ក្រសួងការបរទេស ជំទាស់ដាច់អហង្ការចំពោះដំណើរទស្សនកិច្ចត្រួតពិនិត្យទីតាំងសណ្ឋាគារក្នុងស្រុកអូស្មាច់ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំនៃប្រធានចារកម្មកងទ័ពថៃ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលប្រទេសកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣ កុម្ភៈ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៤ កុម្ភៈ នេះថា ប្រធានចារកម្មកងទ័ពថៃ បានដឹកនាំសេនានុព័ន្ធបរទេសជាច្រើនចូលទៅត្រួតពិនិត្យសណ្ឋាគារ និងទីតាំងក្បែរបង្គោលព្រំដែនលេខ១៥ ចម្ងាយជិត ៤០០ម៉ែត្រ (៣៩៧ម៉ែត្រ) ពីច្រកអន្តរជាតិអូស្មាច់ ដែលថាយោធាថៃ កំពុងកាន់កាប់ដោយខុសច្បាប់លើទឹកដីខ្មែរនោះ។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពយោធាថៃ បែបនេះ គឺជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ព្រោះសណ្ឋាគារ និងទីតាំងដែលត្រូវបានភាគីថៃ ធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ គឺស្ថិតនៅចម្ងាយ ៣៩៧ម៉ែត្រពីច្រកអន្តរជាតិអូស្មាច់ ដែលស្ថិតនៅក្បែរបង្គោលព្រំដែនលេខ១៥ ក្នុងទឹកដីប្រទេសកម្ពុជា។
ប្រភពដដែល អះអាងថា តំបន់នោះត្រូវបានភាគីថៃ ដណ្តើមយកដោយការប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយប្រហាររបស់ពួកគេមកលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
ក្រសួងការបរទេសប្រទេសកម្ពុជា បដិសេធ និងជំទាស់ដាច់អហង្ការចំពោះប្រតិបត្តិការដែលធ្វើឡើងដោយកងកម្លាំងយោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យថៃ ដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដោយរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យប្រទេសកម្ពុជា នោះ។
កាសែតថៃ ខៅស៊ុត បានរាយការណ៍កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ប្រធានចារកម្មយោធាថៃ បានដឹកនាំសេនានុព័ន្ធបរទេសមកពីប្រទេសចំនួន ២០ មន្ត្រី FBI សហរដ្ឋអាមេរិក និងអ្នកកាសែតបរទេសផងដែរ ដើម្បីត្រួតពិនិត្យមូលដ្ឋានដែលសង្ស័យថាជាកន្លែងបោកប្រាស់តាមបណ្តោយព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា។
អគ្គនាយកនៃនាយកដ្ឋានចារកម្មកងទ័ពជើងគោកថៃ ឧត្ដមសេនីយ៍ឯក ធីរ៉ាណាន់ ណាន់តា-ក្វាង អះអាងថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃបេសកកម្ម “បើកចំហ” ដែលមានគោលបំណងជូនដំណឹងដល់សហគមន៍អន្តរជាតិអំពីឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ព្រំដែនឆុងឆុម-អូស្មាច់ នៃខេត្តសុរិន្ទ។
យ៉ាងណាក៏ដោយ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានចាត់ទុកសម្ដីរបស់កងទ័ពភូមិភាគទី២ ថៃ ថាជាចេតនាប្រើលេសប្តូរឈ្មោះពីសង្គ្រាមឈ្លានពានទឹកដីខ្មែរ ទៅជាសង្គ្រាមបំផ្លាញឧក្រិដ្ឋកម្មវិញ (Scam) ដើម្បីឈ្លានពានប្រទេសដទៃទៀត ដូចជាប្រទេសឡាវ និងភូមា ជាដើម។
ក្នុងពេលជាមួយគ្នានេះ កាសែតថៃ The Nation បានស្រង់សម្ដីអ្នកនាំពាក្យយោធាថៃ ចុះផ្សាយដែលថ្លែងថា យោធាថៃ ធ្វើប្រតិបត្តិការតែក្នុងបរិវេណដែនដីតាមប្រយោគ២ នៃកិច្ចព្រមព្រៀងរួមគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ដែលចែងថា ហាមមិនឲ្យចល័តកងទ័ពចុះឡើង ចេញចូល បន្ថែម ប្រឈមមុខគ្នានឹងភាគីខ្មែរ ដែលមិនផ្ទុយពីកិច្ចព្រមព្រៀងអន្តរជាតិ។
ឧត្ដមសេនីយ៍ទោ វិនថៃ ស៊ុវ៉ារី បន្ថែមថា ក្នុងប្រតិបត្តិការ យោធាថៃ បានរកឃើញព័ស្តុតាង និងវត្ថុតាងជាច្រើនបែបនៅក្នុងសណ្ឋាគារជាប់ព្រំដែន មានតាំងពីឯកសណ្ឋានប៉ូលិសក្លែងក្លាយ បន្លំ ដែលក្រុមឆបោកបានប្រើប្រាស់បោកពលរដ្ឋថៃ និងពលរដ្ឋប្រទេសឯទៀត៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

