​ការទូត ហើយ​ផ្នែក​ម្ខាង​ទៀត​នៃ​រដ្ឋាភិបាល​ថៃ បែរជា​ដោះស្រាយ​ដោយ​ប្រើប្រាស់​តុលាការ​ក្នុង​ស្រុក ឬ​អន្តរជាតិ​នោះ វា​នឹង​ចោទ​ជា​សំណួរ​ថា តើ​នរណា​ជា​អ្នក​គ្រប់គ្រង​រដ្ឋាភិបាល​ថៃ ឱ្យ​ពិតប្រាកដ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែ​មករា បាន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បណ្ដឹង​របស់​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ថៃ ដែល​បាន​ប្ដឹង​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​តុលាការ​ថៃ ដោយ​ចោទប្រកាន់​ថា គឺជា​អ្នក​បង្ក​ឱ្យ​មាន​សង្គ្រាម​នៅ​ព្រំដែន​កម្ពុជា-ថៃ។ រដ្ឋាភិបាល​កម្ពុជា អះអាង​ថា បណ្ដឹង​របស់​មន្ត្រី​ជាន់ខ្ពស់​ថៃ ដែល​ប្ដឹង​មេដឹកនាំ​កម្ពុជា នេះ កំពុង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​កសាង​ទំនុកចិត្ត និង​ផ្ទុយ​ពី​ស្មារតី​រួម​ក្នុង​ការ​អនុវត្ត​បទ​ឈប់​បាញ់។

ក្រសួង​ការបរទេស​កម្ពុជា ចាត់ទុក​ចំណាត់ការ​ផ្លូវច្បាប់​របស់​មន្ត្រី​កំពូល​ថៃ ប្រឆាំង​ក្រុម​មេដឹកនាំ​កំពូល​កម្ពុជា នេះ ថា​ផ្ទុយ​ពី​ស្មារតី​នៃ​ធម្មនុញ្ញ​អាស៊ាន និង​គោលការណ៍​មិត្តភាព​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​កន្លង​មក។

កាលពី​ថ្ងៃទី​២៧ ខែ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ លោក ឆាតឆៃ បាងឈូដ (Chatchai Bangchuad) បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក និង​ព្រះរាជអាជ្ញា បាន​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅ​តុលាការ​ក្នុង​ខេត្ត​សុរិន្ទ ដែល​លោក​ចោទ​ថា​ជា​អ្នក​បង្ក​ឱ្យ​មាន​សង្គ្រាម​ប្រយុទ្ធ​គ្នា​ដែល​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ របួស និង​ខូចខាត​ទ្រព្យ​ពលរដ្ឋ​ថៃ នៅ​តាម​ព្រំដែន។

មន្ត្រី​ជាន់ខ្ពស់​ថៃ រូប​នេះ​អះអាង​ថា ដំណើរការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​មេដឹកនាំ​កម្ពុជា នឹង​បន្ត​ដំណើរការ​ទៅ​មុខ ដោយសារ​ជា​ការ​សម្រេច​ចេញពី​ស្ដីទី​គណៈរដ្ឋមន្ត្រី ចំណែក​ដំណើរការ​ផ្លូវច្បាប់​នេះ គឺ​មាន​គោលបំណង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទទួល​ខុសត្រូវ​តាម​ផ្លូវច្បាប់ ទាំង​ផ្នែក​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ។

ប្រភព​ដដែល បញ្ជាក់​ថា នៅ​ពេល​ដំណើរ​ក្ដីក្ដាំ​ត្រូវ​បញ្ចប់ ប្រសិនបើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មាន​ទ្រព្យសម្បត្តិ​នៅ​ប្រទេស​ថៃ អាជ្ញាធរ​នឹង​រឹបអូស​ដើម្បី​លក់​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​រងគ្រោះ។ អាជ្ញាធរ​ថៃ ក៏​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ ដើម្បី​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សង្គ្រាម​វាយប្រហារ​ឈ្លានពាន​កម្ពុជា ដោយ​កម្លាំង​យោធា​ថៃ លើក​ទី​២ កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ បាន​ប្រើប្រាស់​គ្រឿង​សព្វាវុធ​ដែល​ច្បាប់​អន្តរជាតិ​ហាមឃាត់ ដូចជា ការ​បាញ់​ផ្សែង​ពុល និង​ទម្លាក់​គ្រាប់បែក​ចង្កោម​នៅ​តាម​ទីតាំង​ផ្ទះសម្បែង​ពលរដ្ឋ ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ វត្ត​អារាម សាលារៀន និង​បណ្ដាល​ឱ្យ​ស្លាប់​ជនស៊ីវិល​យ៉ាងហោច ៣០​នាក់ និង​របួស​ជិត ១០០​នាក់៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស