32.1 C
Phnom Penh

យុវ​សិស្ស​និង​និស្សិត​ទូទាំង​ប្រទេស​អ៊ីរ៉ង់ នាំគ្នា​ដើរ​ចេញពី​សាលារៀន​ប្រឆាំង​នឹង​របប​ក្រុង​តេហេរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិស្សានុសិស្ស​ជាច្រើន​នៅ​តាម​សាលារៀន​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ក្នុង​សប្តាហ៍​នេះ បាន​ប្រមូលផ្ដុំ​គ្នា​ចូលរួម​យ៉ាង​ភ្លូកទឹកភ្លូកដី​ដើម្បី​ប្រឆាំង​នឹង​វិធានការ​គ្រប់គ្រង​ពី​រដ្ឋាភិបាល​របស់​ពួកគេ។ នេះ​បើ​តាម​គេហទំព័រ​សារព័ត៌មាន Iran International ចុះផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

សកម្មភាព​នៃ​ការ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​របប អាយ៉ាតូឡា អាលី ខាមេនី ឬ​របប​សាធារណរដ្ឋ​ឥស្លាមិក​អ៊ីរ៉ង់ នេះ ត្រូវ​បាន​គេ​ដឹង​ថា​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តា​វិទ្យាល័យ និង​អនុវិទ្យាល័យ​ជាច្រើន​ក្នុង​គោលបំណង​ទាមទារ​សិទ្ធិ និង​ការ​បើក​សិទ្ធិ​សេរីភាព​ទូលំទូលាយ​ក្នុង​ការ​បញ្ចេញមតិ​អំពី​បញ្ហា​សង្គម​ជាតិ។

ការ​តវ៉ា​នេះ ត្រូវ​បាន​រៀបចំ​ដោយ​សមាគម​គ្រូបង្រៀន​មួយ​ដែល​មាន​ឈ្មោះ​ថា “union-one”។ សមាគម​នេះ​ជា​ក្រុម​គ្រូបង្រៀន​ឯករាជ្យ​ដ៏​ធំ​មួយ​ដែល​នៅតែ​បន្ត​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស។

សមាជិក និង​មេដឹកនាំ​របស់​ពួកគេ​បាន​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង ការ​ឃុំ​ខ្លួន និង​ការ​ចូល​ពន្ធនាគារ​ជាច្រើន​នាក់ ប៉ុន្តែ​ការ​គំរាមកំហែង​មិន​បាន​រារាំង​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥស្លាមិក​អ៊ីរ៉ង់ ឡើយ។ ពួកគេ​បន្ត​បណ្តុះបណ្តាល និង​លើកស្ទួយ​សិស្សានុសិស្ស​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​សង្គម។ ការ​តវ៉ា​ពី​សិស្សានុសិស្ស​នេះ បង្ហាញ​ថា​យុវជន​នៅ​អ៊ីរ៉ង់ ជា​មនុស្ស​ដើរ​ទាន់​សម័យ មាន​ការ​រៀនសូត្រ​ចេះដឹង​ខាង​បច្ចេកវិទ្យា។

វីដេអូ​ដែល​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត បាន​បង្ហាញ​ពី​សិស្សានុសិស្ស​ភាគច្រើន​ជា​ក្មេងស្រី បាន​ជួបជុំ​គ្នា និង​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ​ក្នុង​សាមគ្គីភាព​ជាមួយ​ជនរងគ្រោះ ដោយ​កង​ឆ្មាំ​បដិវត្តន៍​នៃ​របប​សាធារណរដ្ឋ​ឥស្លាមិក​អ៊ីរ៉ង់ បាញ់​សម្លាប់។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក Amir Hossein Rahimi បាន​ទទួលស្គាល់​ថា អនីតិជន​មួយ​ចំនួន​នៅតែ​ត្រូវ​បាន​គ្រប់គ្រង​ក្នុង​ការ​ឃុំ​ខ្លួន​ដោយ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា ហើយ​អាជ្ញាធរ​ខិតខំ​ធានា​ការ​ដោះលែង​អ្នក​ដែល​មិន​ទាន់​ពេញ​វ័យ​មួយ​ចំនួន។

តាម​សេចក្តី​រាយការណ៍​ពី​អង្គការ​សិទ្ធិមនុស្ស ភាគច្រើន​នៃ​អ្នក​ស្លាប់ និង​អ្នក​ចាប់​ខ្លួន​មាន​អាយុ​ក្រោម ៣០​ឆ្នាំ រួម​ទាំង​សិស្សានុសិស្ស និង​អនីតិជន។

អ្នកវិភាគ Abbas Abdi បាន​បញ្ជាក់​ថា យុវជន​ជំនាន់​ក្រោយ​ប្រឈមមុខ​នឹង​សម្ពាធ​ច្រើន រួម​ទាំង​ការ​លំបាក​ខាង​សេដ្ឋកិច្ច ការ​ពង្រីក​ខុស​គ្នា​រវាង​ច្បាប់ និង​ការ​ខ្វះ​ទស្សនវិស័យ​នយោបាយ​មួយ​ត្រឹមត្រូវ​ដើម្បី​អនាគត​យុវជន។ អ្នកវិភាគ Abbas Abdi បាន​ព្រមាន​ថា ប្រសិនបើ​សម្ពាធ​នេះ​មិន​បាន​ដោះស្រាយ វា​អាច​បង្ក​អស្ថិរភាព​រយៈពេល​វែង​ដល់​សង្គម និង​រដ្ឋាភិបាល។

ក្រៅពី​ការ​ផ្ទុះ​ឡើង​នូវ​បាតុកម្ម​ពី​សំណាក់​សិស្សានុសិស្ស​នៅ​តាម​បណ្តា​សាលារៀន​នានា​ទូទាំង​ប្រទេស​អ៊ីរ៉ង់ គេ​ក៏​ឃើញ​នូវ​វត្តមាន​យ៉ាង​គគ្រឹកគគ្រេង​ពី​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ​ចំនួន បាន​នាំគ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ខ្លួន​ដែរ។

តាម​តំណាង​សិទ្ធិមនុស្ស​នៃ​ក្រុម​សិទ្ធិមនុស្ស Hrana ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា​មាន​អ្នក​ស្លាប់​យ៉ាងហោចណាស់ ៧០០០​នាក់ មាន​អ្នក​តវ៉ា​ជា​យុវជន និង​មនុស្ស​វ័យ​ចំណាស់ ៦៤៨៨​នាក់ និង​កុមារ ២៣៦​នាក់។ សេចក្តី​រាយការណ៍​ខ្លះ​ថា​អ្នក​ស្លាប់​ផ្សេង​ទៀត​សរុប​ប្រហែល ១១០០០​នាក់។

យ៉ាងណា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​និយាយ​ថា​មាន​អ្នក​ស្លាប់​ប្រហែល ៣២០០០​នាក់ ប៉ុន្តែ​រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​អះអាង​ថា​ចំនួន​មនុស្ស​ស្លាប់​ត្រឹម ៣១១៧​នាក់​ប៉ុណ្ណោះ។

នៅ​ពេល​ដែល​សាកលវិទ្យាល័យ​ត្រូវ​បាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ និស្សិត​ជាច្រើន​បាន​នាំគ្នា​បន្ត​ផ្ទុះ​បាតុកម្ម​នៅ​តាម​សាកលវិទ្យាល័យ​ជាច្រើន​ក្នុង​ទីក្រុង​ធំៗ ដូចជា តេហេរ៉ង់ Mashhad និង Isfahan។

តាមរយៈ​វីដេអូ​ដែល​ផ្ទៀងផ្ទាត់​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC និស្សិត​នៅ​សាកលវិទ្យាល័យ al-Zahra ជាពិសេស​និស្សិត​ស្រី​បាន​នាំគ្នា​ស្រែក​ពាក្យស្លោក​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​ក្រុម អាយ៉ាតូឡា អាលី ខាមេនី និង​ដុត​ទង់ជាតិ​សាធារណរដ្ឋ​អ៊ីស្លាម ខណៈ​និស្សិត​នៅ​សាកលវិទ្យាល័យ​តេហេរ៉ង់ ស្រែក​ថា “ស្ត្រី ជីវិត សេរីភាព” ដើម្បី​ផ្តល់​កម្លាំង​ដល់​ចលនា​តវ៉ា​កាលពី​ឆ្នាំ​២០២២ បន្ទាប់ពី​ការ​ស្លាប់​នារី​វ័យក្មេង កញ្ញា Mahsa Amini។

ជាមួយ​គ្នា​នេះ គេ​ក៏បាន​មើល​ឃើញ​ពី​ទិដ្ឋភាព​នៃ​ការ​លើក​បង្ហាញ​ទង់ជាតិ​រូបតំណាង “តោ និង​ព្រះអាទិត្យ” ដែល​ជា​ទង់ជាតិ​នៃ​របប​រាជានិយម​មុន​ក្រុម​បដិវត្តន៍​ឆ្នាំ​១៩៧៩ ឡើង​កាន់​អំណាច និង​ការ​ស្រែក​គាំទ្រ​ដល់ Reza Pahlavi ជា​រាជទាយាទ​ស្តេច Shah នៃ​ប្រទេស​អ៊ីរ៉ង់ ព្រមទាំង​ការ​តវ៉ា​ប្រឆាំង​កំពូល​ជន​ផ្ដាច់ការ Ayatollah Ali Khamenei។

ព្រឹត្តិការណ៍​នេះ​ក៏​នាំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​រវាង​និស្សិត និង​ក្រុម​កង​សន្តិសុខ Basij ដែល​ជា​កងកម្លាំង​ស្ម័គ្រចិត្ត​របស់​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់​ផង​ដែរ។ នេះ​ជា​ការ​បង្ហាញ​ពី​ភាព​តានតឹង និង​ការ​ប្រកួតប្រជែង​រវាង​ក្រុម​បាតុករ​និស្សិត និង​អាជ្ញាធរ​នៃ​របប​សាធារណរដ្ឋ​ឥស្លាមិក​អ៊ីរ៉ង់៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស